អន្តរជាតិ
ម៉ាឡេស៊ី បញ្ជាឱ្យបុគ្គលិកទូតកូរ៉េខាងជើងទាំងអស់ចាកចេញក្នុងរយៈពេល ៤៨ម៉ោង
20, Mar 2021 , 11:59 am        
រូបភាព
បន្ទាប់ពីកូរ៉េខាងជើងប្រកាសផ្តាច់ទំនាក់ទំនងការទូត ម៉ាឡេស៊ី បានថ្កោលទោសកូរ៉េខាងជើង ជុំវិញការផ្តាច់ទំនាក់ទំនងការទូត និងបិទស្ថានទូតនៅក្នុងទីក្រុងព្យុងយ៉ាង។ បើតាមរដ្ឋាភិបាលក្រុងគូឡាឡាំពួ កាយវិការរបស់ក្រុងព្យុងយ៉ាងជាទង្វើអមិត្ត បំផ្លិចបំផ្លាញ និងមិនគោរពទំនាក់ទំនងរវាងប្រទេសទាំងពីរ។

 
 
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមីនា បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីទាំងអស់ បន្ទាប់ពីអាជ្ញាធរប្រទេសមួយនេះ បញ្ជូនប្រជាជនកូរ៉េខាងជើងម្នាក់ទៅអាមេរិក ដោយប្រឈមនឹងបទចោទលាងលុយកខ្វក់ ស្របពេលកូរ៉េខាងជើងអះអាងថា ពលរដ្ឋខ្លួនរកស៊ីស្របច្បាប់ជាច្រើនឆ្នាំមកហើយ។ កូរ៉េខាងជើងថែមទាំងគំរាមម៉ាឡេស៊ី និងអាមេរិកថែមទៀត។ 
 
ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសេចក្តីថ្លែងការណ៍ខាងលើ ម៉ាឡេស៊ី ក៏មិននៅស្ងៀមដែរ និងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ដែលបានកាត់ផ្តាច់ទំនាក់ទំនងការទូត។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ថា ខ្ខួននឹងបិទស្ថានទូតខ្លួននៅក្នុងទីក្រុងព្យុងយ៉ាងវិញ។ ទន្ទឹមនេះ ម៉ាឡេស៊ី បានបញ្ជាឱ្យបុគ្គលិកទូតកូរ៉េខាងជើង និងអ្នកពាក់ព័ន្ធបុគ្គលិកទូតកូរ៉េខាងជើងផ្សេងទៀត ត្រូវចាកចេញពីប្រទេសមួយនេះ រយៈពេល ៤៨ម៉ោង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។ 
 
«ម៉ាឡេស៊ី ថ្កោលទោសការសម្រេចចិត្តប្រកបដោយអមិត្ត, គ្មានលក្ខណៈស្ថាបនា និងមិនគោរពទំនាក់ទំនងទៅវិញទៅមក»។ ក្រសួងការបរទេសម៉ាឡេស៊ី បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ដោយបន្ថែមថា ម៉ាឡេស៊ី នឹងការពារសិទ្ធិរបស់ខ្លួនទាំងអស់ ក្នុងតបនឹងសេចក្តីសម្រេចរបស់កូរ៉េខាងជើង ដើម្បីការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិ។ 
 
គួររំលឹកថា លោក Mun Chol Myong ជនជាតិកូរ៉េខាងជើង ត្រូវបានម៉ាឡេស៊ីចាប់ខ្លួន នៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីអាមេរិក ចោទថាបុរសរូបនេះបានលាងលុយកខ្វក់ និងក្លែងបន្លំឯកសារគាំទ្រការដឹកជញ្ជូនខុសច្បាប់ទៅកូរ៉េខាងជើង។ បុរសជនជាតិកូរ៉េខាងជើងរូបនេះ នៅថ្ងៃទី៣ ខែមីនាកន្លងទៅ បានចាញ់ក្តីនៅតុលាការកំពូលម៉ាឡេស៊ី ក្នុងការធ្វើបត្យាប័នទៅអាមេរិក ដែលលោក Mun ចាត់ទុកថា មានចរិតនយោបាយ។
 
សូមបញ្ជាក់ថា ម៉ាឡេស៊ី និងកូរ៉េខាងជើង បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧៣មក។ ទំនាក់ទំនងទ្វេភាគី មានលក្ខណៈល្អូកល្អឺនណាស់ រហូតដល់ឆ្នាំ២០១៧ ដែលជាឆ្នាំមានការធ្វើឃាត លោក Kim Jong Nam ដែលត្រូវជាបងប្រុសគីម ជុងអ៊ុន នៅម៉ាឡេស៊ី។ បន្ទាប់ពីហេតុករណ៍នោះ ប្រទេសទាំងពីរ បានបណ្តេញអគ្គរដ្ឋទូតចេញពីប្រទេសទៅវិញទៅមកថែមទៀត៕
 

Tag:
 ម៉ាឡេស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com