ភាគច្រើននៃពួកយើងប្រើប្រាស់ប្រេងអូលីវដើម្បីចម្អិនអាហារ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានប្រេងនេះ ១ស្លាបព្រារាល់ព្រឹកនៅពេលពោះទទេរមិនទាន់ញ៊ាំអ្វីផ្សេងអាចផ្ដល់អត្ថប្រយោជន៍ទ្វេដង? ផលល្អៗនៃការទទួលទានប្រេងអូលីវមួយស្លាបព្រារាល់ព្រឹកមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានប្រេងអូលីវ ១ ស្លាបព្រាបាយរាល់ព្រឹក ៖
១. វាល្អសម្រាប់ស្បែក
ប្រេងអូលីវជាគ្រឿងផ្សំដ៏សំខាន់បំផុតមួយនៃផលិតផលថែរក្សាសម្រស់ភាគច្រើន ហើយវាក៏អាចផ្ដល់អត្ថប្រយោជន៍ដល់ស្បែកតាមរយៈការរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ វាជួយកាត់បន្ថយការឡើងក្រហមលើស្បែកមុខ ក៏ដូចជាការហើម ហើយទប់ស្កាត់ស្នាមជ្រីវជ្រួញផងដែរ។ បន្ថែមពីនេះប្រេងអូលីវមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជួយរក្សាសំណើមនៃស្បែកទប់ស្កាត់បញ្ហាស្បែកស្ងួតបានយ៉ាងប្រសើរ។ ម្យ៉ាងវិញទៀតប្រេងអូលីវថែមទាំងមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីទៀតផង។
២. វាល្អសម្រាប់ខួរក្បាល
ការទទួលទានប្រេងអូលីវជាប្រចាំអាចជួយការពារកោសិកាខួរក្បាលនិងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង (Alzheimer’s)បានយ៉ាងប្រសើរ។ អ្នកដែលបានរួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃមានការចងចាំល្អជាងអ្នកដែលប្រកាន់ខ្ជាប់នូវរបបអាហារដែលមានផ្ទុកជាតិខ្លាញ់ល្អទាប។
៣. វាជួយពង្រឹងសុខភាពឆ្អឹង
សារធាតុសំខាន់ៗក្នុងប្រេងអូលីវអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់សម្រាប់អ្នកជំងឹរលាកសន្លាក់រ៉ាំរ៉ៃដោយវាជួយបន្ថយការឈឺចាប់និងការឡើងរឹងនៃសន្លាក់។
៤. វាជួយកាត់បន្ថយការរលាកក្នុងរាងកាយ
ការរួមបញ្ចូលប្រេងអូលីវនិងអាហារផ្សេងទៀតដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ក្នុងរបបអាហារប្រចាំថ្ងៃអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយគួរឱ្យកត់សម្គាល់។
៥. វាជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
ប្រេងអូលីវសុទ្ធអាចជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ វាការពាររាងកាយប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងកាត់បន្ថយហានិភ័យនៃជំងឺនេះ។
៦. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ប្រេងអូលីវមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម phytonutrients រួមបញ្ចូលទាំង squalene ដែលរារាំងការលូតលាស់នៃដុំសាច់មហារីក និងកម្ចាត់រ៉ាឌីកាល់សេរីជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយការរលាករ៊ាំរ៉ៃក្នុងរាងកាយ។ ដូច្នេះកុំភ្លេចរួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕