ភាគច្រើននៃពួកយើងតែងដកខ្លាញ់ចេញរបបអាហារប្រចាំថ្ងៃដោយគិតថាវាមិនល្អសោះឡើយចំពោះសុខភាព។ ទោះជាយ៉ាងណាមិនមែនខ្លាញ់ទាំងអស់សុទ្ធតែផ្ដល់ផលនូវប៉ះពាល់នោះទេ។ ជាក់ស្ដែងខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់សម្រាប់សុខភាព។ ការបញ្ឈប់មិនទទួលទានខ្លាញ់ល្អអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនចំពោះសុខភាពរាងកាយនិងផ្លូវចិត្ត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអាចកើតឡើងនៅពេលអ្នកបញ្ឈប់ការទទួលទានអាហារមានជាតិខ្លាញ់តែម្ដង ៖
១. អ្នកអាចមានអារម្មណ៍ឃ្លានជាងមុន
នៅពេលអ្នកបញ្ឈប់ការទទួលទានខ្លាញ់ អ្នកអាចនឹងកត់សម្គាល់បានថាហាក់ដូចជាមិនសូវឆ្អែតសោះក្រោយពេលទទួលទានអាហាររួច។ នេះក៏ព្រោះតែជាតិខ្លាញ់ក៏ជាសារធាតុចិញ្ចឹមចាំបាច់ដែលរាងកាយត្រូវការផងដែរ ប៉ុន្តែក្នុងកម្រិតមធ្យម។ ហើយប្រសិនបើអ្នកមិនទទួលទានជាតិខ្លាញ់បានគ្រប់គ្រាន់ទេនោះ អ្នកក៏ងាយនឹងឃ្លានទទួលទានអាហារផ្សេងទៀតដែលមានកាឡូរីខ្ពស់។
២. ការចងចាំចុះអន់ខ្សោយ
ប្រសិនបើអ្នកដកខ្លាញ់ចេញពីរបបអាហារទាំងស្រុង នោះអ្នកនឹងប្រឈមមុខខ្ពស់ជាមួយបញ្ហានៃការចងចាំ។ នេះក៏ព្រោះតែខ្លាញ់ល្អជួយបង្កើនសុខភាពខួរក្បាល។ ដូច្នេះហើយទើបអ្នកគួររួមបញ្ចូលអាហារដែលមានផ្ទុកជាតិខ្លាញ់សុខភាពល្អដូចជាប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងត្រីក្នុងរបបអាហារប្រចាំថ្ងៃដើម្បីបង្កើនការចងចាំ។ ការទទួលទានខ្លាញ់ល្អក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងស្មារតី (dementia) ផងដែរ។
៣. ការកើនឡើងខ្ពស់នូវហានិភ័យនៃជំងឺបេះដូង
ខ្លាញ់ល្អ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពបេះដូង។ របបអាហារដែលមានផ្ទុកជាតិខ្លាញ់ល្អជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ព្រមទាំងជំងឺបេះដូងប្រភេទផ្សេងទៀតបានយ៉ាងប្រសើរ។
៤. អ្នកអាចនឹងកើនទម្ងន់
នៅពេលអ្នកប្រកាន់ខ្ជាប់នូវរបបអាហារមានផ្ទុកជាតិខ្លាញ់ទាប អ្នកក៏កំពុងរារាំងរាងកាយពីការដុតបំផ្លាញ់ជាតិខ្លាញ់ផងដែរ។ នេះក៏ព្រោះតែខ្លាញ់សុខភាពល្អដូចជាជាតិខ្លាញ់ក្នុងគ្រាប់អាល់ម៉ុនអាចជួយធ្វើឱ្យការដុតរំលាយអាហារក្នុងរាងកាយកាន់តែប្រសើរឡើង។
៥. ពិបាកនឹងឡើងសាច់ដុំ
ការទទួលទានខ្លាញ់ល្អនិងការធ្វើលំហាត់ប្រាណជាប្រចាំជួយដល់ការលូតលាស់នៃសាច់ដុំ។ ជាតិខ្លាញ់ក៏អាចបង្កើនកំហាប់នៃប្រូតេអ៊ីនក្នុងរាងកាយដែលនឹងជួយឱ្យរាងកាយឆាប់ជាសះស្បើយក្រោយពេលធ្វើលំហាត់ប្រាណខ្លាំងក្លាផងដែរ។
៦. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
អាស៊ីតខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់សម្រាប់ការពារប្រព័ន្ធភាពស៊ាំរាងកាយ។ ការស្រូបយកវីតាមីននឹងមានលក្ខណៈកាន់តែប្រសើរនៅពេលទទួលទានជាមួយអាហារមានជាតិខ្លាញ់ល្អ។ ប្រសិនបើអ្នកដកជាតិខ្លាញ់ល្អពីក្នុងរបបអាហារ រាងកាយអាចនឹងមិនទទួលបានវីតាមីនគ្រប់គ្រាន់ពីក្នុងអាហារឡើយ៕