អន្តរជាតិ
អឺរ៉ុប ដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ាលើកដំបូង ឯអាមេរិកដាក់ថែមទៀត
23, Mar 2021 , 10:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃទី២២ ខែមីនា បានអនុម័តទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាជាច្រើនរូប ដែលមានពាក់ព័ន្ធនឹងរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ។ នេះជាទណ្ឌកម្មលើកដំបូងពីសហភាពអឺរ៉ុបលើរបបយោធាមីយ៉ាន់ម៉ា។ ស្របគ្នានេះ អាមេរិក បានដាក់ទណ្ឌកម្មបន្ថែមទៀតលើមន្ត្រីរបបសឹក និងអង្គភាពកងទ័ពដែលពាក់ព័ន្ធនឹងការបង្រ្កាបក្រុមបាតុករកន្លងមក។

 
ទណ្ឌកម្ម នៅតែបន្តធ្លាក់មកពីសហគមន៍អន្តរជាតិលើមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ទោះមេដឹកនាំយោធាកន្លងមក អះអាងថា ខ្លួនមិនរអាទណ្ឌកម្មទាំងនោះឡើយ។ ដោយមើលឃើញថាយោធាមីយ៉ាន់ម៉ាមិនគោរពតាមការអំពាវនាវរបស់ខ្លួន សហភាពអឺរ៉ុប បានអនុម័តទណ្ឌកម្មលើមេដឹកនាំយោធាចំនួន ១១រូប ដោយក្នុងនោះ ក៏មានអគ្គមេបញ្ជាការយោធា លោក មីន អ៊ុងឡាំង និងអគ្គមេបញ្ជាការរង លោក Soe Win ផងដែរ។ ចំណាត់ការអឺរ៉ុបនេះ គឺខ្លាំងបំផុតលើមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាមក។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងថ្ងៃទី២២ ខែមីនា ក្រុមប្រឹក្សាអឺរ៉ុប បានហាមឃាត់មេដឹកនាំទាំង១១ រូប ចេញចូល ឬឆ្លងកាត់ទឹកដីអឺរ៉ុប និងបង្កកទ្រព្យសម្បត្តិ ឬមូលនិធិរបស់មេដឹកនាំទាំងនោះ ដែលមាននៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប។ ទណ្ឌកម្មខាងលើ ក៏បានហាមឃាត់ប្រជាជនអឺរ៉ុបរកស៊ីជាមួយ ឬបង្កើតមូលនិធិជាមួយរបបសឹកមីយ៉ាន់ម៉ាផងដែរ។ ហុងគ្រីជំទាស់ចំណាត់ការ ដោយសំអាងថា ជារឿងឥតប្រយោជន៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asian ។ 
 
យ៉ាងណាមិញ ចំណាត់ការរបស់អឺរ៉ុប មិនបានផ្តោតលើប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបសម្រាប់មីយ៉ាន់ម៉ាទេ។ ប្រសិនបើអឺរ៉ុប ចាត់វិធានការលើបញ្ហានោះមែន ប្រជាជនមីយ៉ាន់ម៉ា ដែលរងផលប៉ះពាល់ដោយសារតែទណ្ឌកម្ម។ សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា អឺរ៉ុបនឹងពិនិត្យមើលជម្រើសផ្សេងទៀត ក្នុងនោះរួមមានវិធានការរឹតត្បិតលើក្រុមហ៊ុន ដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធា ពោលគឺធ្វើយ៉ាងណាមិនឱ្យទណ្ឌកម្មប៉ះពាល់ដល់ប្រជាជនមីយ៉ាន់ម៉ាជាទូទៅ។ 
 
ស្របគ្នានឹងចំណាត់ការអឺរ៉ុប អាមេរិកឯណោះវិញ បានបន្ថែមទណ្ឌកម្មមួយទៀតលើរបបយោធា។ លើកនេះ ទណ្ឌកម្មអាមេរិកសំដៅមេប៉ូលិសមីយ៉ាន់ម៉ា Than Hlaing ដែលអនុរដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ និងមេបញ្ជាការកម្លាំងពិសេស Aung Soe ។ បន្ថែមពីនេះ កងពលថ្មើរជើងលេខ៧៧ និងលេខ៣៣ ក៏បានដាក់បញ្ជូលក្នុងបញ្ជីខ្មៅផងដែរ។ ទណ្ឌកម្មនេះ ជាការបង្កកទ្រព្យសម្បត្តិ និងហាមប្រជាជនអាមេរិករកស៊ីជាមួយ។
 
បើតាមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) លោក Tom Andrews កងពលលេខ៣៣ ត្រូវបានរាយការណ៍ថា មានពាក់ព័ន្ធនឹងការបង្ក្រាបក្រុមបាតុករនៅក្រុង Mandalay នៅខែមុន។ អង្គភាពដដែលនេះ ក៏ធ្លាប់ប្រើប្រាស់ហិង្សាលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងនៅក្នុងឆ្នាំ២០១៧ ផងដែរ។
 
សូមបញ្ជាក់ថា បាតុកម្មនៅមីយ៉ាន់ម៉ា នៅតែបន្តធ្វើជារៀងរាល់ថ្ងៃ និងមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់។ ការប៉ះទង្គិចរវាងបាតុករ និងក្រុមប៉ូលិស បានកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងបាតុកម្មដែលមានស្ទើរតែទូទាំងប្រទេស។ គិតមកត្រឹមថ្ងៃទី២២ ខែមីនា មនុស្សយ៉ាងហោចណាស់ ២៤០នាក់ បានបាត់បង់ជីវិត ខណៈមនុស្សជាច្រើនពាន់នាក់ ត្រូវបានចាប់ខ្លួន។ មនុស្សមួយចំនួនផ្សេងទៀត ក៏បានបាត់ខ្លួនផងដែរ៕
 

Tag:
 មីយ៉ាន់ម៉ា
  អឺរ៉ុប
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com