COVID-19
ជាតិ
វ៉ាក់សាំងជាង៣០ម៉ឺនដូសរបស់ឥណ្ឌា បានមកដល់កម្ពុជាហើយ
× ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣២៤,០០០ដូស របស់ក្រុមហ៊ុនអាស្ត្រាហ្ស៊ីណិកា (AstraZeneca) ដែលទទួលបានអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា បានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី២មីនា ឆ្នាំ២០២១។ នេះជាវ៉ាក់សាំងជំនួយលើកដំបូង ដែលកម្ពុជាបានពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញមកទទួលវ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់ ដោយមានវត្តមាន លោកស្រីវេជ្ជបណ្ឌិត Li Aian តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Foroogh Foyouzat ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងអង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់។ កូវ៉ាក់ ត្រូវបានដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO) អង្គការ GAVI និង អង្គការ CEPI ដោយមានអង្គការយូនីសេហ្វជាដៃគូ។
វ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកានេះ មានប្រសិទ្ធភាព ៦៣,០៩ភាគរយ ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩។ ខណៈបច្ចុប្បន្ន កម្ពុជា កំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រភេទស៊ីណូហ្វាមរបស់ចិន ជូនក្រុមមនុស្សអាទិភាព បានមួយចំនួនហើយ។
កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនជាលើកដំបូង ចំនួន៦០ម៉ឺនដូស កាលពីថ្ងៃទី៧កុម្ភៈ ហើយវ៉ាក់សាំងនេះ មានប្រសិទ្ធភាព ៧៩,៨៣ភាគរយ ដែលអាចចាក់បានលើមនុស្ស មានចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ។ ក្នុងចន្លោះវ័យនេះ អ្នកដែលមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com