ជាតិ
សង្គមជាតិ
ឆ្នាំ២០២០ កម្ពុជា ទទួលបានជំនួយ២៣៨លានដុល្លារពីជប៉ុន ជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន និង អ្នកស្រី Kamei Haruko (រូបពីក្រសួងសេដ្ឋកិច្ច)
× ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កម្ពុជា ទទួលបានជំនួយ២៣៨លានដុល្លារ ពីរដ្ឋាភិបាលជប៉ុនសម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ថាមពលអគ្គិសនី និង ការផ្គត់ផ្គង់ទឹកស្អាត ជាដើម។ នេះបើតាមការអះអាងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងជំនួបជាមួយអ្នកស្រី Kamei Haruko ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
ខ្លឹមនៃជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន និងអ្នកស្រី Kamei Haruko ត្រូវបានចុះផ្សាយក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។ បើតាមសេចក្តីជូនដំណឹង លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ជំនួយជាថវិការបស់រដ្ឋាភិបាលជប៉ុន គឺជាចំណែកមួយក្នុងការស្តារសេដ្ឋកិច្ច ជំរុញឲ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ និងស្តារសង្គមកម្ពុជា ក្រោយពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
លោក មានប្រសាសន៍ទៅកាន់ប្រធានថ្មីរបស់អង្គការ Jica ថា៖«ទឹកប្រាក់២៣៨លានដុល្លារអាមេរិក ចូលរួមចំណែកជាមួយនឹងដៃគូអភិវឌ្ឍន៍នានាជួយគាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ លើបញ្ហាសុខភាព សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹងសេដ្ឋកិច្ច សង្គម»។
លោករដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាលជប៉ុនតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍផ្លូវការ (ODA) ដើម្បីជួយអភិវឌ្ឍសង្គមកម្ពុជា។ លោក សង្ឃឹមថារដ្ឋាភិបាលជប៉ុននឹងបន្តជួយពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា និងប្រទេសជប៉ុនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រី KAMEI Haruko ថ្លែងនៅមុខលោក អូន ព័ន្ធមុនីរ័ត្នថា ជប៉ុននឹងបន្តផ្តល់ហរិញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសដល់កម្ពុជា៕
Tag:
ថវិកា
ជំនួយ
កម្ពុជា
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com