ជាតិ
បទវិភាគ
ថ្ងៃទី ១៤ កុម្ភៈ វិញ្ញាសានៃការតម្រង់ទិសសង្គម!
× នៅមុនទិវានៃក្តីស្រឡាញ់ Valentine’s Day ថ្ងៃទី១៤កុម្ភៈឆ្នាំនេះ មានសកម្មភាពជាច្រើនត្រូវបានរៀបចំធ្វើឡើងដើម្បីផ្តល់សារអប់រំយុវវ័យកុំឲ្យយកទិវានេះបង្កើតការសប្បាយភ្លើតភ្លើនខុសពីក្បួនតម្រា។ សកម្មភាពទាំងនោះបានធ្វើឲ្យយុវវ័យមិនសូវគឃ្លើនជាចំហពេកចំពោះ Valentine’s Day ។ យ៉ាងណាក៏ដោយ ក្រុមយុវវ័យឆ្លៀតឱកាសជាច្រើននៅតែយកថ្ងៃនេះដើម្បីសប្បាយខុសប្រពៃណីដដែល។ នេះជាវិញ្ញាសានៃការតម្រង់ទិសសង្គមដែលគួរដកពិសោធ។
ថ្ងៃទី១៤កុម្ភៈឆ្នាំនេះ សកម្មភាពនៃការទប់ស្កាត់ភាពភ្លើតភ្លើនរបស់យុវវ័យខ្មែរហាក់មានភាពផុលផុសជាងពេលណាៗទាំងអស់។ អង្គការ ស្ថាប័ននានា រាប់ទាំងក្រសួងអប់រំផងបានធ្វើសកម្មភាពសំដៅពញាក់ស្មារតីយុវវ័យឲ្យប្រុយងប្រយ័ត្នកុំយកទិវានេះទៅប្រព្រឹត្តមិនគួរគប្បីខុសគន្លងប្រពៃណី។
សារព័ត៌មានជាច្រើនក៏បាននាំគ្នានិយាយពីបញ្ហានេះដោយបង្ហាញឧទាហរណ៍ជាច្រើនដែលជាគ្រោះថ្នាក់សម្រាប់យុវវ័យខ្មែរ។ ឪពុកម្តាយជាច្រើនក៏ហាក់បានព្យាយាមឃុំគ្រង កូនៗក្នុងថ្ងៃនោះដែរ ពោលគឺទាំងអស់គ្នាហាក់បានចូលរួមយ៉ាងសកម្មដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលកំពុងបង្ហាញឡើងយ៉ាងច្បាស់នៅចំពោះមុខយើង។ ទាំងនេះជាសញ្ញាល្អមួយសម្រាប់សកម្មភាពតម្រង់ទិសសង្គម ដែលទោះតិចឬច្រើនវាច្បាស់ជាមានលទ្ធផលជាមិនខាន។
តាមពិត ទិវានៃក្តីស្រឡាញ់ឬValentine’s Day ហាក់មានសភាពស្ងប់ស្ងាត់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ បន្ទាប់ពីមានសកម្មភាពគគ្រឹកគគ្រេងក្នុងការធ្វើសកម្មភាពពីគ្រប់មជ្ឈដ្ឋាន។ ហេតុដូច្នេះហើយបានជា យុវវ័យមិនសូវមានសកម្មភាពជ្រួលជ្រើម អនាធិបតេយ្យដូចកាលពីឆ្នាំមុនៗពេកទេ។ នេះសបញ្ជាក់ថា យុវវ័យជាច្រើនបានទទួលសារអប់រំ ហើយមានភាពប្រយ័ត្នប្រយែងជាងមុនបើទោះបីជាទិវានេះនៅតែជាការពេញនិយមយ៉ាងខ្លាំងរបស់យុវវ័យខ្មែរក៏ដោយ។
អ្វីដែលគេសង្កេតឃើញមានការប្រែប្រួលជាទូទៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺ សកម្មភាពថ្ងៃទី ១៤ កុម្ភៈហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែ នៅជាទូទៅ ពេលល្ងាច និងពេលយប់ ចរាចរណ៍ក្នុងទីក្រុងភ្នំពេញ មានសភាពណែនណាន់តាន់តាប់ខុសពីធម្មតា។ ភោជនីយដ្ឋាននានាពោរពេញដោយមនុស្សដែលអ្នកខ្លះជួបជុំពិសារអាហាររួមគ្នាជាលក្ខណៈគ្រួសារ និងខ្លះទៀតជាលក្ខណៈគូសង្សារ។ ទិដ្ឋភាពនេះបង្ហាញថា ទិវា Valentine’s Day នៅតែមានឥទ្ធិពលយ៉ាងខ្លាំងមិនត្រឹមតែសម្រាប់យុវវ័យប៉ុណ្ណោះទេ តែក៏មានដែរក្នុងចំណោមមនុស្សទូទៅ។
ទោះបីជាឪពុកម្តាយជាច្រើនបានព្យាយាមឃុំគ្រងកូនក្នុងថ្ងៃទី ១៤ កុម្ភៈ ប៉ុន្តែ ក៏នៅតែមានឪពុកម្តាយជាច្រើនទៀតបណ្តោយកូនឲ្យចេញក្រៅម្នាក់ឯងក្នុងថ្ងៃ Valentine’s Day ដែលអនុញ្ញាតឲ្យពួកគេនៅតែមានឱកាសនាំគ្នានែបនិត្យស្នេហានៅតាមទីស្ងាត់កំបាំងមួយចំនួន ក៏ដូចជានៅតាមផ្ទះសំណាក់ ឬសណ្ឋាគារជាច្រើនដែរ។ ការបណ្តែតបណ្តោយដោយសំអាងលើការងាររវល់របស់ខ្លួនជាកំហុសដែលឪពុកម្តាយ ឬអាណាព្យាបាលទាំងឡាយគូរគិតគូរឡើងវិញ។
ដូច្នេះ ឆ្នាំនេះ ក៏ទំនងជាមិនខុសពីឆ្នាំមុនៗនោះដែរ ថ្ងៃទី ១៤ កុម្ភៈប្រហែលជាគ្មានសកម្មភាពទិញផ្កា ជូនផ្កាយ៉ាងឈូឆរ និងសកម្មភាពពពាក់ពពូនរបស់យុវវ័យជាចំហនោះឡើយ។ ប៉ុន្តែ ទឹកស្ងប់ក៏មិនបានន័យថា គ្មានត្រីនោះដែរ។ ដូច្នេះ ឪពុកម្តាយឬក៏អាណាព្យាបាលទាំងឡាយគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅរបស់ខ្លួនដែលស្ថិតក្នុងវ័យសិក្សា។ មានមូលហេតុសំខាន់ៗមួយចំនួនដែលនាំឲ្យយុវវ័យខ្មែរឆាប់ទទួលយកវប្បធម៌បរទេសហើយនាំគ្នាភ្លើតភ្លើនខុសប្រពៃណី៖
មូលហេតុទី១៖ មកពីកូនខ្មែរមិនសូវមានមូលដ្ឋានគ្រឹះខាងវប្បធម៌ឲ្យបានរឹងមាំ។ មូលហេតុទី២៖ មកពីសាកលភាវូបនីយកម្មក្នុងសម័យបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យរូបភាពអាសអាភាស និងស្រើបស្រាលទាំងឡាយជ្រៀតចូលយ៉ាងងាយដល់យុវវ័យ។ និង មូលហេតុទី៣៖ មកពីការបណ្តែតបណ្តោយរបស់សាលា មាតាបិតា និងអាជ្ញាធរមានសមត្ថកិច្ច ដែលបង្កឲ្យយុវវ័យងាយប្រព្រឹត្តអំពើភ្លើតភ្លើន។
ជាការពិត គេមិនអាចលុបបំបាត់សកម្មភាពនេះទាំងស្រុងបានទេពីព្រោះជាសិទ្ធិសេរីភាពរបស់មនុស្ស។ ប៉ុន្តែ គេអាចតម្រង់ទិសយុវវ័យកុំឲ្យរអិលផ្លាតធ្លាក់ក្នុងគ្រោះថ្នាក់។ ដើម្បីឲ្យការតម្រង់ទិសយុវវ័យឲ្យមានប្រសិទ្ធភាព មានកត្តាសំខាន់៣រួមផ្សំគ្នាមិនអាចខ្វះបានគឺ កត្តាសង្គម គ្រួសារ និងសាលារៀន។ ប្រសិនបើសង្គមពោរពេញដោយបរិយាកាសល្អសម្រាប់កុមារ ប្រសិនបើគ្រួសារជាគំរូដល់កូននិងគ្រប់គ្រងកូនបានល្អ និងប្រសិនបើសាលារៀនក្លាយជាថ្នាលបណ្តុះគ្រាប់ពូជដ៏ល្អនោះ កូនខ្មែរក៏នឹងក្លាយជាធនធានមនុស្សដ៏មានតម្លៃនិងមានមូលដ្ឋានគ្រឹះវប្បធម៌រឹងមាំ។ ពេលនោះវប្បធម៌ពាលាអាវាសែនឹងមិនងាយជ្រៀតចូលក្នុងប្រទេសកម្ពុជាបានឡើយ។
វិធានការចម្រុះនៅមុនពេលបុណ្យ Valentine’s Day ជាសញ្ញាល្អមួយដែលគួរតែដកបទពិសោធនិងបន្តធ្វើឲ្យដូចភ្លៀងរលឹម។ ជាទូទៅ យុវវ័យងាយណាស់នឹងទទួលភាពស្រើបស្រាល ប្រៀបដូចជាសត្វមមាចមិនស្គាល់ភ្លើងយ៉ាងដូច្នេះដែរ។ ដូច្នេះ មនុស្សចាស់ និងសង្គមទាំងមូលត្រូវតែចូលរួមដើម្បីតម្រង់ទិសពួកគេឲ្យបានល្អបើទោះជាវាមិនមែនជាវិញ្ញាសាងាយស្រួលក៏ដោយ៕
Tag:
ទស្សនៈ
Valentine’s Day
© រក្សាសិទ្ធិដោយ thmeythmey.com