ជាតិ
កម្មវិធីបង្អែមនៃក្តីស្រឡាញ់រំពឹងទទួលបានការចាប់អារម្មណ៍ច្រើនពីពលរដ្ឋខ្មែរ ប្រធានសមាគមចុងភៅកម្ពុជា លោក ឡុង បូរ៉ា
× សៀមរាប៖ កម្មវិធី «បង្អែមនៃក្តីស្រឡាញ់» ដែលជាកម្មវិធីធ្វើបង្អែមខ្មែរ ចែកជូនប្រជាពលរដ្ឋចូលហូបដោយឥតថ្លៃ រំពឹងថានឹងទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋខ្មែរ។ កម្មវិធីបង្អែមនៃក្តីស្រឡាញ់ រៀបចំធ្វើនៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរ ឫ Grand Hotel។
ប្រធានសមាគមចុងភៅកម្ពុជា លោក ឡុង បូរ៉ា បានឲ្យសារព័ត៌មានថ្មីៗដឹងកាលពីថ្ងៃទី១ មេសាថា សមាគមរបស់លោក បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ម ដើម្បីរៀបចំកម្មវិធីបង្អែមនៃក្តីស្រឡាញ់។ លោក បូរ៉ាបន្តថា កម្មវិធីនេះ នឹងធ្វើនំផ្លែអាយ និងនំបាយត្រៀប ដើម្បីចែកជូនដល់ប្រជាជនខ្មែរ ចូលហូបដោយឥតគិតថ្លៃ។
ចំពោះការចំណាយ និងបរិមាណនំ លោក ឡុង បូរ៉ា មិនបានបញ្ជាក់នោះទេ ដោយលោកគ្រាន់តែនិយាយថា ការបើកឲ្យប្រជាពលរដ្ឋចូលភ្លក់បង្អែម គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥រសៀល។ ហើយកម្មវិធីនេះ អាចនឹងផ្តើមសាកល្បងធ្វើចាប់ពីថ្ងៃទី១២ មេសាទៅ រហូតដល់ថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ លោកប្រធានសមាគមចុងភៅបន្ថែមថា៖« ការចំណាយគឺខាងយុវជន ហើយខ្ញុំមិនទាន់អាចបញ្ជាក់ទំហំចំណាយច្បាស់លាស់ដែរ។ អ្វីៗយើងបានរៀបចំរួចរាល់ហើយ នៅចាំតែថវិកា ដែលគេទម្លាក់មកតែប៉ុណ្ណោះ»។
គ្រឿងផ្សំសម្រាប់ធ្វើនំផ្លែអាយ និងបាយត្រៀប ក្នុងនោះរួមមាន អង្ករដំណើប ខ្ទិះដូង ស្ករត្នោត និងស្លឹកចេក។ បើទោះបីវាជាកម្មវិធីលើកដំបូងក៏ពិតមែន ប៉ុន្តែខាងសមាគមចុងភៅ មានសុទិដ្ឋិនិយមថា នឹងមានអ្នកចូលរួមខ្ទង់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ។ លោក បូរ៉ា រំពឹងថា នឹងមានកម្មវិធីបែបនេះជារឿងរាល់ឆ្នាំ ដើម្បីចែករំលែងដល់ប្រជាជនខ្មែរ ឲ្យយល់ដឹងពីបង្អែម ក៏ដូចជាបានភ្លក់បង្អែមរបស់ខ្មែរ៕
Tag:
បង្អែម
សមាគមចុងភៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com