ជាតិ
លោក ហង់ ជួន ណារ៉ុន ជាអ្នកបកប្រែក្នុងជំនួបរវាងសម្តេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីរុស្ស៊ី រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
× លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានអមដំណើរសម្តេច ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រុស្ស៊ី បានធ្វើជាអ្នកបកប្រែ នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ឌីមេទ្រី មេដវេដេវ។
បើតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១៧ខែឧសភានេះ សម្តេចបានស្នើឲ្យ លោក ហង់ ជួន ណារ៉ុន ធ្វើជាអ្នកបកប្រែនៅក្នុងជំនួបនេះ។ សម្តេច បានបញ្ជាក់ប្រាប់លោកឌីមេទ្រី មេដវេដេវ យ៉ាងដូច្នេះថា៖«អ្នកបកប្រែនោះ មិនមែនជាអ្នកបកប្រែទេ ប៉ុន្តែគឺជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែខ្ញុំស្នើគាត់ធ្វើជាអ្នកបកប្រែសិន»។
មុននឹងប្រាប់នាយករដ្ឋមន្ត្រីរុស្ស៊ីថា អ្នកបកប្រែ គឺជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា ប្រមុខរដ្ឋាភិបាលខ្មែរ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជាមានរដ្ឋមន្ត្រីតាមក្រសួងនានាចំនួន៤រូប ដែលប្រើប្រាស់ភាសារុស្ស៊ី និងយកគំនិតពីរុស្ស៊ី។
ក្រៅពីថ្លែងអរគុណរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយជួយជ្រោមជ្រែងកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ វិស័យសុខាភិបាល និងវិស័យអប់រំ សម្តេចហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្ត្រីរុស្ស៊ីបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀត ខណៈដែលក្នុងមួយឆ្នាំៗ មាននិស្សិតកម្ពុជាជាង១០០នាក់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នឹងជួបជាមួយនិស្សិត និងយោធាដែលកំពុងសិក្សានៅប្រទេសរុស្ស៊ីជាង៤០០នាក់ផងដែរ។
គួរជម្រាបផងដែរថា នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១៧ខែឧសភានេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៨ ដែលក្នុងនោះរួមមានកិច្ចព្រៀមព្រៀងលើ វិស័យយោធា សន្តិសុខ មហាផ្ទៃ និងកិច្ចព្រមព្រៀងពីបញ្ហាការប្រើប្រាស់បរិមាណូដើម្បីសន្តិសុខជាដើម បន្ថែមទៀតលើកិច្ចព្រមព្រៀងចំនួន១១ ដែលចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅកម្ពុជា។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃចន្ទទី ១៦ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។ ក្រៅពីបំពេញទស្សនកិច្ចផ្លូវការ សម្តេច ក៏នឹងចូលរួមកិច្ចប្រជុំកំពូលមួយដើម្បីរំលឹកខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន ដែលនឹងត្រូវប្រារព្ធឡើងនៅក្នុងទីក្រុង Sochi នៃសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃ១៩ ដល់ថ្ងៃទី ២០ ខែឧសភាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com