អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាដណ្តើម Crimea និងទឹកដីភាគខាងកើតមកកាន់កាប់វិញ
× សំណុំរឿង Crimea និងទឹកដីភាគខាងកើតអ៊ុយក្រែនក្លាយជាប្រធានបទក្តៅជាថ្មីទៀត ដោយប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ប្រកាសថានឹងដណ្តើមទឹកដីទាំងនោះត្រលប់មកវិញ។ ការប្រកាសនេះធ្វើឡើង ក្រោយពេលលោកខាងលិចសរសើររុស្ស៊ីដែលដោះលែងអ្នកបើកយន្តហោះអ៊ុយក្រែនម្នាក់ដែលជាប់ចោទក្នុងករណីឃាតកម្មអ្នកកាសែតរុស្ស៊ីនៅព្រំដែនកាលពីឆ្នាំ២០១៤ ។
សូមស្ដាប់ព័ត៌មានលម្អិត៖
ប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានប្តេជ្ញាថានឹងដណ្តើមយកទឹកដី Crimea ពីរុស្ស៊ី និងទឹកដីភាគខាងកើតមាន Donetsk និងLugansk ពីក្រុមឧទ្ទាមវិញកាលពីថ្ងៃ ២៥ ខែឧសភាម្សិលមិញក្នុងជំនួបជាមួយអ្នកបើកយន្តហោះអ៊ុយក្រែន Nadiya Savchenko ដែលទើបរុស្ស៊ីដោះលែងឲ្យមានសេរីភាព។
អ្នកបើកយន្តហោះភេទស្រី Nadiya Savchenko នេះត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនផ្តល់មេដាយកិត្តិយសកម្រិតខ្ពស់បំផុតមួយបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ផ្តល់ការលើកលែងទោសកាលពីថ្មីៗនេះ។ នាងត្រូវបានតុលាការរុស្ស៊ីកាត់ទោសដោយសារជាប់ពាក់ព័ន្ធបទឧក្រិដ្ឋឃាតកម្មលើអ្នកសារព័ត៌មានរុស្ស៊ីពីរនាក់និងលួចឆ្លងដែនខុសច្បាប់ក្នុងខែមិថុនាឆ្នាំ ២០១៤ ។ ការដោះលែងជនជាតិអ៊ុយក្រែននេះធ្វើឡើងជាថ្នូរការដោះលែងអ្នកសារព័ត៌មានរុស្ស៊ីពីរនាក់ដែលអ៊ុយក្រែនបានចាប់ខ្លួនក្រោមបទចោទថាមានបំណងបង្កើតចលនាភេរវកម្ម។
ក្នុងពេលបំពាក់មេដាយកិត្តិយសថ្នាក់ខ្ពស់បំផុតឲ្យអ្នកបើកយន្តហោះជនជាតិអ៊ុយក្រែននេះ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា៖« ដូចដែលយើងបាននាំ Nadiyaត្រលប់មកវិញ យើងក៏នឹងនាំទឹកដី Donbass និងទឹកដី Crimea មកដាក់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនវិញ»។
ចំណែកភាគីរុស្ស៊ីវិញ បានចាត់ទុកថា ការផ្លាស់ប្តូរការដោះលែងប្រជាជនរុស្ស៊ីនិងអ៊ុយក្រែនស្ថិតនៅក្រោមគោលការណ៍មនុស្សធម៌ ។ ក្រោយ លោក វ្ល៉ាឌីមៀ ពូទីន ចេញក្រឹត្យដោះលែងប្រជាជនអ៊ុយក្រែននេះ លោកក៏បានពន្យល់ផងដែរថា លោករំពឹងថា ការសម្រេចចិត្តនេះនឹងបន្ថយការប្រឈមមុខដាក់គ្នាដោយអាវុធនៅតំបន់ជម្លោះភាគខាងកើត។
ទោះបីជា អ៊ុយក្រែនមិនបានសរសើរ និងបង្ហាញឥរិយាបទវិជ្ជមានស្វាគមន៍ការសម្រេចចិត្តរបស់រុស្ស៊ីក្តី បណ្តាប្រទេសលោកខាងលិចជាពិសេសភាគីដែលរៀបចំកិច្ចព្រមព្រៀងសន្តិភាព Minsk បានសាទរ រុស្ស៊ី។ ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់, រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Frank-Walter Steinmeier , រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបលោកស្រី Federica Mogherini និងអគ្គលេខាធិការក្រុមប្រឹក្សាអឺរ៉ុបលោក Thorbjorn Jagland បានលើកឡើងថា សកម្មភាពរុស្ស៊ីបង្ហាញពីការប្តេជ្ញាចិត្តថ្មីក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលកំពុងស្ថិតនៅជាធរមាន ហើយវានឹងនាំមកនូវការកសាងទំនុកចិត្តរវាងរុស្ស៊ីនិងអ៊ុយក្រែនផង។ រីឯភាគីផ្សេងទៀតមានអាមេរិកនិងអ៊ីតាលីក៏បានស្វាគមន៍ការដោះលែងអ្នកទោសរុស្ស៊ីនិងអ៊ុយក្រែននេះ ហើយក៏រំពឹងថាវានឹងត្រួសត្រាយផ្លូវសម្រាប់ការបញ្ចប់ការប្រយុទ្ធពេញលេញមួយ។
សូមបញ្ជាក់ថាជម្លោះអ៊ុយក្រែនកើតមានឡើងក្នុងខែកុម្ភៈឆ្នាំ២០១៤ ក្រោយពេលដែលក្រុមគាំទ្រសហភាពអឺរ៉ុបនាំគ្នាបាតុកម្មបង្ខំឲ្យប្រធានាធិបតីដែលមាននិន្នាការទៅរករដ្ឋាភិបាលក្រេមឡាំង Victor Yanukovychឲ្យចុះចេញពីតំណែង។ ហើយក្រោយមកមានការរៀបចំប្រជាមតិប្រកាសផ្តាច់ខ្លូននៅ Crimea ខែមីនា និងមានការបើកយុទ្ធនាការយោធាកម្ចាត់ក្រុមឧទ្ទាមគាំទ្ររុស្ស៊ីនៅភាគខាងកើតខែមេសាជាបន្តបន្ទាប់។ ប៉ុន្តែក្រោយមកដោយមានការជ្រោមជ្រែងពីក្រុមប្រទេសពាក់ព័ន្ធមាន អាល្លឺម៉ង់ បារាំង រុស្ស៊ីជាដើមនោះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk ទី២ ត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈឆ្នាំ ២០១៥ ។ កិច្ចព្រមព្រៀងនេះមានតម្លៃខ្លាំង ប៉ុន្តែបញ្ហានៅត្រង់ការអនុវត្ត។ វាមានគោលដៅសំខាន់ជំរុញការបញ្ចប់ការប្រយុទ្ធគ្នាពេញលេញដោយដកអាវុធចេញពីតំបន់ជម្លោះ បង្កើតតំបន់គ្មានយោធា មានការដោះលែងអ្នកទោស និងបើកផ្លូវឲ្យមានការបោះឆ្នោតនៅក្នុងតំបន់ដែលមានជម្លោះ និងរៀបចំការកែទម្រង់រដ្ឋធម្មនុញ្ញា កែប្រែស្ថាប័ននយោបាយ និងប្រព័ន្ធសេដ្ឋកិច្ចជាដើម។ ប៉ុន្តែ ការរៀបចំកំណែទម្រង់ហាក់បីដូចជាយឺតយ៉ាវ ដោយសាររដ្ឋាភិបាលអ៊ុយក្រែនបារម្ភនិងមិនសូវមានឆន្ទៈចង់អនុវត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com