COVID-19
អន្តរជាតិ
អ្នកស្រាវជ្រាវ​២៦​រូប ទាមទារ​ឱ្យ​WHO រក​ប្រភព​ជំងឺ​កូ​វីដ​-១៩​ម្តងទៀត​
06, Mar 2021 , 2:47 pm        
រូបភាព
ការបង្ហាញរបស់WHO_និងអ្នកវិទ្យាសាស្ត្រចិនក្រោយបញ្ចប់បេសកកម្មនាខែកុម្ភៈ។
ការបង្ហាញរបស់WHO_និងអ្នកវិទ្យាសាស្ត្រចិនក្រោយបញ្ចប់បេសកកម្មនាខែកុម្ភៈ។
ដោយ:
​ក្រុម​អ្នកស្រាវជ្រាវ និង​អ្នកវិទ្យាសាស្ត្រ​ចំនួន​២៦​រូប បាន​ចុះហត្ថលេខា​ង​លើ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃទី​៤ ខែមីនា ជូនទៅ​អង្គការ​សុខភាព​ពិភពលោក​(WHO)​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​ជាថ្មី​ចំពោះ​ប្រភព​នៃ​ជំងឺ​កូ​វីដ​-១៩​។​ការទាមទារ​ឱ្យ​ស៊ើបអង្កេត​ជាថ្មី​នេះ ធ្វើឡើង​ស្របពេល​ដែល​WHO​ពន្យារពេល​ក្នុង​ចេញផ្សាយ​នូវ​របាយការណ៍​បឋម​បន្ទាប់ពី​ខ្លួន​បាន​ស៊ើបអង្កេត​រួចរាល់​កាលពី​ខែកុម្ភៈ​។ ក្រុម​អ្នកជំនាញ​នេះ អះអាង​ផងដែរ​ថា​អ្នកជំនាញ​កោសល្យ​វិ​ច្ឆ័​យ​គួរ​ណាស់​តែ​ធ្វើការ​ស៊ើបអង្កេត​លើ​ប្រភព​នៃ​ជំងឺ ជំនួស​ឱ្យ​WHO​។​



​អ្នកវិទ្យាសាស្ត្រ​ទាំងនោះ​អះអាងថា​ចិន​បដិសេធ​ក្នុងការ​ផ្តល់​សំណាក​សំខាន់ៗ​ដល់​ក្រុម​អ្នកជំនាញ​អន្តរជាតិ​របស់​WHO ហើយ​បន្ថែមថា​សម្ពាធ​ពី​បក្ស​កុម្មុយនីស្ត​ចិន​ប្រហែលជា​អាច​កំណត់​ឯករាជ្យភាព​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​ក្នុងការ​ធ្វើការ​ជាមួយ​អ្នកជំនាញ​WHO​។ បេសកកម្ម​នេះ ក៏​រង​ការរិះគន់​ផងដែរ​ចំពោះ​ពឹង​ផ្អែកលើ​ទិន្ន័យ​ដែល​ផ្តល់​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន​។​
 
«​យើង​សន្និដ្ឋានថា​ក្រុមការងារ​រួម​មិនមាន​អំណាច ឯករាជ្យភាព និង​ការទទួលបាន​ដោយ​ពេញលេញ​ក្នុង​ការធ្វើ​ស៊ើបអង្កេត​ដោយ​គ្មាន​ការ​រឹតត្បិត ស្តីពី​សម្មតិកម្ម​ពាក់ព័ន្ធ​ទាំងអស់​នៃ​វី​រ៉ុ​ស​SARS-CoV-2 និង​ថា​តើ​ចេញពី​ធម្មជាតិ​ឬ​ឧបទ្ទវ​ហេតុដែល​ចេញពី​មន្ទីរពិសោធន៍​ឬ​យ៉ាងណា​»​។ នេះ​ជាការ​លើកឡើង​ក្នុង​លិខិត​ចំហ​មួយ​ទៅកាន់​WHO​។​
 
​អ្នកស្រាវជ្រាវ​Colin Butler នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​និយាយថា​បញ្ហានយោបាយ​បាន​បិទបាំង​ការស៊ើបអង្កេត​នេះ​។ លោក​Butler និយាយថា​នយោបាយ​មាននៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​វា​អាក្រក់​ដោយសារ​ជំងឺ​នេះ​ផ្ទុះ​នៅ​ប្រទេស​ចិន​។ លោ​កថា​រដ្ឋាភិបាល​ចិន មាន​ជំហរ​ការពារ​ខ្លាំងណាស់​។​
 
​ចំណែក​លោក​Nikolai Petrovsky​អ្នកស្រាវជ្រាវ​អូស្ត្រាលី​មួយរូប​ទៀត​និយាយថា នាពេលនេះ​សាធារណៈជន​ពុំមាន​ព័ត៌មាន​អ្វី​ស្តីពី​ជំងឺ​កូ​វីដ​-១៩​ច្រើនជាង​ពេល​ជំងឺ​នេះ​ផ្ទុះ​កាលពី​១​ឆ្នាំមុន​ឡើយ​។ លោក​ថា​ការស៊ើបអង្កេត​របស់​WHO​បង្ហាញ​ពី​ភាពចាំបាច់​ក្នុង​ការបង្កើត​រចនាសម្ព័ន្ធ កិច្ចព្រមព្រៀង​ឬ​សន្ធិសញ្ញា​អន្តរជាតិ ឬ​ស្ថាប័ន​ថ្មី​មួយទៀត​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ខាងលើនេះ​។ នេះ​យោងតាម​សារព័ត៌មាន​អូស្ត្រាលី The Age ចុះផ្សាយ​នៅ​ថ្ងៃទី​៥ ខែមីនា​។​
 
​លោក​Petrovsky បន្តថា WHO​មិនមែនជា​ស្ថាប័ន ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ស្រាវជ្រាវ​ពី​ប្រភព​នៃ​ជំងឺ​ឡើយ​។ លោក​បន្ថែមថា WHO​ជា​ស្ថាប័ន​ទទួលបន្ទុក​សុខភាព​សាធារណៈ និង​មិនមែនជា​ស្ថាប័ន​ស៊ើបអង្កេត​បែប​កោសល្យ​វិ​ច្ឆ័​យ​ឡើយ​។​
 
​បេសកកម្ម​WHO និង​អ្នកវិទ្យាសាស្ត្រ​ចិន បានធ្វើ​បទ​បង្ហាញ​ដំបូង​នៅ​ខែកុម្ភៈ​ស្តីពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​។ គ្រានោះ លោក Liang Wannian ដែល​ដឹកនាំ​ក្រុមការងារ​អ្នកវិទ្យាសាស្ត្រ​ចិន​ក្នុង​បេសកកម្ម​រួមជាមួយ WHO និយាយថា ក្រុម​អ្នកជំនាញ​មិនទាន់​រកឃើញ​សត្វ​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ មុន​ចម្លង​ទៅ​មនុស្ស​ឡើយ​។ លោក Liang អះអាងថា ការសិក្សា​ក៏​បង្ហាញ​ដែរ​ថា មេរោគ​អាច​ស្ថិតក្នុង​របស់​ត្រជាក់​ដែល​នាំចូល​ពី​ទី​ឆ្ងាយ ហើយ​ជំងឺ​កូ​វីដ​-១៩​ពុំបាន​ឆ្លង​សាយភាយ​ក្នុង​ក្រុង​វូ​ហាន មុន​ខែធ្នូ ឆ្នាំ​២០១៩​ឡើយ​។​
 
​ដូចគ្នានេះដែរ លោក​Ben Embarak អ្នកជំនាញ​WHO​នា​សន្និសីទ​ដដែល លោក Embarak ក៏​និយាយថា ការ​ធ្លាយ​វីរុស​ពី​កន្លែង​ពិសោធ​នៅ​វូ​ហាន ក៏​មិនអាច​កើតឡើង​ដែរ​។ ដូចនេះ បើតាម​លោក Embarak អ្នកជំនាញ​មិន​ពិចារណា​លើ​សម្មតិកម្ម​នេះឡើយ​។​
 
​ការបដិសេធ​សម្មតិកម្ម​មួយចំនួន​ដែល​ឈានដល់​ការផ្ទុះ​ឡើង​នៃ​ជំងឺ ក៏​ជា​ចំណុច​មួយ​ដែល​បានលើកឡើង​ក្នុង​លិខិត​នោះដែរ​។ ជាក់ស្តែង​លោក​Petrovsky  និយាយ​ថាបើ​គេ​ជឿថា​សកម្មភាព​របស់​ម​នុស្ស​មួយចំនួន​អាចពាក់ព័ន្ធ​ទៅនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ នោះគេ​ត្រូវយក​លទ្ធភាព​ទាំង​នោះមក​ពិចារណា​។ អ្នកស្រាវជ្រាវ​អូស្ត្រាលី​រូបនេះ​និយាយថា មាន​សម្មតិកម្ម​ជាច្រើន​ដែល​ត្រូវ​យកមក​វិភាគ ហើយ​មកដល់ពេលនេះ​លោក​ពុំ​ទទួលបាន​ការវិភាគ​បែប​វិទ្យាសាស្ត្រ​ណាមួយ​ដែល​ឈានដល់​ការលុបចោល​នៃ​សម្មតិកម្ម​ទាំង​នោះឡើយ​៕
 

Tag:
 កូ​វីដ​-១៩
  WHO
  ចិន​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com