ជាតិ
លោកសាស្ត្រាចារ្យ នាង បូ ប្រាប់ពីរបៀបរៀនឲ្យបានពិន្ទុខ្ពស់ ពេលប្រឡងបាក់ឌុប
× ភ្នំពេញ៖ នៅមុនការប្រឡងបាក់ឌុបមកដល់ លោក នាង បូ សាស្ត្រាចារ្យគណិតវិទ្យានៅសាលាជ័យថាវី បានបង្ហើបពីគន្លឹះសិក្សាមួយចំនួនដល់សិស្ស ដើម្បីឲ្យពួកគេដណ្តើមបាននិទ្ទេសល្អ។ គន្លឹះទាំងនោះមានដូចជារម្លឹកមេរៀនគ្រប់មុខវិជ្ជា ស្រាវជ្រាវវិញ្ញាសាឆ្នាំមុនៗមករៀន និងធ្វើលំហាត់ និងការរៀនបន្ថែមជាមួយគ្រូជំនាញជាដើម។
នៅសល់តែជិត២ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម្រាប់ឆ្នាំ២០១៦ នឹងមកដល់។ ទន្ទឹមនឹងការជិតឈានមកដល់នៃការប្រឡងនេះ លោក នាង បូ សាស្ត្រាចារ្យគណិតវិទ្យានៅសាលាជ័យថាវី បានបង្ហើបពីគន្លឹះសិក្សាមួយចំនួនដល់សិស្ស ដើម្បីឲ្យពួកគេដណ្តើមបាននិទ្ទេសល្អ។
រម្លឹកមេរៀនគ្រប់មុខវិជ្ជា ស្រាវជ្រាវវិញ្ញាសាឆ្នាំមុនៗមករៀន និងធ្វើលំហាត់ និងការរៀនបន្ថែមជាមួយគ្រូជំនាញជាដើម គឺជាអ្វីដែល លោកសាស្ត្រាចារ្យ នាង បូ ប្រាប់ទៅសិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ តាមរយៈសារព័ត៌មានថ្មីៗនៅថ្ងៃនេះ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖« សិស្សត្រូវយកវិញ្ញាសាធ្លាប់ចេញនៅឆ្នាំ២០១៤ ឆ្នាំ២០១៥ និងវិញ្ញាសាឆ្នាំចាស់ៗ មករៀនវិភាគ»។ សាស្ត្រាចារ្យគណិតវិទ្យារូបនេះបន្ថែមថា៖«សិស្សគួរមើលចរិតនៃការចេញវិញ្ញាសា ដោយរៀនឲ្យចំទិសដៅ ព្រោះអ្នកចេញវិញ្ញាសា គេដឹងថាចេញកម្រិតណា ដើម្បីឲ្យសិស្សជាប់ប៉ុន្មានភាគរយ។ ដូច្នេះការធ្វើបែបនេះ គឺធ្វើដើម្បីរៀនឲ្យចំចំណុច និងមិនខាតពេលច្រើន»។
សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រវិញ លោក នាង បូ ណែនាំឲ្យសិស្សទន្ទេញរូបមន្តឲ្យស្ទាត់ ព្រោះពេលប្រឡងត្រូវប្រើរូបមន្តប្រហែល៦០ភាគរយ ព្រមទាំងធ្វើលំហាត់ឲ្យបានច្រើនដង ដើម្បីកុំឲ្យភ័យពេលប្រឡង។ លោកបញ្ជាក់យ៉ាងដូច្នេះ៖«សិស្សមួយចំនួន តែងតែភ័យពេលប្រឡង ពីព្រោះពួកគេមិនដែលរៀនធ្វើលំហាត់ដោយខ្លួនឯង។ ដូច្នេះការធ្វើលំហាត់ច្រើនដងនេះ គឺជាវិធីធ្វើឲ្យសិស្ស លែងភ័យក្នុងពេលប្រឡង»។
ទន្ទឹមនឹងណែនាំពីគន្លឹះរៀនឲ្យបានពិន្ទុខ្ពស់ លោកសាស្ត្រាចារ្យគណិតវិទ្យារូបនេះ បានផ្តាំទៅសិស្សដែលត្រៀមប្រឡងបាក់ឌុប ត្រូវបែងចែកម៉ោង ពេលរៀនឲ្យបានច្បាស់ដែរ ចៀសវាងរៀនច្រើនម៉ោងពេក នាំឲ្យមានបញ្ហាសុខភាពនៅពេលប្រឡង។
សូមបញ្ជាក់ថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦ មាន១៥៧ មណ្ឌល និង៣,៧៨១បន្ទប់ប្រឡង នៅទូទាំងរាជធានី ខេត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com