អន្តរជាតិ
ប្រមុខ UN ៖ ឧត្តមស្នងការសិទ្ធិមនុស្ស កំពុងចរចាជាមួយចិនពី«ទស្សនកិច្ចដោយសេរី»នៅស៊ីនជាំង
29, Mar 2021 , 8:59 pm        
រូបភាព
លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កំពុងចរចាជាមួយអាជ្ញាធរចិន ដើម្បីរៀបចំដំណើរទស្សនកិច្ចដោយសេរីមួយទៅតំបន់ស៊ីនជាំងដើម្បីពិនិត្យស្ថានភាពជនជាតិភាគតិចវីហ្គ័រដែលកំពុងជាបញ្ហា។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសមួយដែលត្រូវបានចាក់ផ្សាយនៅថ្ងៃទី២៨ ខែមីនា។


ជនជាតិភាគតិចវីហ្គ័រ និងជនជាតិផ្សេងទៀត យ៉ាងហោចណាស់ ១លាននាក់ ត្រូវបានអាជ្ញាធរចិន ឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងជាច្រើននៅក្នុងតំបន់ស្វយ័តស៊ីនជាំង។ អ្នកទាំងនោះ បានរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដូចជាបង្ខំឱ្យធ្វើការ និងធ្វើឱ្យស្រ្តីលែងមានកូនជាដើម។ យ៉ាងណាមិញ អាជ្ញាធរចិន បានច្រានចោលព័ត៌មានទាំងនោះ ដោយការពារថាកន្លែងទាំងនោះ គ្រាន់តែជាមណ្ឌលអប់រំឡើងវិញប៉ុណ្ណោះ។ 
 
ប្រមុខអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស និយាយក្នុងបទសម្ភាសមួយថា ការិយាល័យស្នងការសិទ្ធិមនុស្ស កំពុងជជែកជាមួយអាជ្ញាធរ សំដៅរៀបចំទស្សនកិច្ចនៅខេត្តភាគខាងលិចនេះ ដើម្បីឱ្យស្នងការសិទ្ធិមនុស្សពិនិត្យមើលផ្ទាល់ភ្នែកពីអ្វីដែលកើតឡើង។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ កាណាដា CBC ដែលផ្សាយនៅថ្ងៃទី២៨ ខែមីនា ប្រមុខអង្គការសហប្រជាជាតិរូបនេះ សង្ឃឺមថា ភាគីទាំងពីរ នឹងឈានដល់ការឯកភាពគ្នាឆាប់ៗ។ 
 
ទន្ទឹមនេះ លោក ហ្គូតេរ៉េស ក៏បានលើកឡើងពីក្ដីបារម្ភលើជនជាតិកាណាដាពីររូប ដែលត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនពីបទចារកិច្ច។ លោកលើកឡើងថា គ្រប់ស្ថានភាពទាំងអស់ អ្នកជាប់ឃុំ ត្រូវបានគោរព និងបញ្ហា ដោះស្រាយដោយផ្អែកទៅតាមការគោរពតាមសិទ្ធិមនុស្ស។ 
 
គួររំលឹកថា កន្លងមកប្រមុខការទូតចិន លោកវ៉ាង យី ធ្លាប់បញ្ជាក់ម្តងហើយថា ច្រកទ្វារតំបន់ស៊ីបជាំងនៅតែបន្តបើកចាំទទួលក្រុមសិទ្ធិមនុស្សមកទស្សនកិច្ច ដើម្បីស្វែងយល់ តើថាមានការរំលោភសិទ្ធិមនុស្សលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតឬយ៉ាងណា?
 
សូមបញ្ជាក់ថា បញ្ហាសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ក្លាយជាប្រធានបទដ៏ក្តៅមួយរវាងចិន និងប្រទេសលោកខាងលិច។ កន្លងមក អាមេរិក អង់គ្លេស សហភាពអឺរ៉ុប និងកាណាដា បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចិនពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សតំបន់ស៊ីនជាំង។ ទណ្ឌកម្មនោះរួមមានការហាមមិនឱ្យចូលទឹកដី និងបង្កកទ្រព្យសម្បត្តិ។ ក្រុមហ៊ុនមួយចំនួន ក៏ស្ថិតក្រោមទណ្ឌកម្មនេះដែរ។ 
 
ជាការឆ្លើយតប ចិនបានសម្រេចដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នអឺរ៉ុបសរុបចំនួន១០ ដែលរួមមានតំណាងរាស្ត្រសភាអឺរ៉ុបចំនួន៥នាក់ អ្នកស្រាវជ្រាវស្តីពីបញ្ហាពីរំលោភបំពាននៅស៊ីនជាំង និងទីបេ ក៏ដូចជាស្ថាប័នស្រាវជ្រាវរបស់អាល្លឺម៉ង់ និងដាណឺម៉ាកផងដែរ។ ទណ្ឌកម្មរបស់ចិន រួមមាន មិនអនុញ្ញាតឱ្យចូលទឹកដីចិន ហុងកុង និងម៉ាកាវ ហើយហាមមិនឱ្យស្ថាប័នឬបុគ្គលទាំងនោះធ្វើអាជីវកម្ម ឬមានទំនាក់ទំនងក្នុងប្រទេសចិន៕
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com