ជាតិ
ល្បែងចោលឈូង ធ្វើឲ្យភ្នែកឈ្លាសវៃ ហើយដៃរហ័ស
× ល្បែងចោលឈូង ជាល្បែងប្រជាប្រិយខ្មែរមួយក្នុងចំណោម ល្បែងកម្សាន្តដទៃទៀត ដែលពលរដ្ឋកម្ពុជា តែងលេងមុននិងក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ក្រៅពីផ្តល់ភាពសប្បាយរីករាយ ល្បែងនេះ ក៏នាំឲ្យមនុស្សមានភ្នែកឈ្លាសវៃ និងដៃរហ័សរហួន ផងដែរ។
បើអ្នកសិក្សាពីផ្នត់គំនិតបុព្វបុរសខ្មែរឲ្យបានស៊ីជម្រៅ នោះអ្នកនឹងគត់សម្គាល់ឃើញចំណុចពិសេសមួយ គឺ «អត្ថន័យក្នុងរូបភាព»។ ត្រង់នេះ ចង់បញ្ជាក់ថា ដូនតាខ្មែរ តែងបង្កត់ខ្លឹមសារទៅលើអ្វីៗដែលបានបង្កើតឡើង ដូចជា ប្រាង្គប្រាសាទ រូបចម្លាក់ ផ្ទាំងគំនូរ ពិធីបុណ្យ និងល្បែងកម្សាន្ត ជាដើម។ ដូច្នេះ ល្បែងចោលឈូល ប្រាកដជាមានខ្លឹមសារ និងវត្ថុបំណង ជាក់ជាក់មិនខាន។
គោលបំណងនៃការបង្កើតល្បែងចោលឈូងនេះ គឺដើម្បីឲ្យពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសកំលោះ ក្រមុំ បានជួបជុំគ្នា និងលេងសប្បាយ ក្នុងរដូវចូលឆ្នាំ។ ល្បែងនេះ មិនត្រឹមតែញ៉ាំងបរិយាកាសនៃការជួបជុំយុវជន ឲ្យរីករាយប៉ុណ្ណោះទេ តែថែមទាំងបង្ហាត់បង្រៀនពួកគេ ឲ្យមានភ្នែកវាងវៃ និងដៃជើង រហ័សរហួន ផងដែរ។
ហេតុផលដែលថា ល្បែងនេះ អាចធ្វើឲ្យភ្នែកឈ្លាសវៃ ហើយដៃជើងរហ័ស ព្រោះទាំងក្រុមនារី និងក្រុមបុរស ដែលជាអ្នកចូលរួមលេង ត្រូវតែប្រុងប្រ័យត្នទាំងសងខាង ក្នុងការចាប់ឈូង។
មុនដំបូង ពួកបុរសៗ បោះឈូងទៅអោយពួកនារីៗ ដោយតម្រូវឲ្យក្រុមនារី ចាប់ឈូងឲ្យបាន។ បើភាគីនារីចាប់ឈូងមិនបាន ហើយបណ្តាលឲ្យធ្លាក់ដល់ដី គេចាត់ទុកជាស្អុយ។ បន្ទាប់មក ខាងនារី ត្រូវបោះឈូងទៅខាងបុរសវិញម្តង។ នៅពេលខាងបុរសចាប់ឈូងបាន នោះពួកគេនឹងចោលសំដៅទៅខាងនារី បើចោលឈូងត្រូវនារីណាហើយ នារីនោះត្រូវយកឈូងទៅជូនខាងប្រុស អមដោយចម្រៀងនិងការរាំផង ហៅថា «ច្រៀងរាំជូនឈូង»។
នៅពេលច្រៀងរួចហើយ ក៏ហុចឈូងនោះទៅឲ្យបុរសវិញ។ បន្ទាប់មក ពួកបុរស ក៏ផ្ដើមបោះឈូងនោះទៅឲ្យពួកនារីវិញ។ នៅពេលក្រុមនារីចាប់ឈូងបាន ពួកគេត្រូវចោលសំដៅទៅពួកបុរស បើចោលឈូងត្រូវបុរសណា បុរសនោះ ត្រូវច្រៀងរាំ នាំឈូងទៅជូននារី វិញម្តង។ ដូច្នេះហើយ ក្នុងអំឡុងនៃការលេងល្បែងនេះ ទាំងភាគីនារី និងភាគីបុរស ត្រូវតែប្រើភ្នែកឲ្យវាងវៃ និងដៃជើង ត្រូវរហ័សរហួត ដើម្បីចាប់ឈូង៕
ប្រភព៖ សៀវភៅ ល្បែងប្រជាប្រិយខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com