អន្តរជាតិ
បាតុករមីយ៉ាន់ម៉ា៣៨នាក់ បាត់បង់ជីវិតក្នុងការបង្រ្កាបរបស់ប៉ូលិស
04, Mar 2021 , 12:29 pm        
រូបភាព
បាតុករមីយ៉ាន់ម៉ា យ៉ាងហោចណាស់ចំនួន ៣៨នាក់ បានបាត់បង់ជីវិត នៅក្នុងការតវ៉ាស្ទើរតែទូទាំងប្រទេសក្នុងថ្ងៃទី៣ ខែមីនា។ នេះជាចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីរដ្ឋប្រហារយោធាមក។ ការបង្រ្កាបលើក្រុមបាតុករ ពីសំណាក់របបសឹក បានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ខណៈអាមេរិក កំពុងពិនិត្យមើលទណ្ឌកម្មផ្សេងទៀត ដើម្បីដាក់លើក្រុមយោធា។

 
 
ដ្បិតមានការព្រមានពីសហគមន៍អន្តរជាតិ និងការអំពាវនាវពីអាស៊ានក៏ដោយ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានបញ្ឈប់សកម្មភាពបង្រ្កាបរបស់ខ្លួនលើបាតុករឡើយ។ របបសឹកមួយនេះ ធ្វើមិនដឹងមិនលឺ ពីទណ្ឌកម្ម និងសេចក្តីថ្លែងការណ៍ផ្សេងៗ។ 
 
ក្នុងការបង្រ្កាបថ្ងៃទី៣ ខែមីនា អ្នកស្លាប់នៅក្នុងបាតុកម្មតវ៉ានឹងរដ្ឋប្រហារយោធា បានហក់ឡើងរហូតដល់ ៣៨នាក់ឯណោះ ក្នុងមួយថ្ងៃ ដោយសារតែការបង្រ្កាបរបស់ប៉ូលិសមីយ៉ាន់ម៉ា។ នេះបើតាមតួលេខដែលបញ្ចេញដោយលោកស្រី Christine Schraner Burgener ប្រេសិតអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា។ លោកស្រី Schraner Burgener ប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃទី ៣ ខែមីនា ថា នេះជាចំនួនស្លាប់ច្រើនបំផុត ចាប់តាំងពីរដ្ឋប្រហារយោធា ខណៈអ្នករបួសក៏មានចំនួនច្រើនដែរ។ 
 
គិតត្រឹមថ្ងៃទី៣ ខែមីនា បាតុករមីយ៉ាន់ម៉ា ស្លាប់នៅក្នុងការតវ៉ានឹងក្រុមយោធា មានចំនួនច្រើនជាង ៥០នាក់។ ដើម្បីបំបែកក្រុមបាតុករ ក្រុមប៉ូលិស បានបាញ់គ្រាប់កាំភ្លើងពិត គ្រាប់កាំភ្លើងជ័រ ចំពាម ឧស្ម័នបង្ហូរទឹកភ្នែក និងដំបងជាដើម។ 
 
ទាក់ទិននឹងបញ្ហាខាងលើ លោកស្រីប្រេសិតអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា បានបញ្ជាក់ថា នឹងបន្តតស៊ូលើបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ លោកស្រី SchranerBurgener ក៏បានអំពាវនាវទៅអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីដាក់លើក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP។ 
 
ប្រេសិតអង្គការសហប្រជាជាជាតិសម្រាប់មីយ៉ាន់ម៉ារូបនេះ បានបន្ថែមថា លោកស្រីក៏បានជជែកជាមួយមន្រ្តីជាន់ខ្ពស់របបយោធាមីយ៉ាន់ម៉ា លោក Soe Win និងព្រមានពីការដាក់ទណ្ឌកម្មផងដែរ។ បើតាមលោកស្រី Schraner Burgener លោក Soe Win ឆ្លើយវិញថា ក្រុមយោធា ស៊ាំជាមួយទណ្ឌកម្មហើយ ហើយក៏អាចបន្តរស់បានដែរ។ មេដឹកនាំយោធារូបនេះ ប្រកាសថា របបសឹកត្រូវតែរៀនដើរក្នុងពេលមានមិត្តតិចបំផុត។  
 
អាមេរិកឯណោះវិញ បានហៅហិង្សាមីយ៉ាន់ម៉ា ជារឿងរន្ធត់ និងស្អប់ខ្ពើម។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price  អាមេរិក នឹងអំពាវនាវឱ្យប្រទេសផ្សេងទៀត និយាយក្នុងសំឡេងតែមូយរិះគន់លើអំពើហិង្សាយ៉ាងឃោរឃៅ ដែលប្រព្រឹត្តដោយរបបសឹក។ អាមេរិកនឹងពិនិត្យមើលចំណាត់ការផ្សេងទៀត ដើម្បីដាក់សម្ពាធលើក្រុមយោធាមីយ៉ាន់ម៉ា ដែលធ្វើទុក្ខបុកម្នេញប្រជាជនមីយ៉ាន់ម៉ា។ 
 
ដោយឡែកអ្នកសារព័ត៌មានចំនួន ៦រូប ក្នុងនោះក៏មានអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មាន AP ផងដែរ ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ឱ្យមានការភ័យខ្លាច និងចែកចាយព័ត៌មានមិនពិត។ នេះបើតាមការបញ្ជាក់របស់មេធាវីពួកគេ ដែលលើកឡើងទៀតថា ពេលនេះ អ្នកទាំងនោះ កំពុងជាប់ឃុំខ្លួននៅក្នុងគុក នៅទីក្រុងយ៉ាំងហ្គោន។ 
 
បន្ទាប់ពីមានចំនួនអ្នកស្លាប់ដ៏ច្រើនដូចខាងលើ សកម្មជនលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា បានសន្យាចេញមកធ្វើបាតុកម្មបន្ថែមទៀត នៅថ្ងៃទី៤ ខែមីនា ដើម្បីប្រឆាំងតវ៉ានឹងក្រុមយោធា និងលុបចោលប្រព័ន្ធយោធាចេញពីរឹសគល់ក្នុងសង្គមមីយ៉ាន់ម៉ា៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com