អន្តរជាតិ
លោក ប្ល៊ី​ង​ខិ​ន ដែល​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព​ន្ធ​មិត្ត ជា​ប្រមុខ​ការទូត​អាមេរិក​ថ្មី​
27, Jan 2021 , 10:22 am        
រូបភាព
លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបថត AFP
លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបថត AFP
​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី​២៦ ខែមករា បាន​គាំទ្រ​ដោយ​សំឡេង​លើសលុប​លើ​បេក្ខភាព​លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន (Antony Blinken) ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​។ ការទទួលបាន​ការគាំទ្រ​ងាយស្រួល​បែបនេះ បង្ហាញ​ពី​មតិ​យល់ស្រប​របស់​បក្ស​ទាំងពីរ​លើ​បេក្ខភាព​លោក ប្ល៊ី​ង​ខិ​ន ។ លោក​គាំទ្រ​គោលនយោបាយ​ការបរទេស​មួយចំនួន​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ លើ​បញ្ហា​ចិន និង​អ៊ីស្រាអែល តែមាន​ជំហរ​ងាក​ទៅ​សម្ពន្ធមិត្ត​អាមេរិក​ឡើងវិញ ក្រោយ​រដ្ឋបាល​មុន​បែរខ្នង​ជា​ញឹកញាប់​។​

 
​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២៦ ខែមករា ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​ដោយ​សំឡេង​៧៨​យល់ព្រម​ទល់នឹង​២២​ប្រឆាំង​លើ​បេក្ខភាព​លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន ។ លោក​ទទួលបាន​ការគាំទ្រ​យ៉ាង​ងាយ បើ​ធៀប​នឹង​រដ្ឋមន្ត្រីការបរទេស​ពីររូប​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​លោក រិច ធី​ល័​រ​សិន និង​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ។ 
 
​លោក ប្ល៊ី​ង​ខិ​ន អាយុ ៥៨​ឆ្នាំ ធ្លាប់​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។ លោក​ធ្លាប់​បម្រើការ​ឲ្យ​លោក ចូ បៃ​ឌិន ជិត​២០​ឆ្នាំ ក្នុងនាម​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​លោក​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ប្រចាំ​ព្រឹទ្ធសភា​អាមេរិក ហើយ​ចុងក្រោយ ធ្វើជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក បៃ​ឌិន ក្នុង​អាណត្តិ​លោក​ជា​អនុ​ប្រធានាធិបតី​។​
 
​ក្រោយ​ត្រូវបាន​ជ្រើសរើស​ដោយ​លោក បៃ​ឌិន លោក ប្ល៊ី​ង​ខិ​ន សង្កត់ធ្ងន់​លើ​គោលការណ៍​ដាក់ខ្លួន និង​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្ព​ន្ធ​មិត្ត​អាមេរិក ដែល​ប្រាសចាក​ទាំងស្រុង​នឹង​អ្វីដែល​រដ្ឋបាល​លោក ត្រាំ ប្រកាន់យក​។ លោក​ក៏​ប្រកាន់​ជំហរ​លម្អៀង​ទៅរក​ផ្លូវ​យោធា បើ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​សិទ្ធិមនុស្ស​នោះ​។ លោក ប្ល៊ី​ង​ខិ​ន គាំទ្រ​ការ​ត្រឡប់​ចូលរួម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ វិញ ក្រោយ​ការដើរ​ចេញ​ក្រោម​រដ្ឋបាល​លោក ត្រាំ ព្រោះតែ​មិន​ពេញចិត្ត​នោះ​។ សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ មិន​សប្បាយចិត្ត​ឡើយ​ត្រង់ចំណុច​នេះ​។​
 
​ក្នុង​សវនាការ​ដេញដោល​បេក្ខភាព​របស់លោក​កាលពី​សប្ដាហ៍​មុន រដ្ឋមន្ត្រីការបរទេស​រូបនេះ ប្ដេ​ជា្ញ​ចិត្ត​ដោះស្រាយ​បញ្ហា​ជាមួយ​តួ​ក​គី​ឡើងវិញ​។ តួ​ក​គី​ដែលជា​សមាជិក​សម្ពន្ធ​យោធា​ណា​តូ ប្រែ​ស្និទ្ធ​ខ្លាំង​នឹង​រុស្ស៊ី ហើយ​បាន​ទិញ​ប្រព័ន្ធ​ការពារ​ទំនើបៗ​ទៀតផង ដែល​ធ្វើឱ្យ​សមាជិក​ឯទៀត​ឃ្នើសចិត្ត​យ៉ាងខ្លាំង​។ លើសពីនោះ លោក ប្ល៊ី​ង​ខិ​ន ក៏​គាំទ្រ​គោលនយោបាយ​រដ្ឋបាល​លោក ត្រាំ លើ​ទំនាក់ទំនង​ជាមួយ​ចិន ហើយក៏​គាំទ្រ​ការដាក់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ផងដែរ​។​
 
​ក្រោយ​ការបោះឆ្នោត​នៅ​សភា លោក ប្ល៊ី​ង​ខិ​ន ក៏បាន​ស្បថ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទី​៧១ នៅ​ក្រសួងការបរទេស​អាមេរិក​៕
 

Tag:
 អាមេរិក​
  Antony Blinken
© រក្សាសិទ្ធិដោយ thmeythmey.com