ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មរៀបចំ«ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ផលិតផល១» នៅខែធ្នូ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
× ក្រសួងពាណិជ្ជកម្មនឹងរៀបចំ«ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ផលិតផល១ កម្ពុជាលើកទី១១ កម្រិតអន្តរជាតិ» ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៦ខាងមុខ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងត្រូវរៀបចំអមជាមួយនឹងកម្មវិធីផ្សេងទៀត រួមមាន វេទិការស្តីពីវិនិយោគនិងធុរកិច្ច, សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម, ជំនួបពាណិជ្ជកម្ម និងកាចុះហត្ថលេខាពាណិជ្ជកម្មជាដើម។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងដាក់តាំងបង្ហាញផលិតផលស្រូវ-អង្ករ និងរៀបចំជំនួបពាណិជ្ជកម្មសម្រាប់អ្នកនាំអង្ករចេញផងដែរ។ នេះបើ់តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ខែមិថុនា។
នៅក្នុងសេចក្តីជូនដំណឹងដដែលនេះ បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺក្នុងបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ សេចក្តីជូនដំណឹងមួយនេះឲ្យដឹងទៀតថា តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏នឹងបង្កើតការតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុករវាងរាជធានី-ខេត្តទូទាំងប្រទេស និងរវាងកម្ពុជា និងពាណិជ្ជករបរទេស។
ចំពោះអ្នកជំនួញ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត១ផលិតផល១ ឆ្នាំនេះ ឬចង់ស្វែងរកដៃគូវិនិយោគ ត្រូវបំពេញបែបបទនិងផ្ញើគម្រោងរបស់ខ្លួន ទៅអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឲ្យបានមុនថ្ងៃ១៥ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់នៅក្នុងសេក្តីជូនដំណឹងខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com