ជាតិ
សេដ្ឋកិច្ច
អភិបាលខេត្តកំពត ចង់ពង្រីកការនាំចេញទុរេន ស្វាយ មៀន តាង៉ែន ទៅផ្សារអឺរ៉ុប ឲ្យដូចម្រេចដែរ
× ភ្នំពេញ៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានជំរុញឲ្យអ្នកវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសបណ្តាក់ទុនវិនិយោគវិស័យកសិកម្ម និងពង្រឹងការសហការនាំចេញផលិតផលដែលមាននៅខេត្តកំពតបន្ថែមទៀត ដើម្បីជួយឲ្យផលិតផលខ្មែរមានការនាំចេញទៅទីផ្សារអន្តរជាតិឲ្យកាន់តែសន្ទុះឡើង។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP_ បានស្រង់សម្តីលោក ជាវ តាយ អភិបាលខេត្តកំពតថា ដំណាំដែលកំពុងនាំចេញទៅផ្សារអន្តរជាតិខ្លាំងជាងគេ គឺម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប។
លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតជាខេត្តមានសក្តានុពលលើដំណាំនាំចេញមួយចំនួនដូចជា ម្រេច ទុរេន មៀន ស្វាយ តាង៉ែន និងដំណាំហូបផ្លែជាច្រើនទៀត ដែលទទួលបានការគាំទ្រពីទីផ្សារបរទេស។ លោកបានបន្ថែមថា ខេត្តកំពត គឺជាច្រកមួយសម្រាប់នាំចេញទំនិញកសិកម្មទៅកាន់ក្រៅប្រទេស តាមរយៈកំពង់ផែចំនួន៤ និងកំពង់ផែទឹកជ្រៅ១៤ម៉ែត្រ របស់លោក វិញ ហួរ ,កំពង់ផែរបស់លោក ទ្រី ភាព និងកំពង់ផែទេសចរណ៍អន្តរជាតិ ដែលអនុញ្ញាតឲ្យនាវាមកពីប្រទេសវៀតណាម និងថៃចូលចតបាន។
ក្រៅពីម្រេចកំពត ជាដំណាំគោលរបស់ខេត្តកំពត ផ្លែទុរេន ក៏ជាដំណាំដែលតំណាងឲ្យខេត្តនេះផងដែរ ប៉ុន្តែដំណាំនេះមិនទាន់មានការដាំដុះជាលក្ខណៈវិនិយោគទ្រង់ទ្រាយធំនៅឡើយទេ ភាគច្រើនជាការដាំដុះលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ដូច្នេះហើយ វាមិនអាចឆ្លើយតបនឹងតម្រូវការទូទាំងប្រទេសបានឡើយទេ។ នេះជាការលើកឡើងរបស់លោក ជាវ តាយ អភិបាលខេត្តកំពត។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា ការនាំចេញដំណាំម្រេច មៀន តាង៉ែន ស្វាយចន្ទី និងស្វាយកែវរមៀត ត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ ចំណែក ផលិតបន្លែក៏មានសក្តានុពលដូចគ្នា ប៉ុន្តែមិនទាន់មានការនាំចេញប្រសើរឡើងទេទៅកាន់ទីផ្សារអឺរ៉ុប។
ត្រង់ចំណុចនេះ លោក វេង សាខុន បានបញ្ជាក់ថា កម្ពុជានៅមិនទាន់មានក្រុមហ៊ុនយន្តហោះដែលអាចដឹកបន្លែពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបដោយផ្ទាល់ឡើយ ហើយម្យ៉ាងទៀតព្រលានយន្តហោះកម្ពុជានៅមានទំហំតូចនៅឡើយដែលជាការលំបាកសម្រាប់ការនាំចេញ។ លោកយល់ថា នៅពេលដែលកម្ពុជាមានព្រលានយន្តហោះធំនោះ កម្ពុជានឹងអាចនាំបន្លែកាន់តែច្រើនទៅកាន់ទីផ្សារអឺរ៉ុបបាន៕
Tag:
អភិបាលខេត្តកំពត
ដំណាំ
ទីផ្សារអឺរ៉ុប
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com