ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្តូរទៅទទួលទានទឹកធម្មតាឬភេសជ្ជៈគ្មានកាឡូរីដើម្បីសម្រកទម្ងន់
× ការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា អ្នកដែលទទួលទានទឹកធម្មតាឬភេសជ្ជៈសម្រកទម្ងន់ជំនួសការទទួលទានភេសជ្ជៈមានកាឡូរីច្រើនអាចសម្រកទម្ងន់បានពី ១,៨១ ទៅ ២,២៧គីឡូក្រាមក្នុងរយៈពេលកន្លះឆ្នាំ។
ការសិក្សាបានមើលលើអ្នកលើសទម្ងន់ឬធាត់ខ្លាំងចំនួន ៣១៨នាក់ ដោយចែកចេញជាបីក្រុម៖ អ្នកទទួលទានភេសជ្ជៈកាឡូរីខ្ពស់ប្តូរទៅទទួលទានទឹកធម្មតា អ្នកប្តូរទៅទទួលទានភេសជ្ជៈសម្រកទម្ងន់ និងអ្នកដែលណែនាំឱ្យផ្លាស់ប្តូរការទទួលទានភេសជ្ជៈប៉ុន្តែបានផ្តល់ពត៌មានទូទៅពីជម្រើសល្អចំពោះសុខភាពដែលអាចជួយឱ្យគេឱ្យស្រកទម្ងន់។
ក្នុងរយៈពេលនៃការសិក្សា ៦ខែ ក្រុមទាំងបីមានការសម្រកទម្ងន់និងទំហំចង្កេះបានបន្តិច។ ប៉ុន្តែអ្នកដែលប្តូរទៅទទួលទានភេសជ្ជៈគ្មានកាឡូរីអាចសម្រកទម្ងន់បានច្រើនជាងក្រុមទីបីដែលស្រកបានយ៉ាងតិច ៥ភាគរយ ដល់ទៅពីរដង។
បន្ថែមពីលើនេះទៀត ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលទទួលទានទឹកភាគច្រើន មានការធ្លាក់ចុះកម្រិតគ្លុយកូសនិងមានកម្រិតជាតិទឹកល្អជាងអ្នកនៅក្រុមទីបី។
ភាគរយនៃទម្ងន់ដែលស្រកនិងកម្រិតជាតិស្ករក្នុងឈាមទាបមានសារសំខាន់ព្រោះវាទាក់ទងទៅនឹងការវិវត្តន៍នៃកត្តាគ្រោះថ្នាក់ចំពោះជំងឺរ៉ាំរ៉ៃដែលទាក់ទងនឹងភាពធាត់ខ្លាំង។
អ្នកស្រាវជ្រាវ ដេបូរ៉ា តេត (Deborah Tate) និយាយថា “ការផ្លាស់ប្តូរទៅទទួលទានភេសជ្ជៈគ្មានកាឡូរី មិនថាជាទឹកធម្មតា ភេសជ្ជៈសម្រកទម្ងន់ ឬអ្វីផ្សេងទៀតនោះទេ អាចជាការផ្លាស់ប្តូរច្បាស់លាស់និងសាមញ្ញសម្រាប់អ្នកដែលចង់សម្រកទម្ងន់ឬថែរក្សាទម្ងន់។ ប្រសិនបើវាត្រូវបានធ្វើឡើងក្នុងលក្ខណៈធំ វាអាចកាត់បន្ថយការកើនឡើងនៃបញ្ហាសុខភាពសាធារណៈនៃការធាត់ពេក”។
ទម្ងន់ដែលស្រកក្នុងចំណោមអ្នកចូលរួមក្នុងការសិក្សាតិចជាងទម្ងន់ដែលសម្រកក្នុងកម្មវិធីសម្រកទម្ងន់តាមគ្លីនិក។ ប៉ុន្តែការឱ្យពួកគេផ្លាស់ប្តូរតែផ្នែកមួយនៃរបបអាហារ គឺងាយស្រួលនិងមានប្រសិទ្ធភាពនិងសុវត្ថិភាពចំពោះសុខភាពរបស់ពួកគេ។
© រក្សាសិទ្ធិដោយ thmeythmey.com