ពីនេះ ពីនោះ
នៅផ្ទះធុញថប់នឹងកូវីដ-១៩ អ្នកស្រី សុផា កែច្នៃដបជ័រដំាផ្កា ដើម្បីកាត់បន្ថយប្លាស្ទិក
14, Mar 2021 , 7:59 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប្រជាពលរដ្ឋបង្ខំចិត្តនៅផ្ទះ។ ចំពោះអ្នកស្រី ផូ សុផា បានងាកមកកែច្នៃដបប្លាស្ទិក សម្រាប់ដំាផ្កាយ៉ាងស្រស់ស្អាត ជាការកម្សាន្តជំនួសការធុញថប់។ សម្រាប់អ្នកស្រី សុផា ការប្រមូលដបជ័រ មកកែច្នៃនេះ ក្នុងគោលបំណង ដើម្បីកាត់បន្ថយការចោលដបជ័រឥតសណ្ដាប់ធ្នាប់ និងដោយសារដបជ័រលក់ បានតម្លៃទាបពេក។


 
អ្នកស្រី ផូ សុផា ជាអាជីវករមួយរូប រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្ដើមកែច្នៃសំបកដបជ័រ សម្រាប់ដំាផ្កាលម្អ ប្រមាណជាបីខែមកហើយ។ ក្នុងបទសម្ភាសរវាង ThmeyThmey25 តាមទូរស័ព្ទ អ្នកស្រី សុផា ប្រាប់ពីដើមហេតុនៃការចាប់ផ្ដើមថា ដំបូងឡើយខ្លួនប្រមូលដបទឹកដែលបរិភោគរួច សម្រាប់លក់ប៉ុណ្ណោះ តែដោយសារតម្លៃលក់ដបជ័រនេះទាបពេក ទើបអ្នកស្រីសម្រេចឈប់លក់ហើយ ងាកមកកែច្នៃជំនួសវិញ។
 
បន្ទាប់ពីសម្រេចចិត្តកែច្នៃជំនួសការលក់ ស្នាដៃរបស់អ្នកស្រី សុផា ត្រូវបានអ្នកជិតខាងរបស់អ្នកស្រីសរសើរ និងទទួលបានការចាប់អារម្មណ៍ជាច្រើន ពីអ្នកប្រើប្រាស់បណ្ដាញសង្គមFacebook។ មិនតែប៉ុណ្ណោះការកែច្នៃរបស់ អ្នកស្រី សុផា បានក្លាយជាប្រភពប្រាក់ចំណូលបន្ថែមទៀតផងដែរ។ ស្ត្រីរូបនេះ អះអាងថា ក្នុងសំបកដបដែលកែច្នៃជាផើងសម្រាប់ដំាផ្កាមួយ អ្នកស្រី អាចលក់បានតម្លៃ ១៥,០០០រៀល។
 
ដោយឡែកការផលិត និងការប្រមូលដបជ័រនេះ មិនមានការលំបាកអ្វីនោះឡើយ។ បើតាមអ្នកស្រី សុផា សំបកដបដែលយកផលិត គឺបានមកពីបងប្អូន និងមួយចំនួន រើសនៅតាមជុំវិញផ្ទះជាដើម។ ចំពោះការផលិតអ្នកស្រីថា ងាយស្រួល និងមិនចំណាយពេលវេលាច្រើននោះទេ ដោយអ្នកស្រីឆ្លៀតពេលទំនេរខ្លះរបស់ខ្លួន អាចផលិតបានចំនួនប្រមាណជា ១០ផើងក្នុងមួយថ្ងៃ។
 
សម្រាប់អ្នកស្រី ផូ សុផា ការកែច្នៃរបស់អ្នកស្រី មិនមែនសម្រាប់តែយកមកដំាផ្កា ឬលម្អផ្ទះប៉ុណ្ណោះនោះទេ ប៉ុន្តែក្នុងគោលបំណងដើម្បីកាត់បន្ថយសំណល់ដបជ័រ ដែលពាសវាលពាសកាល គ្មានសណ្ដាប់ធ្នាប់ ប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន។ អ្នកស្រី ផូ សុផា បានលើកឡើងដូច្នេះថា៖ «ខ្ញុំមើលឃើញថា អ្នកមួយចំនួនផឹកហើយគាត់ក្រវេងចោលហើយ ខ្ញុំឃើញអ៊ីចឹង ខ្ញុំរើសមកហើយ ព្រោះវាប៉ះពាល់ដល់បរិស្ថានយើង»។ អាជីវកររូបនេះ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សាបរិស្ថាន តាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងការកែច្នៃឡើងវិញ ជំនួសឲ្យការបោះចោល។
 
សព្វថ្ងៃដោយទទួលបានការចាប់អារម្មណ៍ច្រើន ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងចង់ដឹងពីរបៀបធ្វើជាដើម អ្នកស្រី សុផា ក៏សម្រេចចិត្តបង្កើតក្រុមមួយ ដើម្បីចែករំលែកពីវិធីធ្វើនេះឡើង៕ 

រូបភាពផ្ដល់ដោយ អ្នកស្រី ផូ សុផា៖







Tag:
 កែច្នៃដបជ័រ
  បរិស្ថាន
  ផូ សុផា
  ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com