អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ដូណាល់ ត្រាំ ប្រកាសថាលោកក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សជាផ្លូវការ
× លោក ដូណាល់ ត្រាំ (Donald Trump) ប្រកាសថាលោកបានក្លាយជាបេក្ខជនតំណាងបក្សសាធារណរដ្ឋដែលនឹងត្រូវប្រជែងយកតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ។ ការប្រកាសជ័យជម្នះនេះកើតឡើងក្រោយពេលដែលក្រុមអ្នកតំណាងឯករាជ្យ (Unbound Delegates) ១៥នាក់ ប្តេជ្ញាថានឹងបោះឆ្នោតគាំទ្រសេដ្ឋីអចលនទ្រព្យក្នុងសមាជបក្សខែកក្កដានៅ Ohio។
នៅថ្ងៃព្រហស្បតិ៍ទី ២៦ ឧសភា ម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាអាមេរិកជាច្រើនបានវាយតម្លៃជាមុនថា លោក ដូណាល់ ត្រាំ បានក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋជាផ្លូវការ ដោយលោកអាចរកចំនួនអ្នកតំណាងបានគ្រប់ឬអាចលើស ១២៣៧នាក់ ថ្វីបើការបោះឆ្នោតសាកល្បងមិនទាន់បញ្ចប់ក្តី។ យោងតាមសារព័ត៌មាន Politico ក្រុមអ្នកតំណាងដែលមានសិទ្ធិបោះឆ្នោតឯករាជ្យរបស់បក្សចំនួន១៥នាក់មកពីរដ្ឋ North Dakota ប្រកាសថាពួកគេនឹងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ នៅក្នុងសមាជបក្សក្នុងខែកក្កដា នៅទីក្រុង Cleveland។
ភា្លមៗនោះ សេដ្ឋីអចលនទ្រព្យរូបនេះក៏បានប្រកាសជ័យជម្នះរបស់ខ្លួនខណៈដែលលោកកំពុងរៀបចំសន្និសីទសារព័ត៌មានស្ថិតនៅBISMARCK ហើយអ្នកតំណាងឯករាជ្យរបស់បក្សសាធាណរដ្ឋក៏ស្ថិតនៅជាមួយលោកដែរ។
ដោយតាំងខ្លួនជាបេក្ខជនប្រធានាធិបតីរបស់បក្សជាផ្លូវការ លោក ដូណាល់ ត្រាំ បន្តវាយប្រហារគូប្រជែងក្រៅបក្សជាពិសេសប្រឹងទិតៀន រឿងអាស្រូវ និងចាប់ចំណុចខ្សោយរបស់លោកស្រី ហ៊ីឡារី គ្លីនតុន។ រឿងអាស្រូវរំលោភបទបញ្ញត្តិនៃការប្រើប្រាស់សារអេឡិចត្រូនិចកាលពីលោកស្រីនៅជារដ្ឋមន្ត្រីការបរទេសនោះកំពុងក្លាយជាចំណុចរសើបដែលលោក ដូណាល់ ត្រាំ លើកឡើងជាញឹកញាប់ដើម្បីទម្លាក់ប្រជាប្រិយភាពលោកស្រី។
ត្រលប់មកវិញ វាគ្មានអ្វីចម្លែកឬគួរឲ្យភ្ងាក់ផ្អើលទេ ដែលសេដ្ឋីអចលនទ្រព្យរូបនេះស្រាប់តែប្រកាសថាខ្លួនក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្សជាផ្លូវការ ព្រោះបច្ចុប្បន្ននេះមានតែលោកម្នាក់ប៉ុណ្ណោះដែលស្ថិតក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតសាកល្បង។ បេក្ខជនសំខាន់មាន សមាជិកព្រឹទ្ធសភា ថេត គ្រុស (Ted Cruz) និង អភិបាលរដ្ឋ Ohio លោក ចន ខាសិក (John Kasich) នោះសុទ្ធតែនាំគ្នាដកខ្លួនចេញពីប្រកួតប្រជែងអស់ទៅហើយកាលពីខែមុននោះ។
ប៉ុន្តែយ៉ាងណាមិញ គណបក្សសាធារណរដ្ឋមិនទាន់ចេញសេចក្តីថ្លែងការណ៍ប្រកាសពីលទ្ធផលផ្លូវការនៅពេលនោះឡើយ។ គណបក្សនេះត្រូវរង់ចាំរហូតដល់ថ្ងៃបោះឆ្នោតក្នុងបក្សចុងក្រោយនៅសមាជបក្សថ្នាក់ជាតិនាខែកក្កដា។
មិនដឹងថា អ្នកសាធារណរដ្ឋរួបរួមគ្នាឬអត់ដើម្បីគាំទ្រលោក ដូណាល់ ត្រាំ ក្នុងយុទ្ធនាការដណ្តើមកៅអីប្រធានាធិបតីដោយផ្តួលបេក្ខជនបក្សប្រជាធិបតេយ្យ។ កន្លងមកមានអ្នកសាធារណរដ្ឋខ្លះប្រកាសចូលនិវត្តនិងមិនប្រកាសគាំទ្រលោក ដូណាល់ ត្រាំ ឡើយ ហើយខ្លះទៀតថាគេនឹងបោះឆ្នោតគាំទ្របក្សប្រជាធិបតេយ្យវិញ។ ដូច្នេះអ្វីដែលលោក ដូណាល់ ត្រាំ ចាំបាច់ត្រូវធ្វើនោះគឺកែប្រែឥរិយាបថ កែប្រែគោលនយោបាយដែលជ្រុលនិយម និងតាំងខ្លួនជាអ្នកបង្រួបបង្រួមការឯកភាពក្នុងបក្សថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com