ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តចុះបញ្ជីផលិតផលខ្មែរជិត១០មុខទៀត ដើម្បីបញ្ចៀសការក្លែងបន្លំ និងសម្គាល់ទំនិញនៅតាមតំបន់។ នេះបើតាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងកំពុងសិក្សា និងសម្របសម្រួលចុះបញ្ជីម៉ាកសមូហភាពលើផលិតខ្មែរ៥មុខរួមមាន អំបុកកំពង់ធំ, នំបញ្ជុកសៀមរាប, ចម្លាក់ប្រាក់ស្ពាន់ឃុំកំពង់លួងកោះចិន ខេត្តកណ្តាល, ស្មូនឆ្នាំងដី ខេត្តកំពង់ឆ្នាំង និងពងទាកូនស្រែរនោង ខេត្តតាកែវ។ ក្រៅពីម៉ាកសមូហភាពនេះ ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញលើទឹកឃ្មុំមណ្ឌលគិរី ,អំបិល និងផ្កាអំបិលកំពតផងដែរ។
អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ការចុះបញ្ជីម៉ាកសមូហភាព និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទាំងនោះ នឹងជួយបង្កើតអត្តសញ្ញាណទំនិញ ប្រកបដោយគុណភាពតាមតំបន់ផលិតឯកទេសនីយកម្មនីមួយៗ និងធានាបាននូវទីផ្សារ។
«ក្រសួងគ្រាន់តែចុះបញ្ជីទទួលស្គាល់ក្នុងបញ្ជីម៉ាក ដើម្បីការពារកុំឲ្យមានការរំលោភបំពាន និងជួយជំរុញឲ្យម៉ាកទាំងនេះ បានល្បីឈ្មោះនៅលើទីផ្សារ។ កម្ពុជាអាចស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈការដាក់ពាក្យសុំតែមួយលើក នឹងទទួលបានកិច្ចការពារប្រឆាំងនឹងការដណ្តើមយក ការប្រើប្រាស់គ្មានការអនុញ្ញាត ការធ្វើត្រាប់តាម»។ នេះជាការលើកឡើងរបស់អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងកំពុងអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិល និងផ្កាអំបិលកំពត ដោយមានកិច្ចសហការ និងការគាំទ្រពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងគម្រោងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្នាក់តំបន់ (GI Regional Project 2021-2023)។ ដំណើរការនេះក៏អាចនឹងជំរុញឲ្យមានការចុះបញ្ជីជាលក្ខណៈអន្តរជាតិ ដើម្បីពង្រីកទីផ្សារថ្មីៗបន្ថែមទៀតផងដែរ។
បើតាមលោក ប៉ែន សុវិជាតិ ផលិតផលដែលបានចុះបញ្ជីម៉ាកសមូហភាព និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួចហើយនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់តម្លៃទំនិញក្នុងទីផ្សារឡើយ។ ប៉ុន្តែផលិតផលខ្លះអាចនឹងមានតម្លៃខុសពីទីផ្សារបន្តិច ដោយសារតែផលិតផលទាំងនោះ គឺត្រូវគិតថ្លៃសេវាដឹកជញ្ជូន។ លោកបានរៀបរាប់ដូច្នេះថា៖«ផលិតផលដូចគ្នាដែលប្រើប្រាស់ម៉ាកសមូហភាពមានគុណតម្លៃមិនខុសគ្នាទេលើទីផ្សារ។ ជួនកាលថ្លៃលក់អាចល្អៀងគ្នាខ្លះអាស្រ័យដោយកត្តាផ្សេងដូចជាថ្លៃដឹកជញ្ជូន»។
មុននឹងផលិតផលទាំងនោះអាចចុះបញ្ជីម៉ាកសមូហភាព និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ គឺសមាគម និងក្រុមផលិករទំនិញទាំងអស់ គឺត្រូវមានលក្ខណៈសម្បត្តិសម្រាប់ប្រើប្រាស់ម៉ាកទំនិញទាំងនោះ។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ។
សូមបញ្ជាក់ថា កន្លងមកផលិតផលខ្មែរមួយចំនួនបានចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រដែលមានដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះ ស្រាសំប៉ាញ។ ផលិតផល គុយទាវភ្នំពេញ ក៏បានចុះបញ្ជីម៉ាកសមូហភាព។ ម្លិះអង្ករ ក៏បានចុះជាម៉ាកវិញ្ញាតកម្មទី១។ ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រលើក្រូចពោធិ៍សាត់ សូត្រមាស អង្ករសរីរាង្គ និងផលិតផលផ្សេងៗទៀតផងដែរ៕