ជាតិ
កម្តៅប្រែប្រួល៖ក្រសួងប្រាប់ឲ្យប្រយ័ត្នចំពោះផ្គរ រន្ទះ ខ្យល់កន្ត្រាក់ពីថ្ងៃទី៣-១១ឧសភា
× ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងចន្លោះថ្ងៃទី៤ខែឧសភា ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ។
បន្ទាប់ពីបានតាមដានស្ថានភាពអាកាសធាតុយ៉ាងយកទុកដាក់ ស្ថាប័នជំនាញមួយនេះ ក៏បានបញ្ជាក់ដែរថា សីតុណ្ហភាពអតិបរមាមានការប្រែប្រួលចុះឡើង។ យោងតាមព្យាករណ៍ ចាប់ពីថ្ងៃទី៣ និងទី៤ខែឧសភា សីតុណ្ហភាពអតិបរមា អាចនឹងមានការកើនឡើងបន្តិចក្នុងរង្វង់ ៣៧អង្សា ទៅ៤០អង្សា នៅតំបន់ទំនាប ពី៣៦អង្សា ទៅ៤០អង្សា នៅតំបន់ខ្ពង់រាប និងក្នុងរង្វង់៣៥អង្សា ទៅ៣៧អង្សារ នៅតំបន់មាត់សមុទ្រ។
ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ខែឧសភា សីតុណ្ហភាពអតិបរមា អាចនឹងថយចុះបន្តិចក្នុងរង្វង់ ៣៦អង្សា ទៅ៣៨អង្សានៅតំបន់ទំនាប ពី៣៥អង្សា ទៅ៣៩អង្សា នៅតំបន់ខ្ពង់រាប និងក្នុងរង្វង់៣៤អង្សា ទៅ៣៧អង្សារ នៅតំបន់មាត់សមុទ្រ។ នេះបើតាមក្រសួងធនធានទឹក ដែលបានបន្ថែមដែរថា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១១ខែឧសភា នៅតាមបណ្តាខេត្ត រាជធានីនានាអាចមានភ្លៀងកក់ខែ ធ្លាក់ជាបន្តបន្ទាប់។ ដូច្នេះ ក្រសួងស្នើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានក្នុងពេលភ្លៀងកក់ខែនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com