គ្រាន់តែក្នុងអាណត្តិទី ៥ ដែលបានកន្លងទៅ អស់រយៈពេលជិត ៣ ឆ្នាំ អ្នកនយោបាយខ្មែរឈ្លោះគ្នាស្ទើរតែជាងពីរឆ្នាំទៅហើយ។ ការឈ្លោះគ្នានេះ ត្រូវគេមើលឃើញថា ដោយសារតែអ្នកនយោបាយខ្វះភាពចាស់ទុំ ចូលចិត្តជេរប្រមាថគ្នា ហើយយករឿងផ្ទាល់ខ្លួនឬរឿងរបស់បក្សសំខាន់ជាងរឿងរបស់ជាតិ និងប្រជាជន។ អ្នកនយោបាយរវល់តែឈ្លោះគ្នា មិនសូវមានពេលគិតពីយុទ្ធសាស្ត្រ ដើម្បីនាំកម្ពុជាឲ្យជឿនលឿនទេ បើទោះបីជាប្រទេសក្រីក្រមួយនេះ សម្បូរដោយធនធានធម្មជាតិច្រើនយ៉ាងក្តី។ បើកម្ពុជា មានធនធានធម្មជាតិច្រើនហើយ មានអ្នកនយោបាយល្អ មានភាពចាស់ទុំទៀត កម្ពុជានឹងកាន់តែមានឱកាសស្គាល់ភាពជឿនលឿនឆាប់រហ័ស។
កម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសដែលសម្បូរដោយធនធានធម្មជាតិ និងសម្បូរដោយសក្តានុពលទេសចរណ៍។ តែអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា រដ្ឋាភិបាល ហាក់នៅមិនទាន់អាចទាញយកផលប្រយោជន៍ពីធនធាន និងសក្កានុពលទាំងអស់នោះ ដើម្បីធ្វើឲ្យជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ប៉ុន្មានឡើយ ដោយសារតែអ្នកនយោបាយនៃប្រទេសតូចមួយនេះ ភាគច្រើនចំណាយពេលបង្កើតអរិភាពជាមួយគ្នា ពីមួយអាណត្តិទៅមួយអាណត្តិសឹងមិនលុះពេល។ រវល់តែជប់ចិត្ត ជាប់ចិត្ត វក់នឹងជម្លោះគ្នាឯងនេះ ធ្វើឲ្យអ្នកនយោបាយ ឬថ្នាក់ដឹកនាំប្រទេសមិនសូវមានពេលគិតគូររកយុទ្ធសាស្ត្រ ដើម្បីឲ្យកម្ពុជាជឿនលឿន អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ក្រោយពីប្រទេសកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា អ្នកនយោបាយខ្មែរ នៅតែមិនបោះបង់ចោលឥរិយាបទនយោបាយចាត់ទុកគ្នាជាសត្រូវ ហើយឈ្លោះគ្នារាល់អាណត្តិ ធ្វើឲ្យកម្ពុជា ដើរទៅមុខបានដោយយឺត។ បើនិយាយពីសាវតារនៃការឈ្លោះគ្នា ការជេរប្រទេចគ្នា របស់អ្នកនយោបាយខ្មែរ ដោយគិតត្រឹមតែការបោះឆ្នោតឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នក៏ខ្ជិលនឹងរៀបរាប់ដែរ ព្រោះពួកគេឈ្លោះគ្នាច្រើនលើកពេក។ ហើយឥឡូវនេះ ពោលគឺក្នុងអណត្តិទី ៥ នេះ អ្នកនយោបាយខ្មែរ ក៏នៅតែបន្តឈ្លោះគ្នា ជេរប្រទេចគ្នា ហើយអ្នកនយោបាយខ្លះកំពុងជាប់ពន្ធនាគារ និងរួបរឹតដោយបណ្តឹងតុលាការផងដែរ។
តាមពិតអ្នកនយោបាយខ្មែរ ដែលជាប់ចិត្តនឹងបង្កជម្លោះជាមួយគ្នានោះ ពួកគេសុទ្ធតែដឹងច្បាស់ថា ការឈ្លោះគ្នានោះ វាមិនមានផលប្រយោជន៍អ្វីទាល់តែសោះសម្រាប់ខ្លួន ជាពិសេសសម្រាប់ជាតិ និងប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញ ការឈ្លោះគ្នានោះ នឹងធ្វើឲ្យពលរដ្ឋកើតទុក្ខ បាត់បង់ជីវិត ហើយនាំឲ្យខាតពេល ខាតជំនួយ ខូចកិត្តិយសប្រទេស និងបាត់បង់ធនធាន ដើម្បីអភិវឌ្ឍកម្ពុជា។ ម្លោះហើយ ប្រសិនបើអ្នកនយោបាយខ្មែរ មានភាពចាស់ទុំតែបន្តិចទៀត ពលរដ្ឋកម្ពុជានឹងទទួលបានសំណាង និងពរជ័យ ហើយប្រទេសក្រីក្រមួយនេះ នឹងអាចជឿនលឿនដូចប្រទេសដទៃបាន។ ភាពចាស់ទុំមួយចំនួន ដែលអ្នកនយោបាយចាស់ៗ និងអ្នកនយោបាយជំនាន់ក្រោយត្រូវធ្វើនោះ មានដូចខាងក្រោម៖
ទី ១ អ្នកនយោបាយ ត្រូវបើកចិត្តឲ្យទូលាយ កុំខឹងច្រើន កុំឆាប់ប្រតិកម្មច្រើន។ ចំណុចនេះ អ្នកនយោបាយត្រូវបើកចិត្តទទួលយកនូវមតិរិះគន់ ចំពោះពាក្យសម្តី សកម្មភាព និងគោលនយោបាយរបស់ខ្លួន ដើម្បីយកមកពិចារណាថា តើការរិះគន់នោះត្រឹមត្រូវឬទេ? ហើយថា តើគួរប្រតិកម្ម ឬមិនគួរប្រតិកម្មនឹងការរិះគន់នោះ? បើប្រតិកម្មវាចំណេញអ្វីសម្រាប់ជាតិ? តើគួរកែប្រែ ឬមិនគួរកែប្រែ?
ទី ២ អ្នកនយោបាយ ត្រូវបោះបង់ចោលនូវគំនិតចងគំនុំគ្នា ជេរប្រទេចគ្នា និងយករឿងផ្ទាល់ខ្លួន បង្កើតជាជម្លោះ ហើយធ្វើឲ្យប្រទេសជាតិទាំងមូលច្រួលច្របល់ សេដ្ឋកិច្ចជាតិធ្លាក់ចុះ ដោយសារតែរឿងអ្នកនយោបាយពីរនាក់ ឬបីនាក់។
ទី ៣ អ្នកនយោបាយខ្មែរ គួរតែកុំតម្កល់ផលប្រយោជន៍បក្ស ផលប្រយោជន៍ផ្ទាល់ខ្លួន ខ្លាំងជាងផលប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងន័យនេះ កន្លងមកអ្នកនយោបាយខ្មែរភាគច្រើន មានអត្តចរិត និងធ្វើគ្រប់បែបយ៉ាង ដើម្បីតែប្រយោជន៍បក្សរបស់ខ្លួន និងបក្ស តែមិនខ្វល់ថា ជាតិត្រូវខាត់បង់ និងពលរដ្ឋបាត់បង់ជីវិតនោះទេ។
ទី ៤ អ្នកនយោបាយ ត្រូវប្រកួតប្រជែកគ្នាផ្នែកគំនិតឲ្យបានច្រើន ជាពិសេសនៅពេលដែលពួកគេនិយាយទៅកាន់អ្នកគាំទ្រ ឬនៅក្នុងវេទិកាសាធារណៈ គួរតែនិយាយពីគោលនយោបាយ ឬយុទ្ធសាស្ត្ររបស់ពួកគេ និងគណបក្ស ដើម្បីជួយប្រទេសកម្ពុជាឲ្យដើរទៅមុខ ហើយប្រជាជនមានការងារធ្វើ មានជីវភាពធូរធា ជាជាងជេរប្រមាថគ្នា។
ទី ៥ អ្នកនយោបាយ ត្រូវបង្កើនចំណេះដឹងជាប្រចាំ មានទស្សនៈវិស័យ និងមើលឃើញពីដំណើរការវិវត្តរបស់ប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ដើម្បីមានគំនិតច្រើន ហើយចម្រាញ់យកគំនិតល្អ ដើម្បីដាក់ជាគោលនយោបាយអភិវឌ្ឍន៍ប្រទេស៕