ជាតិ
សង្គមជាតិ
កម្ពុជា ទទួលបានបដិមានិងវត្ថុបុរាណជាង១០០មកវិញ ពីគ្រួសារបរទេសមួយ
× ក្រុមគ្រួសាររបស់ជនបរទេសមួយ គឺក្រុមគ្រួសាររបស់លោក លោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) បានយល់ព្រមប្រគល់បដិមានិងវត្ថុបុរាណខ្មែរជាង១០០ ដែលក្រុមគ្រួសាររបស់លោក បានរក្សាទុកកន្លមក ជូនមកកម្ពុជាវិញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
សេចក្តីជូនព័ត៌មាន បានឲ្យដឹងថា ក្រសួងវប្បធម៌និងក្រុមគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិធម៌ខ្មែរ។ មុនគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ យល់ព្រមប្រគល់បដិមានិងវត្ថុបុរាណខ្មែរទាំងនោះ មកកម្ពុជាវិញ គឺគ្រួសាររបស់លោក និងក្រសួងវប្បធម៌ បានចរចាគ្នាអស់រយៈពេលជាង៣ឆ្នាំ។ ក្រសួងវប្បធម៌ លើកពីគុណសម្បត្តិរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កិច្ចការនេះ ទទួលបានជោគជ័យ គឺដោយសារតែមានការចង្អុលបង្ហាញនិងការគាំទ្រពីសម្តេច។
ក្រសួងវប្បធម៌ ផ្តល់ព័ត៌មានថា បដិមានិងវត្ថុបុរាណខ្មែរជាង១០០នោះ ដែលធ្វើឡើងពីថ្មនិងសំរិទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ បើតាមក្រសួងវប្បធម៌ វត្ថុបុរាណទាំងនោះ មានអាយុកាលតាំងពីសតវត្សរ៍ទី៦ ហើយពេលមកដល់កម្ពុជា នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ។ ក្រសួងវប្បធម៌ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រសួង នឹងបញ្ជូនបដិមា៥សិន ក្នុងនោះមាន សិវស្កន្ទ (ព្រះឥសូរ និងព្រះស្កន្ទ), កន្សែទូក, ព្រះអឌ្ឍនារីស្វរៈ, ព្រះនាងប្រាជ្ញាបារមី, និងទេពភេទប្រុស។
លោក ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ ប្រាប់សារព័ត៌មានថ្មីៗថា បើគ្មានឧបស័គ្គអ្វីនោះទេ បដិមាទាំង៥នោះ នឹងមកដល់កម្ពុជា នៅចុងខែកុម្ភៈឬនៅដើមខែមីនា ឆ្នាំ២០២១។ លោក បន្តថា បដិមានិងវត្ថុបុរាណជាង១០០នោះ មិនស្ថិតនៅក្នុងប្រទេសឬកន្លែងណាតែមួយឡើយ គឺស្ថិតនៅកន្លែងផ្សេងៗគ្នា។
យ៉ាងណា លោក មិនប្រាប់ឲ្យជាក់ជាក់នោះទេថា បដិមានិងវត្ថុបុរាណខ្មែរទាំងនោះ ស្ថិតនៅប្រទេសណានិងនៅកន្លែងណាខ្លះ ហើយក្រុមគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ ជាជនជាតិអ្វី។ លោក លើកហេតុផលថា ការមិនបញ្ចេញព័ត៌មានទាំងនេះជាសាធារណៈ គឺជាការស្នើរបស់លោក ឌូគ្លាស ឡាចហ្វដ ដ្បិតលោក ឌូគ្លាស ឡាចហ្វដ ចង់រក្សាឯកជនភាពរបស់ខ្លួន។
ម្យ៉ាងទៀត មន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌រូបនេះ អះអាងថា លោក ឌូគ្លាស ឡាចហ្វដ ក៏មិនដឹងច្រើនដែរពីបដិមានិងវត្ថុបុរាណខ្មែរទាំងនោះដែរ លោក លោក ឌូគ្លាស ឡាចហ្វដ គ្រាន់តែប្រាប់ថា បដិមានិងវត្ថុបុរាណខ្មែរទាំងនោះ បានបន្សល់ទុកមកពីឪពុក។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ មានប្រសាសន៍ថា៖« [លោក ឌូគ្លាស ឡាចហ្វដ] គាត់ ជាក្មេរជំនាន់ក្រោយ គាត់ មិនសូវដឹងដែរ ហើយគាត់ ក៏មិនបានចែករំលែក [ព័ត៌មាន] អីច្រើនដែរ។ យើង ក៏មិនបានសួរអីច្រើនដែរ សំខាន់ គ្រាន់ដឹងថាជារបស់យើង យើង បានមកវិញ»៕
Tag:
វត្ថុបុរាណ
ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com