ជាតិ
លោក គួច ម៉េងលី ប្រាប់ពី “គន្លឹះដើម្បីទទួលបានភាពជោគជ័យក្នុងអាជីវកម្ម” ដល់សហគ្រិនវ័យក្មេង
× កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបើកសិក្ខាសាលាស្តី អំពី “គន្លឹះដើម្បីទទួលបានភាពជោគជ័យក្នុងអាជីវកម្ម” ជូនដល់សហគ្រិនវ័យក្មេង ដែលមកពីបណ្តា ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ សរុបជាង២០០នាក់ នៅសាលប្រជុំ សូវ ហុងគុយ អគារសាលារៀន អន្តរទ្វីប អាមេរិកាំង។ សិក្ខាសាលានេះត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យអ្នកយកព័ត៌មានយើងដឹងថា គោលបំណងដែល រៀបចំឱ្យមានសិក្ខាសាលានេះឡើងគឺ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដែល លោកឧកញ៉ា បានឆ្លងកាត់ក្នុងការដឹកនាំក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រកបដោយភាពជោគជ័យ ទៅកាន់សហគ្រិនវ័យក្មេងដែលកំពុង ប្រឡូកក្នុងអាជីវកម្ម និងត្រូវការជាចាំបាច់នូវព័ត៌មានអាជីវកម្មដើម្បីដឹកនាំអាជីវកម្មរបស់ពួកគេឱ្យទទួល បាននូវភាពជោគជ័យ។
លោកឧកញ៉ាបានមានប្រសាសន៍ថា អ្នកណាអ្នកណាក៏មានឱកាសធ្វើជាសហគ្រិនបានដែរ ឱ្យតែពួកគេមានឆន្ទៈក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។ ការបង្កើតអាជីវកម្ម ជាដំបូងត្រូវគិតទៅលើ កត្តាចម្បងៗមួយចំនួនដូចជា ទីតាំង ដើមទុន ឱកាស ជំនាញ ធនធានមនុស្ស ព័ត៌មានជុំវិញអាជីវកម្ម ដែលអ្នកនឹងបង្កើត ផែនការអាជីវកម្ម ផែនការទីផ្សារ និងភាពប៉ិនប្រសប់នៃការដឹកនាំ។
ការបង្កើត អាជីវកម្មមួយទៅបាន គឺមិនមែនទាល់តែអ្នកមានប្រាក់ច្រើន ហើយក៏មិនត្រូវចាំរហូតដល់អ្នកសន្សំប្រាក់ គ្រប់គ្រាន់នោះដែរ លោកអ្នកអាចចាប់ផ្តើមអាជីវកម្មពីខ្នាតតូចៗ ហើយពង្រីកឱ្យធំតាមលទ្ធភាពដែល អាចធ្វើបាន។ សហគ្រិនត្រូវតែដឹងអំពីគន្លឹះដែលនាំឱ្យក្រុមហ៊ុនជោគជ័យ និងបញ្ហាដែលអាចនឹង ធ្វើឱ្យក្រុមហ៊ុនបរាជ័យផងដែរ។ ដើម្បីឱ្យក្រុមហ៊ុនជោគជ័យ និងមាននិរន្តរភាព សហគ្រិនត្រូវគិតទៅ លើកត្តា៥សំខាន់គឺ ពេលវេលា ក្រុមការងារ គំនិតយោបល់ គំរូអាជីវកម្ម និងប្រភពនៃដើមទុន។
ជាមួយគ្នានេះ សហគ្រិនត្រូវមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ផ្តោតសំខាន់លើគុណភាពការងារ បង្កើតដំណើរការអាជីវកម្មឱ្យមានប្រសិទ្ធភាព បណ្តុះបណ្តាលបុគ្គលិកឱ្យយល់ការងារ ជ្រើសរើស បុគ្គលិកត្រឹមត្រូវ(បុគ្គលិក៥ ធ្វើការបាន១០) ដាក់បុគ្គលិកឱ្យត្រូវជំនាញការងារ និងផ្តល់សិទ្ធិអំណាច ដល់បុគ្គលិករបស់អ្នកដើម្បីធ្វើឱ្យការសម្រេចចិត្តលើការងារជាដើម។ ជាមួយគ្នានេះផងដែរ ដើម្បីឱ្យ អាជីវកម្មមាននិរន្តរភាព សហគ្រិនមិនត្រូវមើលរំលងលើការងារគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រង ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពឡើយ។
លោកឧកញ៉ា បានបន្ថែមទៀតថា ចំណុចសំខាន់ដើម្បីឆ្ពោះទៅរកភាពជោគជ័យ គឺត្រូវឆ្លងកាត់ ៥ដំណាក់កាលដែលរួមមាន ការរៀបចំផែនការ អនុវត្តផែនការ តាមដានការអនុវត្តផែនការ កែតម្រូវចំណុចខ្វះខាត និងអនុវត្តឡើងវិញ។
លោកឧកញ៉ា ក៏បានផ្តាំផ្ញើដែរថា ដើម្បីឱ្យទទួលបាននូវភាពជោគជ័យក្នុងបរិបទប្រទេស កម្ពុជាបច្ចុប្បន្ន យុវជនក៏ដូចជាសហគ្រិនវ័យក្មេងទាំងអស់គប្បីសង្វាតសិក្សានូវ៥ភាសាសំខាន់ៗដូចជា ភាសាកំណើត(ភាសាខ្មែរ) ភាសាសាកល(បច្ចុប្បន្នភាសាអង់គ្លេស) ភាសាបច្ចេកវិទ្យា(កុំព្យូទ័រ...) ភាសា ឯកទេសផ្ទាល់ខ្លួន(មុខជំនាញសិក្សា) ភាសាការទូត/ភាសាទំនាក់ទំនងសាធារណៈ ភាសាកាយវិការ និងភាសាអាស៊ាន(វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ របៀបរបបរស់នៅ និងសេដ្ឋកិច្ច របស់មិត្ត សហគមអាស៊ានយើង) ដែលចំណេះដឹងទាំងនេះជាស្ពាននាំលោកអ្នកឱ្យក្លាយទៅជាមនុស្ស លេចធ្លោនៅក្នុងអាជីព និងជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយសិក្ខាសាលា ត្រូវបានបិទបញ្ចប់ដោយភាពជោគជ័យ និងប្រកបដោយភាពរីករាយ ដោយសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានេះ ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដែល ជាទុនសម្រាប់ពួកគេយកទៅអនុវត្តសម្រាប់ការងារគ្រប់គ្រងអាជីវកម្ម ឱ្យកាន់តែមានភាពប្រសើរ ឡើងថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com