អន្តរជាតិ
តំណាងរដ្ឋាភិបាលស៊ីវិល និងក្រុមយោធាមីយ៉ាន់ម៉ា ដណ្តើមកៅអីគ្នានៅ UN
03, Mar 2021 , 4:22 pm        
រូបភាព
លោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ាដែលត្រូវរបបយោធាបញ្ចប់តំណែង។
លោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ាដែលត្រូវរបបយោធាបញ្ចប់តំណែង។
កៅអីតំណាងមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ (UN) កំពុងត្រូវទាញទៅទាញមករវាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងតំណាងដែលតែងតាំងដោយរដ្ឋាភិបាលស៊ីវិលមុនមានរដ្ឋប្រហារ។ 

 
 
នរណាជាតំណាងរបស់មីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ? អ្នកនាំពាក្យ UN លោក Stephane Dujarric បានអះអាងថា UN ទទួលលិខិតទាំងពីរទាក់ទងអាសនៈមីយ៉ាន់ម៉ានៅស្ថាប័នពិភពលោកមួយនេះ ដោយមួយផ្ញើពីលោក Kyaw Moe Tun តំណាងមីយ៉ាន់ម៉ាដែលតែងតាំងដោយរដ្ឋាភិបាលស៊ីវិល និងមួយទៀតផ្ញើពីក្រសួងការបរទេសមីយ៉ាន់ម៉ាក្រោមរដ្ឋាភិបាលយោធា។ លិខិតទាំងពីរ សុទ្ធតែដណ្ដើមកៅអីតំណាងឱ្យមីយ៉ាន់ម៉ាដូចគ្នា។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Kyaw Moe Tun ដែលត្រូវរបបយោធាបញ្ចប់តំណែងនោះ បានសរសេរលិខិតមួយច្បាប់ នៅថ្ងៃទី១ ខែមីនា ទៅប្រធានមហាសន្និបាតអង្គការសហប្រជាជាតិជាមួយការអះអាងថា លោកនៅតែមានសិទ្ធិកាន់កាប់អាសនៈនៅ UN ដដែល។ លោក Kyaw Moe Tun ត្រូវបានរបបសឹកបញ្ចប់តំណែងនៅចុងខែកុម្ភៈ ដោយសំអាងថា បានក្បត់នឹងប្រទេស ក្រោយរិះគន់រដ្ឋប្រហារ។ 
 
«អ្នកប្រព្រឹត្តរដ្ឋប្រហារយោធា...គ្មានអំណាចលុបចោលសិទ្ធិអ្នកតំណាងអចិន្រ្តៃយ៍ស្របច្បាប់របស់ប្រទេសបានឡើយ»។ លោក Kyaw Moe Tun បញ្ជាក់បែបនេះ។
 
មួយថ្ងៃបន្ទាប់ ក្រសួងការបរទេសមីយ៉ាន់ម៉ា ក៏បានផ្ញើលិខិតមួយច្បាប់ទៅអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា លោក Kyaw Moe Tun ត្រូវបានបញ្ចប់តំណែងហើយ។ បើតាមលិខិតក្រសួងការបរទេសមីយ៉ាន់ម៉ា លោក Tin Maung Naing ដែលជាតំណាងអចិន្រ្តៃយ៍រង ត្រូវតែងតាំងជាភារធារីស្តីទីនៃគណៈបេសកកម្មអចិន្រ្តៃយ៍ជំនួសលោក Kyaw Moe Tun វិញ។
 
ទាក់ទិននឹងបញ្ហាចម្រូងចម្រាសខាងលើ អ្នកនាំពាក្យ UN លោក Dujarric បញ្ជាក់ថា គណៈកម្មាធិការពិធីការ និងសារតាំងអង្គការសហប្រជាជាតិ កំពុងមើលបញ្ហានេះ ដើម្បីដាក់ជូនមហាសន្និបាត។ ផ្អែកតាមនីតិវិធី UN តំណាងរបស់ប្រទេសមួយ ត្រូវតែទទួលស្គាល់ដោយប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល និងក្រសួងការបរទេស។ លិខិតដែលរបបសឹកផ្ញើទៅការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២ ខែមីនា គឺតំណាងឱ្យក្រសួងការបរទេស ប៉ុន្តែវាគ្រាន់តែជាកំណត់ទូតប៉ុណ្ណោះ
 
ចំណែកលិខិតរបស់លោក Kyaw Moe Tun មានការបញ្ជាក់ពីការតែងតាំងជាអ្នកតំណាងអចិន្រ្តៃយ៍ UN ដោយប្រធានាធិបតីលោក Win Myint និងរដ្ឋមន្រ្តីការបរទេស លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងឆ្នាំ២០២០។ បើតាមលោក Kyaw Moe Tun រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា នៅតែជារដ្ឋាភិបាលស្របច្បាប់នៃប្រទេសដដែល បើទោះត្រូវបានទម្លាក់ដោយក្រុមយោធាក៏ដោយ។ 
 
សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែមីនា បាតុករមីយ៉ាន់ម៉ា នៅតែបន្តធ្វើបាតុកម្មដដែល ខណៈពេលក្រុមប៉ូលិសនៅតែប្រើឧស្ម័ន គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមអ្នកតវ៉ាដដែល។ ជាមួយគ្នានេះ លោក Win Myint ប្រធានាធិបតីដែលត្រូវបានដកតំណែង បានរងបទចោទចំនួនពីរករណីបន្ថែមទៀត ក្នុងនោះរួមមានការបំពានរដ្ឋធម្មនុញ្ញ។ មកទល់ពេលនេះ លោកស្រី ស៊ូជី និងលោក Win Myint ត្រូវបានចោទម្នាក់៤ករណី ដែលអាចជាប់ពន្ធនាគារជាច្រើនឆ្នាំ៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com