ភ្នំពេញ៖ ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសនានាលើពិភពលោកដែរ តែងតែមានទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និង ប្រទេសនានាលើពិភពលោក ដែលក្នុងនោះក៏មានប្រទេសមហាអំណាច ដូចជា ប្រទេសចិន សហរដ្ឋអាមេរិក រុស្ស៊ី បារាំង អង់គ្លេស ផងដែរ។ ក្នុងទំនាក់ទំនងទាំងនេះ មានល្អផង និង មិនល្អផង អាស្រ័យលើរបត់នយោបាយអន្តរជាតិ និង ព្រឹត្តិការណ៍ធំៗក្នុងពិភពលោក ដូចជា សង្គ្រាមលោក, សង្គ្រាមត្រជាក់ និង វិបត្តិសាកលផ្សេងៗទៀត ជាដើម។ លើសពីនេះ វាក៏អាស្រ័យលើការបែកបាក់ផ្ទៃក្នុងរបស់កម្ពុជា ក្នុងយុគនៃសង្គ្រាមស៊ីវិលផងដែរ។ ឆ្លងតាមបទពិសោធដ៏ច្រើនក្នុងប្រវត្តិសាស្ត្រនេះ តើកម្ពុជាបច្ចុប្បន្ន គួរប្រកាន់គោលជំហរនយោបាយការបរទេសបែបណា ដើម្បីកុំឱ្យក្លាយទៅជាប្រទេសរងគ្រោះ?
ឆ្លងតាមបទពិសោធក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាមួយប្រទេសជិតខាង កម្ពុជាក៏ធ្លាប់ជាមិត្តផងនិងជាសត្រូវផងដែរ។ ក្នុងអតីតកាល កម្ពុជាធ្លាប់ធ្វើសង្គ្រាមជាមួយប្រទេសសៀម និង ប្រទេសវៀតណាម។ ប៉ុន្តែ ក្រោយមក កម្ពុជា វៀតណាម និង ឡាវ ដែលជាប្រទេសជិតខាងនឹងគ្នា ក៏ធ្លាប់ជាមិត្តស្លាប់រស់នឹងគ្នាដែរ ដូចជា ការចូលរួមបានបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិនជាមួយគ្នានៅឆ្នាំ១៩៣០ ដើម្បីតស៊ូប្រឆាំងនឹងរបបអាណានិគមនិយមបារាំង ដែលជាសត្រូវរួម ជាដើម។ បក្សនេះ មានបេសកកម្មមួយ ដើម្បីដឹកនាំកម្ពុជា លាវ និង វៀតណាម នៅក្នុងការតស៊ូរបស់ខ្លួនប្រឆាំងនឹងអាណានិគមនិយមបារាំង ដើម្បីរំដោះប្រទេសទាំងបី កសាងបាននូវសហព័ន្ធមួយ ដែលមានស្ថាប័នគ្រប់វិស័យ គឺយោធា សេដ្ឋកិច្ច នយោបាយ និង ក្នុងវិស័យដទៃទៀត។
បន្ទាប់មក ក្រោយពីរបបអាណានិគមនិយមបារាំង និង អាណាព្យាបាលបារាំងត្រូវបានផ្ដួលរំលំទៅ ប្រទេសវៀតណាម គឺជាប្រទេសមួយដែលទទួលបានមរតកល្អប្រសើរជាងគេ ពោលគឺ វៀតណាម បានទទួលដែនដីតុងកឹង អាណ្ណាម និង កូសាំងស៊ីន(កម្ពុជាក្រោម)មកត្រួតត្រាក្នុងកណ្ដាប់ដៃរបស់ខ្លួន។ ឯកកម្ពុជាវិញ ថ្វីបើទទួលបានឯករាជ្យពីបារាំង ប៉ុន្តែ កម្ពុជាមិនត្រឹមតែមិនទទួលបានមរតកល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានបាត់បង់ទឹកដីរបស់ខ្លួនមួយចំណែកធំទៅប្រទេសវៀតណាម និង ប្រទេសសៀមទៀតផង។ ចំណែកឯព្រំដែនរបស់ខ្លួនដែលបានបន្សល់ទុកពីសម័យនោះ ក៏មិនសូវមានភាពច្បាស់លាស់ដែរ ដែលបានធ្វើឱ្យកម្ពុជាចេះតែបន្តបាត់បង់ទឹកដីបន្ថែមទៀត និង មានជម្លោះជាមួយប្រទេសជិតខាងពីព្រោះតែបញ្ហាព្រំដែននេះជាញឹកញាប់។
ក្រោយមកទៀត ក្នុងទសវត្សឆ្នាំ១៩៧០, ទសវត្សឆ្នាំ១៩៨០ និង បន្តរហូតដល់ ឆ្នាំ១៩៩៨ ក្នុងពេលដែលកម្ពុជាកំពុងមានសង្គ្រាមស៊ីវិល ភាគីខ្មែរនីមួយៗ សុទ្ធតែបានជាប់ពាក់ព័ន្ធនឹងការពឹងពាក់បរទេស ទាំងកម្រិតប្រទេសជិតខាង មានវៀតណាម និង ថៃ ជាដើម និង ទាំងកម្រិតតំបន់និងមហាអំណាចមាន ចិន រុស្ស៊ី អាមេរិក ជាដើម។
ចំពោះទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសមហាអំណាចវិញ កម្ពុជាក៏មានបទពិសោធច្រើនដែរ ដែលក្នុងនោះ អ្នកដឹកនាំខ្មែរសម័យមុននិងបច្ចុប្បន្ន សុទ្ធតែធ្លាប់និងកំពុងមានទំនាក់ទំនងជាមួយប្រទេសទាំងនោះ ដូចជា បារាំង សហរដ្ឋអាមេរិក ប្រទេសចិន និង ប្រទេសរុស្ស៊ី ជាដើម។ គោលបំណងនៃការធ្វើ ទំនាក់ទំនងជាមួយប្រទេសទាំងនោះ គឺដើម្បីប្រឆាំងនឹងការឈ្លានពានរបស់បរទេសផង និង ប្រឆាំងនឹងភាគីខ្មែរគ្នាឯងផងដែរ។ លើសពីនេះទៀត ការមានទំនាក់ទំនងនេះ ក៏ជាការស្វែងរកដៃគូរអភិវឌ្ឍន៍ ជារូបភាពនៃសមាហរណកម្មក្នុងតំបន់ និងពិភពលោក ហើយក៏ជានិន្នាការនៃសង្គ្រាមត្រជាក់ផងដែរ។
ជារួម ឆ្លងតាមប្រវត្តិសាស្ត្រ ក្រោយពីកម្ពុជាបានធ្លាក់ចុះពីសម័យមហានគរ ជាបន្តបន្ទាប់មក ទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និង ប្រទេសមហាអំណាច បានបង្ហាញឱ្យឃើញថា កម្ពុជា មិនសូវទទួលបានផ្លែផ្កាជាវិជ្ជមានទេ មិនសូវមានសមភាពទេ ឬ អាចនិយាយបានថា មានគ្រោះច្រើនជាងលាភ។ ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ក៏កម្ពុជា មិនអាចស្ថិតនៅឯកោបានដែរ។ កន្លងមកកម្ពុជា ក៏ធ្លាប់ប្រកាន់យកគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធដែរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលចលនានេះមានគោលបំណងធានាឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និង សន្តិសុខនៃបណ្ដារដ្ឋជាសមាជិក ក្នុងការតស៊ូប្រឆាំងចក្រពត្តិនិយម អាណានិគមនិយម អាណានិគមនិយមបែបថ្មី ការប្រកាន់ពូជសាសន៍និយម និង រាល់ទម្រង់នៃការឈ្លានពាន ការកាន់កាប់ ការគ្រប់គ្រង ការជ្រៀតជ្រែក ឬ អនុត្តរភាព ក៏ដូចជាការប្រឆាំងនឹងមហាអំណាច និង ប្លុកនយោបាយដែរ។ ប៉ុន្តែ កម្ពុជា ក៏នៅតែមិនអាចគេចផុតពីចរន្តនៃឥទ្ធិពលនយោបាយអន្តរជាតិ ដូចដែលបានលើឡើងខាងលើដែរ។
ហេតុនេះ អ្នកដឹកនាំកម្ពុជាបច្ចុប្បន្ន ត្រូវតែដកស្រង់យកមេរៀនពីមេដឹកនាំកម្ពុជាក្នុងអតីតកាល ឬ មេរៀនប្រវត្តិ-សាស្ត្រ មកកែច្ឆៃធ្វើយ៉ាងណា ឱ្យគោលនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន ក្លាយជាគោលនយោបាយមួយមានឯករាជ្យភាព អធិបតេយ្យភាព ដែលអាចរួមរស់ ស្មើមុខ ស្មើមាត់ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និង ប្រទេសនានាក្នុងពិភពលោក។ ជាពិសេស ត្រូវជៀសវាងបទពិសោធអាក្រក់ ដូចជា ការដាក់ប្រទេសឱ្យស្ថិតនៅក្រោមអាណានិគម, អាណាព្យាបាល ឬ ក្រោមរណប ប្រទេសណាមួយ ដើម្បីប្រឆាំងនឹងខ្មែរគ្នាឯង ដើម្បីផលប្រយោជន៍ ឬ ធ្វើឡើងក្នុងហេតុផលណាមួយ ដែលមិនត្រឹមត្រូវ ដូចជា ក្នុងយុគសង្គ្រាមត្រជាក់ ដែលភាគីខ្មែរធ្លាប់ពឹងអាមេរិក ចិន ថៃ និង វៀតណាម ជាដើម។
ជាការណ៍ពិត កម្ពុជាមិនត្រូវយកប្រទេសណាមួយធ្វើជាសត្រូវរបស់ខ្លួនទេ ប៉ុន្តែ កម្ពុជា ក៏ត្រូវតែរក្សាសិទ្ធិការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាព និង ការពារខ្លួនពីការការឈ្លានពានដែរ។ បច្ចុប្បន្ន ថ្វីបើកម្ពុជាបន្តធ្វើជាមិត្តរបស់ប្រទេសថៃ វៀតណាម អាមេរិក ចិន បារាំង និង ប្រទេសផ្សេងៗទៀតក៏ដោយ ក៏កម្ពុជា មិនត្រូវដើរតាមលំនាំចាស់ដូចក្នុងសម័យកាលសង្គ្រាមត្រជាក់ និង យុគសង្គ្រាមស៊ីវិលនៅកម្ពុជា ដូចជា របបសាធារណរដ្ឋខ្មែរធ្វើជាមួយអាមេរិក, របបខ្មែរក្រហមធ្វើជាមួយចិន, របបសាធារណរដ្ឋប្រជាមានិតកម្ពុជាធ្វើជាមួយវៀតណាមដែរ។
កម្ពុជា គួរប្រកាន់យកគោលនយោបាយផ្ទៃក្នុង និង គោលនយោបាយការបរទេសមួយច្បាស់លាស់ ដែលមិនដើរតាមលំនាំកុម្មុយនីស្តទាំងស្រុង ហើយក៏មិនគួរដើរតាមប្រជាធិបតេយ្យទាំងស្រុងដែរ។ ម្យ៉ាងទៀត កម្ពុជា មិនគួរយកប្រទេសណាមួយជាមិត្តជិតស្និទបំផុត ដើម្បីប្រឆាំងទៅនឹងប្រទេសណាមួយទៀតនោះទេ។ ពីព្រោះទ្រឹស្ដីនយោបាយទាំងពីរ គឺកុម្មុយនីស្ត និង ប្រជាធិបតេយ្យ មិនមែនជាទ្រឹស្ដីដែលល្អខ្ចោះនោះទេ។
បើពិនិត្យជារួម ក្នុងពិភពលោកបច្ចុប្បន្ន ការអនុវត្តទ្រឹស្ដីទាំងពីរនេះ ត្រូវបានគេផ្លាស់ប្ដូរខុសពីភាពដើមច្រើនហើយ។ ជាក់ស្ដែង ប្រទេសកុម្មុយនីស្តធំៗ ដូចជា ចិន រុស្ស៊ី វៀតណាម ជាដើម ថ្វីបើនៅរក្សាឈ្មោះជាកុម្មុយនីស្ត ប៉ុន្តែ ខ្លឹមសារខាងក្នុងរបស់វាត្រូវបានផ្លាស់ប្ដូរហើយ ទាំងនយោបាយនិងសេដ្ឋកិច្ច។ ដូចគ្នាដែរ ប្រទេសប្រជាធិបតេយ្យ ទាំងអស់ ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស ជប៉ុន សឹង្ហបុរី និង ថៃ ជាដើម ក៏មិនមានលក្ខណៈដូចគ្នាទាំងស្រុង និង មិនបានរក្សាភាពដើមទាំងស្រុងរបស់ខ្លួនដែរ។
ហេតុនេះ គ្មានហេតុផលអ្វីដែលកម្ពុជា ត្រូវដើរតាមចិន ឬ អាមេរិក ឬ ដឹកនាំតាមបែបកុម្មុយនីស្ត ឬ បែប ប្រជាធិបតេយ្យដាច់ខាតនោះទេ។ កម្ពុជា ត្រូវចេះសំយោគចំណុចល្អៗនៃទ្រឹស្ដីទាំងពីរ និង ទ្រឹស្ដី ឬ គតិបណ្ឌិតដឹកនាំរបស់អតីតព្រះមហាក្សត្រខ្មែរ ដូចជា ព្រះបាទជយវរ្ម័នទី៧, សម្ដេច នរោត្តម សីហនុ និង អ្នកប្រាជ្ញខ្មែរដទៃទៀត ដើម្បីធ្វើយ៉ាងណា ឱ្យសង្គមខ្មែររស់នៅក្នុងសន្តិភាព សន្តិសុខ ឯករាជ្យ អធិបតេយ្យ នីតិរដ្ឋ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង សុខដុមនីយកម្មយូរអង្វែង៕