ជាតិ
អំបុកកំពង់ធំ ត្រូវបានចុះក្នុងបញ្ជី «ម៉ាកសមូហភាព» របស់ក្រសួងពាណិជ្ជកម្ម
× អំបុកកំពង់ធំ ទទួលបានម៉ាកសមូហភាព (Collective Marks) ពីក្រសួងពាណិជ្ជកម្មជាផ្លូវការហើយ។ ការប្រកាសពីការចុះបញ្ជីម៉ាកសមូហភាព អំបុកកំពង់ធំនេះ ធ្វើឡើងនាមហាសន្និបាតកំណើតដំបូង និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលរបស់ «ក្រុមអ្នកផលិតអំបុកកំពង់ធំ» កាលពីថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០២១។ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានThmeythmey25ថា គោលបំណងនៃការចុះបញ្ជីម៉ាកសមូហភាពដល់អំបុកកំពង់ធំនេះ គឺដើម្បីរួមចំណែករក្សារបរប្រពៃណី និងជួយឲ្យអ្នកប្រកបរបរលក់ និងធ្វើអំបុក មានជីវភាពកាន់តែប្រសើរ។
ក្រសួងពាណិជ្ជកម្ម បង្កើតសហគមន៍«ក្រុមអ្នកផលិតអំបុកកំពង់ធំ» និងផ្ដល់ស្លាកសញ្ញាសម្គាល់សមូហផលិតផលអំបុកកំពង់ធំ ដើម្បីរក្សារបរប្រពៃណី បង្កើនតម្លៃអំបុក និងជួយឲ្យអ្នកប្រកបរបរនេះមានជីវភាពប្រសើរ។
យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម «ម៉ាកសមូហភាព» គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជីហើយអាចសំគាល់នូវប្រភពដើមនៃទំនិញឬសេវា ឬសំគាល់នូវចរិតលក្ខណៈរួមដទៃទៀតគិតទាំងគុណភាពនៃទំនិញ ឬសេវា របស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះក្រោមការគ្រប់ គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។
លោក លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទ នៅថ្ងៃទី១៧ កុម្ភៈថា ការបង្កើតសហគមន៍«ក្រុមអ្នកផលិតអំបុកកំពង់ធំ» និងផ្ដល់ស្លាកសញ្ញាសម្គាល់សមូហភាព អំបុកកំពង់ធំនេះ ជាផ្នែកមួយនៃការផ្សព្វផ្សាយឲ្យគេស្គាល់កាន់តែច្រើន ពីផលិតផលរបស់ខេត្ត។ មិនតែប៉ុណ្ណោះ ការផ្ដល់ម៉ាកសម្គាល់ផលិតផលនេះ នឹងធ្វើឲ្យអំបុកកំពង់ធំកាន់តែមានតម្លៃ ហើយក្រុមអ្នកផលិតក៏មានជីវភាពកាន់តែប្រសើរ។
«យើងគ្រាន់ជួយផ្សព្វផ្សាយប៉ុណ្ណោះ រឿងគុណភាពនៃការផលិត ខាងសហគមន៍អ្នកចាត់ចែងដោយខ្លួនឯង។ យើងជឿថា តាមរយៈការផ្ដល់ម៉ាកសម្គាល់ផលិតផល ការផ្សព្វផ្សាយ នឹងជួយបង្កើនការលក់ បន្ថែមតម្លៃ និងប្រែពីការលក់តាមបែបប្រពៃណី»។ លោក សុខ លូ មានប្រសាសន៍ដូច្នេះ មុននឹងបន្តថា កន្លងមកពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលប្រកបរបរលក់អំបុក គឺលក់តាមតាមរដូវកាល តាមផ្ទះ និងតាមផ្សារតិចតួចប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីផលិតផលនេះមានម៉ាកសម្គាល់ត្រឹមត្រូវ ក្រុមអ្នកផលិតនឹងកាន់តែយកចិត្តទុកដាក់លើការផលិត ការវេចខ្ចប់ និងអាចចែកចាយនៅតាមម៉ាត និងផ្សារទំនើប។
សូមជម្រាបថា កាលពីដើមឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានបង្ហើបពីគម្រោងចុះបញ្ជីម៉ាកសមូហភាព និងចុះបញ្ជីសម្គាល់ទីតាំងភូមិសាស្ត្រ លើផលិតផលចំនួន៨មុខ។ ក្នុងនោះមានផលិតផល ៥មុខ គ្រោងចុះបញ្ជីម៉ាកសមូហភាពរួមមានអំបុកកំពង់ធំ, នំបញ្ចុកសៀមរាប, ចម្លាក់ប្រាក់ស្ពាន់ ឃុំកំពង់លួងកោះចិន ខេត្តកណ្តាល, ស្មូនឆ្នាំងដី ខេត្តកំពង់ឆ្នាំង និងពងទាកូនស្រែរនោង ខេត្តតាកែវ។ ផលិតផល៣មុខទៀត គឺទឹកឃ្មុំមណ្ឌលគិរី ,អំបិល និងផ្កាអំបិលកំពត ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com