សង្គមអន្តរជាតិ
អន្តរជាតិ
ចិនត្រៀមទទួលកំណើនប្រជាជនខ្លាំង ក្រោយអនុញ្ញាតឲ្យមានកូនពីរនាក់
× អស់រយៈពេលជិតបីខែមកហើយ ដែលរដ្ឋាភិបាលចិនអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួនមានសិទ្ធិយកកូនលើសពីម្នាក់។ នៅពេលនេះចិនកំពុងតែត្រៀមខ្លួនសម្រាប់កំណើនប្រជាជននៅពេលខាងមុខ បើទោះជាវានឹងនាំបញ្ហាដល់សង្គម និងបរិស្ថានក៏ដោយ។ ជាមួយនឹងការចាត់វិធានការទុកមុនរបស់រដ្ឋាភិបាលចិន បញ្ហាប្រឈមទាំងនេះអាចនឹងត្រូវដោះស្រាយបាន។
កាលពីចុងឆ្នាំ២០១៥ រដ្ឋាភិបាលចិនបានសម្រេចលុបចោលគោលនយោបាយកូនតែមួយ ដែលបានដាក់អស់ពេលជាយូរ និងបានអនុញ្ញាតឲ្យប្រជាជនយកបានកូនពីរនាក់ ដើម្បីជំរុញកំណើនកម្លាំងពលកម្មដែលខ្វះខាត។ ស្ត្រីចិនច្រើនជាង៩០លាននាក់ នឹងមានលទ្ធភាពយកកូនលើកទីពីរ បន្ទាប់ពីការលុបចោលនេះ ហើយវាច្បាស់ណាស់ថា ចិននឹងមាន សន្ទុះកំណើនប្រជាជនយ៉ាងធំ។ ប៉ុន្តែមានការស្ទង់មតិមួយបង្ហាញថា មានស្ត្រីជាង២៨ភាគរយប៉ុណ្ណោះចង់យកកូនទីពីរនោះ ដែលនេះនឹងនាំឲ្យចិនមានកំណើនប្រជាជនប្រចាំឆ្នាំ ប្រមាណ៣ទៅ៤លាននាក់។
លោក ZhaiZhenwu នាយកសមាគមប្រជាជនចិន បានប៉ាន់ស្មានថា កំណើនប្រជាជននឹងឈានដល់ចំណុចកំពូលនៅរយៈពេល៤ឬ៥ឆ្នាំខាងមុខ ជាមួយនឹងកំណើន២០លាននាក់។ ក្រោយពីនោះមក កំណើនទារកកើនថ្មីនឹងនៅត្រឹមចំនួន១៧លាននាក់ ដែលវាគឺសមស្របនឹងស្ថានភាពរបស់ចិន។ ជាមួយនឹងការប៉ាន់ស្មាននេះ ប្រជាជនចិននឹងកើនដល់១.៤៥ពាន់លាននាក់នៅឆ្នាំ២០២៩ គឺលឿនជាងការរំពឹងទុករយៈពេលពីរឆ្នាំ។
បើតាមលោក Zhai នយោបាយកូនពីរនាក់ នឹងជួយជំរុញស្ថានភាពកម្លាំងពលកម្ម ក៏ដូចជាប្រជាជនដែលមានវ័យចំណាស់។ នៅឆ្នាំ២០៣៥ ប្រជាជនច្រើនជាង៣៥លាននាក់ នឹងចូលរួមក្នុងកម្លាំងពលកម្ម ហើយភាគរយនៃប្រជាជនចាស់ជរា នឹងធ្លាក់ចុះពីរភាគរយ។ លោកZhai បន្ថែមថា នយោបាយកូនពីរនេះក៏ជួយដល់អត្រាកំណើនសេដ្ឋកិច្ចប្រហែលជា០.៥ភាគរយផងដែរ។ លើសពីនេះទៅទៀត ការលុបចោលនយោបាយកូនមួយរបស់ចិន គឺជាវិធានការដោះស្រាយការធ្លាក់ចុះកម្លាំងពលកម្ម ដែលចាប់ផ្ដើមនៅពីឆ្នាំ២០១២។
ទាក់ទងនឹងកំណើនប្រជាជនលឿនបែបនេះ ចិនហាក់ដូចជាត្រៀមខ្លួនរួចស្រេចក្នុងដោះស្រាយបញ្ហាទាំងឡាយ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាគណៈកម្មាការផែនការគ្រួសារចិន លោក Wang Pei’an និយាយថា ចិនបានរៀបចំវិធានការការពារទុកមុន តាំងពីដប់ឆ្នាំមុនមក។ ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៦ ចិនបានបើកការស្រាវជ្រាវយុទ្ធសាស្ត្រលើកំណើនប្រជាជន។ មួយឆ្នាំក្រោយមក អាជ្ញាធរចិនបានចេញយុទ្ធសាស្ត្របីជំហាន ដែលអនុញ្ញាតឲ្យមានកូនទីពីរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Wang។
យ៉ាងណាមិញ កំណើនគំហុកនៃប្រជាជនចិននៅពេលខាងមុខ ក៏មិនជារឿងល្អប៉ុន្មានដែរ។ បញ្ហាប្រឈមជាច្រើននឹងកើតមានដូចជា ការបំពុលបរិស្ថាន ការងារស្ត្រី និងជីវភាពគ្រួសារ ព្រមទាំងបញ្ហាសុខាភិបាល ដែលប្រឈមមុខនឹងកង្វះខាតគ្រែនិងបុគ្គលិកពេទ្យ។ ជាមួយគ្នានោះ ក៏មានការព្រួយបារម្ភលើការងារ វិស័យអប់រំ និងបញ្ហាផ្ទះសម្បែង ដែលនឹងកើតឡើង ក្រោយពេលដែលទារកទាំងនោះធំធាត់។
អ្នកជំនាញនានាបានប្រាប់កាសែត People’s Daily ថា ដោយសារតែជានេះជាបញ្ហាដែលអាចទាយទុកមុន វាក៏មានវិធីសម្រាប់ដោះស្រាយបានដែរ។ ស្របគ្នានេះចិនមានតែបន្តដាក់ចេញនយោបាយគាំទ្រផ្សេងទៀត ដើម្បីលើកទឹកចិត្តឲ្យប្ដីប្រពន្ធយកកូនទីពីរ។ ជាក់ស្ដែងនោះ ក្រសួងសុខាភិបាលរបស់ចិន កំពុងតែធ្វើការជាមួយក្រសួងអប់រំ ដើម្បីបញ្ជូលការសិក្សាលើមុខវិជ្ជាពេទ្យកុមារ នៅតាមសកលវិទ្យាល័យនានា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការពេលខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com