ជាតិ
នយោបាយជាតិ
តុលាការចោទប្រកាន់មន្ត្រីអាដហុកពីបទ «សូកប៉ាន់សាក្សី» និងមន្ត្រី គជប ពីបទ«សមគំនិតសូកប៉ាន់សាក្សី» លោក យី សុខសាន្ត (សក់ស) និងលោក ណៃ វ៉ងដា ស្ថិតក្នុងចំណោមមន្ត្រីអាដហុកដែលបាន ACU ឃាត់ខ្លួន
×
នៅទីបំផុតតុលាការបានសម្រេចចោទប្រកាន់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មួយរូប ពីបទសូកប៉ាន់សាក្សី និង សមគំនិតសូកប៉ាន់សាក្សី ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមខ្សែទូរស័ព្ទ លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីសមាគមអាដហុកចំនួន៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទប្រកាន់ជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែមេសា ពីបទ«សូកប៉ាន់សាក្សី» តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកលោក នី ចរិយា អគ្គលេខាលេខាធិការរង គជប ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតសូកប៉ាន់សាក្សី» តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែកមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សឺន សាលី ដែលមិនទាន់បានចូលខ្លួននៅក្នុងតុលាការនោះ ក៏ត្រូវបានព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ«សមគំនិតសូកប៉ាន់សាក្សី» ដែរ។ នេះបើតាមលោក លី សុផាន់ណា។
តែយ៉ាងណាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញរូបនេះ មិនបានផ្ដល់ព័ត៌មានលម្អិតជុំវិញការចោទប្រកាន់លើមន្ត្រីអាដហុក និងមន្ត្រីគជប ទាំងនេះឡើយ។
ការចោទប្រកាន់របស់ព្រះរាជអាជ្ញាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានការសាកសួរអស់រយៈពេលជាច្រើនថ្ងៃទៅលើមន្ត្រីអង្គការនិងមន្ត្រីស្ថាប័នជាតិទាំងនេះ ដែលក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយបើកការសាកសួរ និងបញ្ជូនមកតុលាការ។
គួរបញ្ជាក់ថា មន្ត្រីសមាគមអាដហុកចំនួន៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ រ៉ង់ដា និង លោកស្រី លឹម មុន្នី និងលោក នី ចរិយា អគ្គលេខាធិការរង គជប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនសាកសួរអស់រយៈពេល៣ថ្ងៃជុំវិញករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ និងក្រោយពីអង្គភាពមួយនេះបានឃាត់ខ្លួន មេឃុំគណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការយកប្រាក់ ៥០០ ដុល្លារ យកឲ្យគ្រួសារកញ្ញា ស្រីមុំ ហើយត្រូវបានបញ្ជូនទៅតុលាការ។ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចបញ្ជូនលោកមេឃុំ ស៊ាង ចែត ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងបទចោទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី២៧ ខែមេសា។
បើតាមមាត្រា៥៤៨ «បទសូកប៉ាន់សាក្សី» ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ រាល់បុគ្គលណាដែលប្រគល់ឲ្យសាក្សីដោយផ្ទាល់ ឬ ប្រយោល នូវអំណោយ ជំនួន ការសន្យា ឬ អត្ថប្រយោជន៍អ្វីមួយ ដើម្បីមិនធ្វើសាក្សី និងផ្ដល់សក្ខីកម្មភូតកុហក៕
© រក្សាសិទ្ធិដោយ thmeythmey.com