កីឡាជាតិ
ជាតិ
ក្រោយទ័ពឈ្នះនៅស្វាយរៀង បឹងកេតទៅ RSN ណាហ្គាប៉ះស៊ីម៉ាក់នៅអូឡាំពិក
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាល ២០១៦ នាសប្តាហ៍ទី៦ ល្ងាចថ្ងៃទី៣០ មេសា នេះ មានការប្រកួតចំនួន២គូនៅតាមកីឡដ្ឋានផ្សេងគ្នា។ ភ្នំពេញក្រោន ស្វាគមន៍ បឹងកេតអង្គរអែហ្វស៊ី នៅកីឡដ្ឋាន RSN ខណៈមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប៉ះ ណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ។ កាលពីថ្ងៃសុក្រ ក្រសួងការពារជាតិឡើងកាន់តំណែងលេខ១វិញ ក្រោយពួកគេទទួលបានជ័យជម្នះដ៏ធំធេងលើម្ចាស់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៥-១ ។
ម្ចាស់ជើងឯករដូវកាល២០១៥ និងជាក្រុមដែលធ្វើឲ្យក្រសួងការពារជាតិស្គាល់ពាក្យថាចាញ់កាលពីសប្តាហ៍មុន ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនស្វាគមន៍ក្រុមដែលកំពុងឈរចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្ននៃពានរង្វាន់លីកកំពូលកម្ពុជា បឹងកេតអង្គរ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣០ មេសា នេះ។
ចំណែកពហុកីឡដ្ឋានជាតិ នឹងក្លាយជាទីតាំងប្រកួតកាត់កី្តរវាងក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងក្រុមដែលកំពុងឈរចំណាត់ថ្នាក់លេខ៥ បណ្តោះអាសន្ននៃពានរង្វាន់លីកកំពូលកម្ពុជា២០១៦ ណាហ្គវើល នាវេលាម៉ោង៦លា្ងចនេះ។
ក្រុមភ្នំពេញក្រោន កាលពីសប្តាហ៍ទី៥ បានយកឈ្នះលើក្រុមជើងខ្លាំង ក្រសួងការពារជាតិ ២-១ ធ្វើឲ្យក្រុមនេះមាន៨ពិន្ទុក្នុងដៃ ដើម្បីឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ននៃពានរង្វាន់លីកកំពូលកម្ពុជា ឆ្នាំ២០១៦។ ចំណែកក្រុមបឹងកេតអង្គរ ក្រោយពីឈ្នះក្រុមខេមបូឌានថាយហ្គឺរកាលពីសប្តាហ៍មុន ធ្វើឲ្យក្រុមនេះមាន១២ពិន្ទុ ដោយឈរនៅចំណាត់ថ្នាក់លេខ៣ នៅក្នុងតារាង។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតកាលពីម្សិលមិញ ក្រុមក្រសួងការពារជាតិ បានលត់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ៥-១ ធ្វើឲ្យក្រុមក្រសួងការពារជាតិទទួលបាន៣ពិន្ទុបន្ថែមឡើងទៅឈរលំដាប់លេខ១ជាបណ្តោះអាសន្នជាមួយ១៥ពិន្ទុក្នុងដៃ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀងដែលឈរលំដាប់លេខ១ក្នុងសប្តាហ៍ទី៥ ធ្លាក់មកឈរលំដាប់លេខ២ជាបណ្តោះអាសន្នក្នុងសប្តាហ៍ទី៦៕
នាការប្រកួតកាលពីថ្ងៃទី២៩ ខែមេសា ម្សិលមិញ ក្រុមក្រសួងការពារជាតិ បានលត់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ៥-១ នៅលើទឹកដីនៃកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីឈរលំដាប់លេខ១ជាបណ្តោះអាសន្នក្នុងតារាង។
ក្រសួងការពារជាតិ បានលត់ក្រុមដែលឈរលំដាប់លេខ១ ក្នុងសប្តាហ៍ទី៥ ព្រះខ័នរាជស្វាយ ៥-១ នៅកីឡដ្ឋានខេត្តស្វាយរៀង ធ្វើឲ្យក្រុមក្រសួងការពារជាតិទទួលបាន៣ពិន្ទុបន្ថែម ដើម្បីឈរលំដាប់លេខ១ជាបណ្តោះអាសន្នក្នុងសប្តាហ៍ទី៦។
សម្រាប់ការប្រកួតចំនួន២តង់ពេញកាលពីម្សិលមិញ ក្នុងតង់ទី១កីឡាកររបស់ស្វាយរៀង សំអឿន ពិដោរ បានបំប៉ោងសំណាញ់មួយគ្រាប់នៅនាទីទី១៤ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀងនាំមុខក្រសួងការពារជាតិ ១-០។ លុះដល់នាទីទី២៥ កីឡាករ Choe Myong Ho បានរកគ្រាប់បាល់មួយគ្រាប់ជួយឲ្យក្រសួងការពារជាតិតាមស្មើព្រះខ័នស្វាយរៀង ១-១។
កីឡាករ ភួង សុខសាណា របស់ក្រសួងការពារជាតិ បានបំប៉ោងសំណាញ់មួយគ្រាប់ទៀតនាទីទី៤៧ នាំឲ្យក្រុមក្រសួងការពារជាតិនាំមុខព្រះខ័នរាជស្វាយរៀង ២-១។ លុះដល់តង់ទី២ កីឡាករ ណុប តុលា របស់ព្រះខ័នរាជស្វាយរៀងបានភ្លាត់ស្នៀតទាត់បាល់បញ្ចូលទីខ្លួនឯងមួយគ្រាប់នៅនាទី៥៦ ជួយឲ្យក្រុមក្រសួងការពារជាតិនាំមុខព្រះខ័នរាជស្វាយរៀង ៣-១។
កីឡាករជនជាតិកូរ៉េ Kim Myong Hun បានរកគ្រាប់បាល់ជូនក្រុមក្រសួងការពារជាតិ២បន្ថែមទៀតនៅនាទីទី៧០ និង៩០។ ជាលទ្ធផលបន្ទាប់ពីធ្វើការប្រកួតចំនួន២តង់ ក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមព្រះខ័នរាជក្នុងលទ្ធផល ៥-១ ធ្វើក្រុមក្រុមក្រសួងការពារជាតិទទួលបាន១៥ពិន្ទុ ឈរនៅកំពូលតារាងជាបណ្តោះអាសន្ន៕
Tag:
Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com