ជាតិ
វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ អាច​នឹង​សាងសង់​រួចរាល់​មុន ឆ្នាំ​២០២៣
13, May 2016 , 8:19 am        
រូបភាព
​ដើម្បី​រម្លឹក​ស្នាដៃ​ប្រវត្តិសាស្ត្រ​របស់​បុព្វបុរស​ខ្មែរ រាជរដ្ឋាភិបាល សម្រេច​សាងសង់​វិមាន​អនុស្សាវរីយ​នយោបាយ​ឈ្នះ​-​ឈ្នះ កាលពីពេល​កន្លងទៅ​។ រហូតមកដល់​ពេលនេះ វិមាន​អនុស្សា​វរិ​យ​នយោបាយ​ឈ្នះ​-​ឈ្នះ ត្រូវបាន​គូរ​ប្លង់​ព្រមទាំង​ចាក់គ្រឹះ​រួចរាល់​ហើយ និង​កំពុងតែបន្ត​សាងសង់​ជាប្រចាំ​ថ្ងៃ​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ ភិ​រុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស​នៃ​ក្រសួងការពារជាតិ បាន​អះអាងថា ក្រោយពី​ប្រកាស​គម្រោង រហូតមកដល់​បច្ចុប្បន្ន ជាង​សាងសង់ បាន​ចាក់គ្រឹះ​ចប់សព្វគ្រប់​ហើយ និង​កំពុងតែបន្ត​ការសាងសង់​ជាធម្មតា​។ ការលើកឡើង​របស់លោក ចៅ ភិ​រុណ ធ្វើឡើង​ក្នុង​វេទិកាសាធារណៈ​ក្រោម​ប្រធានបទ «​បញ្ហា​ទូទាំង​សាកលលោក ពាក់ព័ន្ធ​នឹង​សំណល់​គ្រាប់បែក​និង​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម​» ដែល​ប្រារព្ធ​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល់ កាលពី ថ្ងៃទី​១២ ឧសភា​នេះ​។​

  
 
​លោក ចៅ ភិ​រុណ បាន​បញ្ជាក់ថា វិមាន​ប្រវត្តិសាស្ត្រ​នេះ នឹងត្រូវ​លេចចេញ​ជា​រូបរាង​ឡើង នៅមុន​ឆ្នាំ​២០២៣ នាឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀប​ចំការ​ប្រ​កួន​កីឡា​អាស៊ី (SEA Game)​។ លោក​បន្ថែមទៀតថា ដំណើរការ​នៃ​ការសាងសង់ គឺ​ពឹង​ផ្អែកលើ​កញ្ចប់​ថវិកា ជា​កត្តា​ដ៏​សំខាន​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯករូប​នេះ​បាន​សង្កត់ធ្ងន់ថា​៖«​វិមាន​ឈ្នះ​-​ឈ្នះ នេះ យើង​បាន​បុក​គ្រឹ​ស្ត​រួចហើយ ហើយ​ប្លង់​រួម​របស់​វិមាន​ឈ្នះ​-​ឈ្នះ ក៏ត្រូវ​បានធ្វើ​រួចហើយ​ដែរ​។ ខ្ញុំ​គិតថា ដំណើរការ​នៃ​ការ​នៃ​ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ គឺ​អាស្រ័យ​លើ​មូលនិធិ ឬក៏​អាច​និយាយបានថា ថវិកា​។ ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ គឺថា អាច​នឹងត្រូវ​បញ្ចប់ មុន​ពេលដែល​កម្ពុជា ទទួល​ការ​ប្រ​កួន​ស៊ី​ហ្គេម ឆ្នាំ​២០២៣»​។ 
 
​សូម​រំឭកថា កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ រាជរដ្ឋាភិបាល​បាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាង​សាង់ «​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ និង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​» ដែល​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ វិមាន​នេះ ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក លី យ៉ុង​ផាត់ នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
 
​ការសាងសង់​វិមាន​នេះ គឺ​ដើម្បី រម្លឹក​ដល់​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ម្យ៉ាងទៀត វិមាន​នេះ ក៏​ជា​និមិត្តរូប​នៃ​សុខសន្តិភាព ដែល​កម្ពុជា​ទទួលបាន ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍ កន្លងមក​។ ជាងនេះទៀត វិមាន​នេះ នឹង​ក្លាយជា​កេរ​មរតក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផងដែរ​៕
 

Tag:
 វិមាន​ឈ្នះ​-​ឈ្នះ​
  ចៅ ភិ​រុណ​
© រក្សាសិទ្ធិដោយ thmeythmey.com