កីឡាអន្តរជាតិ
អន្តរជាតិ
Pique ថា អាជ្ញាកណ្តាលនៅ La Liga ភាគច្រើនលម្អៀងទៅ Real Madrid
05, Feb 2021 , 5:10 pm        
រូបភាព
Gerard Pique ខ្សែការពារក្រុម Barcelona បានលើកយកករណីអាជ្ញាកណ្តាលនៅអេស្ប៉ាញមកជជែក ហើយអះអាងថា មន្រ្តីអាជ្ញាកណ្តាលជាច្រើនហាក់ដូចជាអនុគ្រោះឱ្យ Real Madrid ដែលជាក្រុមគូប្រជែងដ៏ធំរបស់ខ្លួន។



នៅក្នុងបទសម្ភាសន៍មួយនៅលើបណ្តាញសង្គមយូធូបឈ្មោះ Post United នៅថ្ងៃទី៥ ខែកុម្ភៈនេះ Pique បាននិយាយថាប្រសិនបើអាជ្ញាកណ្តាលនៅ La Liga ភាគច្រើនគាំទ្រ Real Madrid នោះក្រុមនេះនឹងមានប្រៀបរួចទៅហើយក្នុងការប្រកួត។
ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញ វ័យ៣៤ឆ្នាំដែលទើបជាសះស្បើយពីរបួសជង្គង់និយាយដូច្នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញផ្សាយពីការអធិប្បាយរបស់អតីតអាជ្ញាកណ្តាលលោក Eduardo Iturralde Gonzalez ថា មន្ត្រីអាជ្ញាកណ្តាលជាច្រើននៅអេស្ប៉ាញ ជាអ្នកគាំទ្ររបស់ Real Madrid។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Iturralde ថែមទាំងហ៊ានវាយតម្លៃថារវាងអ្នកគាំទ្រ Real Madrid និង Barcelona នៅក្នុងបញ្ជីមន្ត្រីអាជ្ញាកណ្តាលក៏មានភាគរយខុសគ្នាច្រើនដែរគឺរវាង៩០ភាគរយនិង១០ភាគរយ។
ក្រោយមានការចុះផ្សាយបែបនេះ Pique ហាក់បង្ហាញការយល់ស្របនឹងការលើកឡើងដូច្នេះ។ អតីតខ្សែការពារ Manchester United អះអាងថា បើអាជ្ញាកណ្តាលអនុគ្រោះដល់ក្រុមរហស្សនាមអធិរាជសទៅហើយ ដូច្នេះពួកគេប្រាកដជាមានតែមលើគូប្រជែងទៅហើយ។ 
 
យ៉ាងណាក៏ដោយ Pique នៅតែគោរពវិជ្ជាជីវៈរបស់អាជ្ញាកណ្តាល ហើយជឿជាក់ថា មន្ត្រីកាត់សេចក្តីទាំងនោះនឹងធ្វើការឱ្យបានល្អបំផុតលើទីលាន។
Barca ស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាងលីគកំពូលអេស្ប៉ាញ La Liga ដោយរកបាន៤០ពិន្ទុ ស្មើគ្នាជាមួយគូប្រជែង Real Madrid ដែលនៅលេខ៣ ក្រោយឆ្លងកាត់ការប្រកួត២០លើកដូចគ្នា។ Atletico Madrid នាំមុខកំពូលតារាងមាន៥០ពិន្ទុ តែទើបប្រកួត១៩លើកប៉ុណ្ណោះ៕
 

Tag:
 Real Madrid
  La Liga
  Gerard Pique
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com