អន្តរជាតិ
រដ្ឋបាលលោក បៃឌិន ប្រកាសទទួលយកជនភៀសខ្លួនជាង១០ម៉ឺនក្នុងរយៈពេល១ឆ្នាំ
05, Feb 2021 , 10:59 pm        
រូបភាព
ជនភៀសខ្លួនពីតំបន់អាមេរិកកណ្តាលធ្វើដំណើរទៅអាមេរិក។ រូបភាព៖AFP
ជនភៀសខ្លួនពីតំបន់អាមេរិកកណ្តាលធ្វើដំណើរទៅអាមេរិក។ រូបភាព៖AFP
ដោយ:
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី៤ ខែកុម្ភៈ ប្រកាសផែនការបង្កើនការទទួលជនភៀសខ្លួនក្នុងរយៈពេល១ឆ្នាំមួយៗ។ ការប្រកាសទទួលយកជនភៀសខ្លួនរបស់លោក បៃឌិន មានចំនួនច្រើនជាង៨ដងនៃចំនួនដែលបានកំណត់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ នេះជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍អាមេរិកដែលលោក បៃឌិន សន្យាពេលឃោសនារកសំឡេងឆ្នោត។

 
ក្នុងសុន្ទរកថានៅក្រសួងការបរទេសនៅថ្ងៃទី៤ ខែមករា លោក ចូ បៃឌិន លើកឡើងថា លោកចង់ឱ្យអាមេរិកទទួលយកជនភៀសខ្លួន១សែន២ម៉ឺន៥ពាន់ក្នុងមួយឆ្នាំៗក្រោមកម្មវិធីផ្លាស់ប្ដូរលំនៅរបស់ជនភៀសខ្លួន។ បច្ចុប្បន្ន អាមេរិកទទួលយកជនភៀសខ្លួន១៥០០០នាក់ប៉ុណ្ណោះក្រោមការកំណត់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ។
 
 
 
«យើងផ្ដល់ទីសុវត្ថិភាពសម្រាប់អ្នកដែលភៀសខ្លួនពីហិង្សា និងការធ្វើទុក្ខបុកម្នេញ។ នេះជាការបញ្ជាក់របស់លោក បៃឌិន ។ នៅថ្ងៃដដែល លោក បៃឌិន ក៏យល់ព្រមលើបញ្ជាប្រតិបត្តិមួយដែលនឹងបង្កើនសមត្ថភាពអាមេរិកក្នុងការទទួលជនភៀសខ្លួនដែលពិភពលោកកំពុងជួបបញ្ហាក្នុងទំហំមួយដែលមិនធ្លាប់មានពីមុនមក។ លោក បៃឌិន សន្យាស្តារកិត្តនាមជាប្រវត្តិសាស្ត្ររបស់អាមេរិកដែលជាប្រទេសស្វាគមន៍ជនភៀស។ 
 
បញ្ជាប្រតិបត្តិរបស់លោក បៃឌិន ក៏តម្រូវឱ្យពិនិត្យឡើងវិញ និងជួយពន្លឿនការផ្តល់កម្មវិធីទិដ្ឋាការពិសេសសម្រាប់ជនភៀសខ្លួនមកពីអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថានដែលបានជួយ និងផ្តល់ប្រយោជន៍ដល់ប្រតិបត្តិការការទូត និងយោធាអាមេរិកនៅទីនោះ។ កន្លងមក អតីតយុទ្ធជនអាមេរិក ជំរុញឱ្យរដ្ឋាភិបាលជួយបន្ថែមទៀតដល់ជនភៀសខ្លួនដែលជាអតីតយោធា ឬអ្នកបកប្រែប្រថុយជីវិតជួយទាហានអាមេរិកផងដែរ។ 
 
បន្ថែមពីនេះ លោក បៃឌិន បានលុបចោលគោលនយោបាយរបស់លោក ត្រាំ ដែលផ្តល់សិទ្ធិឱ្យរដ្ឋនីមួយៗអាចជំទាស់លើការទទួលយកជនភៀសខ្លួន។ ប្រធានាធិបតីអាមេរិក បញ្ជាទីប្រឹក្សាសន្តិសុខជាតិ តែងតាំងអ្នកសម្របសម្រួលកិច្ចការជនភៀសខ្លួនរវាងទីភ្នាក់ងារសហព័ន្ធទាំងអស់។ ដូចគ្នានេះដែរ ទីភ្នាក់ងារសហព័ន្ធត្រូវបង្ហាញរបាយការណ៍ស្តីពីបម្រែបម្រួលអាកាសធាតុ និងការភៀសខ្លួនក្នុងរយៈពេល១៨០ថ្ងៃ ។
 
ការបង្ហាញគោលនយោបាយស្តីពីជនភៀសខ្លួននេះ ត្រូវបានមើលឃើញថា ស្រដៀងទៅនឹងគោលនយោបាយរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ គ្រានោះលោក អូបាម៉ា ទទួលយកជនភៀសខ្លួន១សែន១ម៉ឺននាក់នៅឆ្នាំ២០១៧។ ប៉ុន្តែចំនួនខាងលើត្រូវបានបន្ថយច្រើនជាងភាគកណ្តាលនៅពេលលោក ត្រាំ កាន់តំណែង និងបន្តធ្លាក់ទៀតរហូតដល់លោក ត្រាំ ចប់អាណត្តិ។
 
មានទាំងមតិប្រឆាំង ទាំងមតិស្របទៅនឹងគោលនយោបាយរបស់លោកបៃឌិន។ ជាក់ស្តែងសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋលោកTom Cotton សង្កត់ធ្ងន់ថា ការទទួលយកជនភៀសខ្លួនក្នុងចំនួនដ៏ច្រើន អំឡុងពេលមានជំងឺឆ្លងមិនខុសអ្វីពីយកការងារ និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកទៅប្រឈមនឹងគ្រោះថ្នាក់ឡើយ។ លោកស្រី Krish O’Mara Vignarajah ប្រធានអង្គការជួយជនភៀសខ្លួន LIRS គាំទ្រគោលនយោបាយនេះដោយអះអាងថា នឹងជួយជីវិតមនុស្សរាប់សែននាក់។
 
នាពេលកន្លងមក លោកRon Klain នាយកខុទ្ទកាល័យសេតវិមាននិយាយថា លោកបៃឌិនចង់ឱ្យជនភៀសខ្លួនអាចទទួលបានសញ្ជាតិតាមរយៈនីតិវិធីដែលមានរយៈពេល៨ឆ្នាំ។ ចំណែកឯកុមារ និងជនភៀសខ្លួនមកពីប្រទេសរងគ្រោះដោយសង្គ្រាម នឹងទទួលបានសញ្ជាតិលឿនជាងជនភៀសខ្លួនដទៃទៀត៕
 
 
 

Tag:
 អាមេរិក
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com