ជាតិ
សង្គមជាតិ
បណ្ឌិត សុខ ទូច៖«ក្រពះអ្នកស្រែ ខូចតែរូងក្តាមទេ [តែ] ក្រពះឧកញ៉ា អាចអស់បឹង ភ្នំ ព្រៃឈើ...» លោក សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីសារសំខាន់នៃការស្រាវជ្រាវ ដែលរៀបចំនៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
× លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានគោរពងារជាបណ្ឌិតសភាចារ្យ បាននិយាយពីចំណុចដ៏សំខាន់មួយ ក្នុងកិច្ចការស្រាវជ្រាវផ្សេងៗ នោះគឺការអំណត់។ លោក និយាយពីការអំណត់នេះ ក្នុងកិច្ចពិភាក្សាតុមូលមួយ ស្ដីពីសារសំខាន់នៃការស្រាវជ្រាវ ដែលរៀបចំនៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
លោក សុខ ទូច លើកទស្សនៈថា មិនមែនតែកិច្ចការស្រាវជ្រាវនោះទេ កិច្ចការអ្វីក៏ដោយ ក៏ត្រូវការសេចក្តីអំណត់ដែរ។ និយាយពីសេចក្តីអំណត់នេះ លោក សុខ ទូច បាននឹកឃើញពាក្យមួយឃ្លា ដែលគេបង្ហោះលើបណ្តាញសង្គម គឺពាក្យថា «ខំធ្វើអ្វី បើម្នាក់ ត្រូវការត្រឹមតែមួយក្រពះសោះ»។
លោក មិនជំទាស់នឹងការលើកឡើងនេះឡើយ តែលោក ចោទសួរថា «តើក្រពះអ្នកណា? ក្រពះនាយករដ្ឋមន្រ្តី? ក្រពះប្រធានាធិបតី? ក្រពះអ្នកស្រែ? ឬក៏ក្រពះឧកញ៉ា?»។ ចោទជាសំណួររួចហើយ ប្រធានរាជបណ្ឌិត្យសភារូបនេះ ក៏ថ្លែងថា៖«ក្រពះអ្នកស្រែ ខូចតែរូងក្តាមទេ បានតែក្តាមមួយមក បេះម្អម ត្រកួនមួយដៃមក រួច។ [តែ] មួយក្រពះឧកញ៉ា អាចអស់បឹង អាចអស់ភ្នំ អាចអស់ព្រៃឈើ។ មួយក្រពះប្រធានាធិបតី អាចអស់ប្រទេស...»។
ក្រៅពីសេចក្តីអំណត់ លោក សុខ ទូច ក៏ឲ្យតម្លៃលើការប្តេជ្ញាចិត្តនិងការត្រៀមខ្លួនដែរ។ លោក យល់ថា បើមិនត្រៀមខ្លួនជាមុនទេ ការធ្វើកិច្ចការអ្វីមួយ នឹងមិនទទួលបានជោគជ័យឡើយ៕ © រក្សាសិទ្ធិដោយ thmeythmey.com