ជាតិ
រដ្ឋាភិបាល មិនបានដឹងពីការដង្ហែធាតុព្រះពុទ្ធពីស្រីលង្កាមកកម្ពុជា ? រូបភាពពីហ្វេសប៊ុក Vanny Chea
× ភ្នំពេញ៖ អដ្ឋិធាតុដែលគេជឿថា ជាព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ ត្រូវបានដង្ហែពីប្រទេសស្រីលង្កា មកដល់ប្រទេសកម្ពុជា នៅពេលព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ។ ព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទរាប់ពាន់នាក់ បានដង្ហែព្រះសារីរិកធាតុ ទៅតម្កល់ទុកនៅភ្នំអដ្ឋរស្ស (ភ្នំឧតុង្គ) ដែលស្ថិតក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ។ ប៉ុន្តែព្រឹត្តិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានដឹងឮជាផ្លូវការនោះទេ។
អ្នកនាំពាក្យនៃក្រសួងធម្មការនិងសាសនា លោក សេង សុមុនី ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលអ្នកកាសែតនៃសារព័ត៌មានថ្មីៗ សួរលោកអំពីការដង្ហែព្រះបរមសារីរិកធាតុនៅថ្ងៃអាទិត្យទី២៦ខែមិថុនានេះ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការរូបនេះមិនបានដឹងថា ព្រះសង្ឃនិងពុទ្ធបរិស័ទបាននាំគ្នា ទៅទទួលព្រះសារីរិកធាតុ ពីព្រលានយន្តហោះ ហើយដង្ហែទៅកាន់ភ្នំអដ្ឋរស្សភ្លាមៗនោះឡើយ។
«រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធម្មការនិងសាសនា ដូចជាមិនបានដឹងឮពីព័ត៌មាននេះឡើយ»។ នេះជាការអះអាងរបស់លោក សេង សុមុនី ដែលបានប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃអាទិត្យនេះ ដោយលោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«ការទទួលព្រះសារីរិកធាតុ គឺជារឿងធំដុំ។ ដូច្នេះគួរតែធ្វើឡើងតាមរយៈរដ្ឋាភិបាលស្រីលង្កា និងរដ្ឋាភិបាលកម្ពុជា»។
អ្នកនាំពាក្យរូបនេះ បានរម្លឹកថា កាលពីឆ្នាំ១៩៥១ រដ្ឋាភិបាលឥណ្ឌា បានប្រគល់ព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ ដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយព្រះបាទ នរោត្តម សីហនុ។ លោកបន្តថា ពិធីនៃការប្រគល់និងទទួលព្រះសារីរិកធាតុនាពេលនោះ មានការចុះហត្ថលេខាលើសន្ធិសញ្ញាត្រឹមត្រូវ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ បើតាមមន្ត្រីជាន់ខ្ពស់ដដែល ព្រះសារីរិកធាតុ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹងឮ និងទទួលស្គាល់ជាផ្លូវការនោះ គឺព្រះសារីរិកធាតុ ដែលត្រូវបានដង្ហែមកពីប្រទេសឥណ្ឌា ក្នុងឆាំ្ន១៩៥១។ លោកបញ្ជាក់ដូច្នេះថា៖«ខ្ញុំធ្លាប់ឃើញផ្ទាល់។ ធាតុហ្នឹងមានទំហំតែពាក់កណ្តាលគ្រាប់អង្ករប៉ុណ្ណោះ»។
លោក សេង សុមុនី ពន្យល់ថា ព្រះសារីរិកធាតុ មានច្រើន មិនមែនមានតែព្រះសារីរិកធាតុរបស់ព្រះពុទ្ធនោះទេ។ លោក អះអាងថា ព្រះសារីរិកធាតុ អាចជាព្រះធាតុរបស់ព្រះអរហន្តអង្គណាមួយ ក្រៅពីព្រះពុទ្ធក៏ថាបាន។
អ្នកនាំពាក្យរូបនេះ បកស្រាយថា បើទោះបីធាតុនោះគឺធាតុព្រះពុទ្ធពិតមែន ឬមិនពិតក៏ដោយ វាមិនខុសឆ្គងអ្វីទេ ដែលព្រះសង្ឃនិងពុទ្ធបរិស័ទនាំគា្នគោរពបូជា ព្រោះនេះ ជាជំនឿរបស់អ្នកកាន់ព្រះពុទ្ធសាសនា។ ប៉ុន្ត លោកបានព្រមានទៅដល់អ្នកឃោសនា និងអ្នកដឹកនាំក្នុងរឿងនេះ ឲ្យចៀសវាងការយកព្រះពុទ្ធសាសនា ឬវត្ថុសក្ការបូជាដែលតំណាងឲ្យព្រះពុទ្ធ ទៅបោកបញ្ឆោតប្រជារាស្ត្រ បើពុំនោះទេ ពួកគេអាចប្រឈមមុខនឹងផ្លូវច្បាប់ជាមិនខាន។
លោក សេង សុមុនី បានបន្ថែមទៀតថា កន្លងមក រាជរដ្ឋាភិបាលធ្លាប់ចេញសារាចររួចហើយ ទាក់ទងនឹងការបញ្ហាខាងលើ ដោយណែនាំដល់អ្នកឃោសនាទាំងឡាយ កុំឲ្យយកវត្ថុដែលតំណាងឲ្យព្រះពុទ្ធ ទៅប្រើប្រាស់ផ្តេសផ្តាស ឬធ្វើជាជំនួញដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកសង្កត់ធ្ងន់ថា៖«បើបរិស័ទមានសទ្ធា គាត់ធ្វើទៅ វាមិនខុសអ្វីទេ។ តែត្រូវធ្វើយ៉ាងម៉េចឲ្យស្របនឹងច្បាប់។ បើកាលណាយើងធ្វើខុសនឹងច្បាប់សាសនា យើងត្រូវទទួលតាមផ្លូវសាសនា ហើយបើកាលណាយើងធ្វើខុសនឹងច្បាប់រដ្ឋ យើងត្រូវទទួលខុសត្រូវតាមផ្លូវរដ្ឋ»។
យោងតាមគម្ពីរក្នុងព្រះពុទ្ធសាសនា ក្រោយពីព្រះបរមគ្រូ ទ្រង់ចូលព្រះនិព្វាន ធាតុរបស់ព្រះអង្គត្រូវបានបែងចែកទៅដល់ប្រទេសនានាលើសាកលលោក។ កាលនោះ ប្រទេសកម្ពុជា ពុំបានទទួលព្រះសារីរិកធាតុនោះទេ តែទើបតែក្នុងអំឡុងទសវត្សរ៍ឆ្នាំ៥០ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានថ្វាយព្រះសារីរិកធាតុ មកដល់ព្រះបាទ នរោត្តម សីហនុ៕
Tag:
ព្រះបរមសារីរិកធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com