ទេសចរ​កូរ៉េ មក​កម្ពុជា​ថយចុះ ២០​ភាគរយ ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​
ជាតិ
សេដ្ឋកិច្ច
ទេសចរ​កូរ៉េ មក​កម្ពុជា​ថយចុះ ២០​ភាគរយ ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​
14, Aug 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ លំហូរ​ភ្ញៀវ​កូរ៉េខាងត្បូង​មក​កម្សាន្ត​កម្ពុជា ពី​ខែមករា ដល់​ខែមិថុនា​ឆ្នាំ​២០១៩ មាន​ចំនួន ១៣,៩ ម៉ឺន​នាក់ ធ្លាក់ចុះ ២០​ភាគរយ ធៀប​នឹង ១៧,៤​ម៉ឺន​នាក់ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។  ទេសចរ​កូរ៉េ ឈរ​នៅ​លេខ​រៀង​ទី​៥ បន្ទាប់ពី​ថៃ ឡាវ វៀតណាម និង​ចិន​។



អត្ថបទទាក់ទង
​បើ​និយាយ​ពី​តួលេខ​មួយឆ្នាំៗ​វិញ ភ្ញៀវ​កូរ៉េ​ដែល​បាន​កើន​ដល់​ចំនួន​ជាង ៤០​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​នៅ​កម្ពុជា ក្នុងអំឡុង​ឆ្នាំ​២០១២ បាន​ធ្លាក់​ទៅវិញ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្នុង​ឆ្នាំ​២០១៨​កន្លងមក ភ្ញៀវ​កូរ៉េ​ធ្លាក់ចុះ ១២​ភាគរយ​។ ហើយ​នៅ​ឆមាស​ទី​១​ឆ្នាំនេះ​ធ្លាក់ ២០​ភាគរយ​។​
 
​ការធ្លាក់ចុះ​ទេសចរ​កូរ៉េ​នៅ​កម្ពុជា ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន ប្រាប់ថា​មកពី​ភ្ញៀវ​កូរ៉េ​ងាក​ទៅ​ប្រទេស​វៀតណាម​។ លោក ថោង ខុន បាន​ថ្លែង​ក្នុង​សិក្ខាសាលា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​កាលពី​ខែកក្កដា ដូច្នេះ​ថា​៖«​ភ្ញៀវ​កូរ៉េ​ធ្លាប់​កើន​ដល់ ៣០​ម៉ឺន ៤០​ម៉ឺន​នាក់ ឥឡូវ​ភ្ញៀវ​កូរ៉េ​នៅសល់តែ​ជាង​២០​ម៉ឺន កូរ៉េ​បាន​ប្ដូរ​ទិសដៅ​ទៅកាន់​វៀតណាម​»​។ លោក ថោង ខុន បន្ថែមថា វៀតណាម​មាន​គោលនយោបាយ​ថ្មី​សម្រាប់​ទាក់ទាញ​លំហូរ​ទេសចរ ដោយ​បើកចំហរ​ឲ្យ​ជនជាតិ​ផ្សេងៗ​ធ្វើ​មគ្គ​ទេស​ក៏ នៅ​ប្រទេស​ខ្លួន​បាន ខណៈ​កម្ពុជា​កំណត់​ឲ្យ​តែ​ជនជាតិខ្មែរ​ទើប​ធ្វើ​មគ្គ​ទេស​ក៏បាន​។​
 
​ភ្ញៀវ​អឺរ៉ុប និង​អាមេរិក បាន​ធ្លាក់ចុះ​ផងដែរ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​។ ដោយ​គិត​ជាទី​ផ្សារ​រួម មិន​គិត​ប្រទេស​នីមួយៗ ភ្ញៀវ​អឺរ៉ុប​ធ្លាក់ចុះ​ជាង ៥​ភាគរយ ហើយ​ភ្ញៀវ​អាម​រិ​ក​ធ្លាក់ចុះ​ជាង​៥​ភាគរយ​ដូចគ្នានេះ​។ តែ​ក្រឡេកមើល​ទេសចរ​ចិន​វិញ គឺ​កើនឡើង​ជាង ៣៨​ភាគរយ ដែលមាន​ចំនួន​ដល់ ១,២៩​លាន​នាក់ ឈរ​នៅ​លេខ​រៀង​ទី​១៕
 

Tag:
 ទេសចរ​កូរ៉េ​
  ទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com