ជាតិ
ព្រឹត្តិការណ៍វប្បធម៌ និងអប់រំដែលរៀបចំរួមគ្នាដោយស្ថានទូតបារាំងនិងអាល្លឺម៉ង់
× កាលពីល្ងាចថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០១៦ លោក ហ្សង់-ក្លូដ ពាំបឹហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី ដានីញែឡា ឌឹម ភារធារីស្ថានទូតអាល្លឺម៉ង់ បានចូលរួមធ្វើជាអធិបតីនៅក្នុងពិធីប្រកាសបើកជាផ្លូវការ នូវការរៀបចំកម្រងព្រឹត្តិការណ៍វប្បធម៌និងអប់រំ ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់វប្បធម៌ និងការអប់រំនៅក្នុងការផ្សះផ្សារ និងការពង្រឹងទំនាក់ទំនងរវាងប្រទេសនិងប្រជាជនបារាំង-អាល្លឺម៉ង់។ ពិធីនេះបានប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ដោយមានការចូលរួមផងដែរពីសំណាក់លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង និងភ្ញៀវកិត្តិយសផ្សេងទៀតយ៉ាងច្រើនកុះករ។ នៅក្នុងឱកាសនោះ មានការសម្ពោធពិព័រណ៍បែបល្ខោននិងបែបថតរូប « Museum (Theater) » ដែលជាកិច្ចចាប់ផ្តើមបើកព្រឹត្តិការណ៍ទាំងនេះផងដែរ។
កាលពីមួយសតវត្សមុន ប្រទេសបារាំងនិងអាល្លឺម៉ង់គឺជាគូសត្រូវស្លាប់រស់នឹងគ្នា ប៉ុន្តែបច្ចុប្បន្នប្រទេសទាំងពីរបានក្លាយទៅជាដៃគូសហការគ្នាដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប។ គ្រឹះនៃកិច្ចសហប្រតិបត្តិការបារាំង-អាល្លឺម៉ង់ស្តែងឡើងតាមរយ:ការចុះសន្ធិសញ្ញា អេលីហ្សេ ឆ្នាំ១៩៦៣ ដែលផ្តោតជាសំខាន់ទៅលើការផ្លាស់ប្តូរយុវជន ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគីមួយប្រកបដោយទំនុកចិត្តយូរអង្វែង។ យោងតាមលោកឯកអគ្គរដ្ឋទូតបារាំង ថ្វីបើដំណើរការផ្សះផ្សារនេះកើតចេញពីឆន្ទៈនយោបាយបន្ទាប់ពីចប់សង្គ្រាមមែន ប៉ុន្តែគឺទំនាក់ទំនងរវាងប្រជាជនទាំងពីរទៅវិញទេ ដែលជាមូលដ្ឋាននៃការស្រុះស្រួលគ្នាដ៏រឹងមាំស្ថិតស្ថេរ។ ដូច្នេះ លោកយល់ថា គេគួរសិក្សាស្វែងយល់ពីគន្លឹះជោគជ័យនៃការផ្សះផ្សារនេះ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមិនដល់កន្លះសតវត្សផង ដោយប្រទេសទាំង២អាចលុបបំបាត់បាននូវការគុំកួនផ្នែកនយោបាយ និងការពុំទុកចិត្តគ្នាក្នុងចំណោមប្រជាជន។
ឧទាហរណ៍នៃការផ្សះផ្សារនិងរួបរួមគ្នាឡើងវិញរវាងប្រទេសទាំងពីរ អាចធ្វើជាបទពិសោធន៍សម្រាប់ប្រទេសកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ក៏ដូចជាសមាហរណកម្មក្នុងក្របខ័ណ្ឌអាស៊ានទាំងមូលផងដែរ។ ក្នុងន័យនេះ ស្ថានទូតបារាំងនិងអាល្លឺម៉ង់ប្រចាំកម្ពុជា រួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា និងមជ្ឈមណ្ឌលវប្បធម៌ Meta House រួមគ្នារៀបចំព្រឹត្តិការណ៍ជាច្រើនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែឧសភា ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់វប្បធម៌ និងការអប់រំក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ។ ព្រឹត្តិការណ៍ទាំងនោះមានដូចជាការតាំងពិព៍រណ៍ ការសម្តែងសិល្ប: សន្និសីទ និងការពិក្សាតុមូលជាដើម ដោយមានបទអន្តរាគមន៍ពីអ្នកឯកទេសបារាំង អាល្លឺម៉ង់ កម្ពុជា និងវៀតណាម ។
លោកឯកអគ្គរដ្ឋទូតបារាំងរំពឹងថា យុទ្ធនាការនេះនឹងជួយជំរុញអោយមានកិច្ចពិភាក្សាទូលំទូលាយ និងអាចទាក់ទាញចំណាប់អារម្មណ៍យុវជនកម្ពុជា។ «ដូចនៅអឺរ៉ុបក្នុងឆ្នាំ១៩៤៥ដែរ នៅទីនេះ យុវជនជំនាន់ក្រោយគឺជាអ្នកកសាងបរិស្ថានតំបន់មួយប្រកបដោយការរួបរួមនិងសន្តិភាព» នេះគឺជាប្រសាសន៍របស់លោក ហ្សង់-ក្លូដ ពាំបឹហ្វ។ លោកទូតយល់ថា អាស៊ាននឹងអាចក្លាយជាកម្លាំងចលករដ៏ខ្លាំងមួយក្នុងការជំរុញទំនាក់ទំនងក្នុងចំណោមប្រជាជន ព្រមទាំងជួយបង្កើត «យុវជនអាស៊ាន» មួយ ដែលទៅអនាគតនឹងរស់នៅក្នុងតម្លៃនិងជោគវាសនារួមគ្នា។ ចំណែកលោកស្រីភារធារីស្ថានទូតអាល្លឺម៉ង់វិញក៏បានលើកឡើងផងដែរអំពីប្រវត្តិរួបរួមរវាងអាល្លឺម៉ង់និងបារាំង ជាពិសេសអំពីការផ្លាស់ប្តូរទស្សនកិច្ចសិក្សាក្នុងចំណោមសិស្សសាលា។
ព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហការវប្បធម៌រវាងប្រទេសបារាំងនិងអាល្លឺម៉ង់ ក្រោមការគាំទ្រពីមូលនិធិវប្បធម៌បារាំង-អាល្លឺម៉ង់ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ មករា ឆ្នាំ២០០៣ ក្នុងឱកាសនៃខួបលើកទី៤០នៃសន្ធិសញ្ញាអេលីហ្សេ។ មូលនិធិនេះជួយអោយប្រទេសទាំងពីរជំរុញនិងគាំទ្រការផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍រួមនៅក្នុងប្រទេសទី៣៕
© រក្សាសិទ្ធិដោយ thmeythmey.com