អន្តរជាតិ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកកិច្ចប្រជុំពិសេសស្តីពីវិបត្តិមីយ៉ាន់ម៉ានៅថ្ងៃសុក្រ
×
ដោយ ឈួន ឈីវអ៊ីង
ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី១២ ខែកុម្ភៈ ដើម្បីពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ា ទីដែលក្រុមយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល។ នេះបើតាមការលើកឡើងរបស់ក្រុមប្រឹក្សាក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី ៨ ខែកុម្ភៈ។
កិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវស្នើដោយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ សមាជិកចំនួន១៩ប្រទេសក្នុងចំណោមសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសរុប៤៧ប្រទេស គាំទ្រសំណើរៀបចំកិច្ចប្រជុំនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខ។ ជប៉ុន និងកូរ៉េខាងត្បូងក៏គាំទ្រការរៀបចំកិច្ចប្រជុំពិសេសដ៏កម្រនេះដែរ។
«ការឃុំឃាំងអ្នកនយោបាយដែលបានជាប់ឆ្នោត និងជនស៊ីវិលដោយកងកម្លាំងយោធា ជាសញ្ញាអាក្រក់នៃបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស។» នេះជាការអះអាងរបស់អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំ UN ទីក្រុងហ្សឺណែវ។ លោក Julian Braithwaite។ លោកក៏បានបន្ថែមទៀតថា រឿងសំខាន់បំផុត គឺត្រូវតែឆ្លើយតបឱ្យបានឆាប់រហ័សទៅកាន់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ និងស្ថានភាពសិទ្ធមនុស្សនៅទីនោះដែលមានសភាពអាក្រក់ឡើងជាលំដាប់។
បើតាមទីភ្នាក់ងារពត៌មាន Reuters អ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្សប្រចាំមីយ៉ាន់ម៉ា លោក Thomas Andrews ក៏ធ្លាប់បានអំពាវនាវឱ្យមានកិច្ចប្រជុំពិសេសមួយដើម្បីបង្ហាញទៅប្រជាជនមីយ៉ាន់ម៉ាថា ពួកគេមិនបាននៅតែឯងក្នុងអំឡុងពេលជួបគ្រោះថ្នាក់ និងត្រូវការជំនួយនោះទេ។
ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំពិសេសចាប់ផ្ដើម ប្រទេសដែលគាំទ្រជំនួបនេះ កំពុងរៀបចំសេចក្ដីព្រាងមួយសម្រាប់អនុម័តនៅថ្ងៃទី១២ ខែកុម្ភៈ។ អាមេរិកដែលប្រកាសថា នឹងវិលត្រលប់មកចូលរួមជាអ្នកសង្កេតការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏គាំទ្រកិច្ចប្រជុំដែរ។
ប្រជាជនមីយ៉ាន់ម៉ារាប់ម៉ឺននាក់បានចេញតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងសំខាន់ៗ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់យោធាទៅលើរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី។ មេដឹកនាំយោធាលោក Min Aung Hlaing បានអះអាងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត និងផ្ទេរអំណាចទៅឱ្យអ្នកឈ្នះឆ្នោត៕
© រក្សាសិទ្ធិដោយ thmeythmey.com