កីឡាអន្តរជាតិ
អន្តរជាតិ
Henry៖ ដល់ពេលត្រូវប្រឆាំងការរើសអើងពូជសាសន៍លើបណ្តាញសង្គមហើយ
30, Mar 2021 , 7:29 pm        
រូបភាព
Thierry Henry អតីតខ្សែប្រយុទ្ធក្រុម Arsenal និងជម្រើសជាតិបារាំង អះអាងថាខ្លួនប្រកាន់ជំហរដាច់ខាតក្នុងការប្រឆាំងនឹងការរើសអើងពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Henry ឃើញការរំលោភបំពានលើអ៊ីនធឺណិតកើនឡើងកាន់តែខ្លាំងនាពេលបច្ចុប្បន្ន រហូតលុបគណនីបណ្តាញសង្គមរបស់ខ្លួនចោលទាំងអស់។


បុរសវ័យ ៤៣ ឆ្នាំរូបនេះ បាននិយាយកាលពីសប្តាហ៍មុនថា រូបគេបានដកខ្លួនចេញពីបណ្តាញសង្គមដោយសារតែការរើសអើងជាតិសាសន៍ និងការសម្លុតធ្វើបាបគ្នាគ្រប់រូបភាព។ ដោយសសារករណីនេះ បានធ្វើឱ្យ Henry មានអារម្មណ៍មិនល្អ រហូតមិនចង់ប្រើបណ្តាញសង្គម។
 
Henry ដែលបានបង្កើតភាពអស្ចារ្យសម្រាប់ក្រុមកាំភ្លើងធំ ក្នុងសម័យកាលដឹកនាំរបស់លោក Arsene Wenger បាននិយាយក្នុងកម្មវិធីព័ត៌មានរបស់ BBC នៅថ្ងៃទី២៩ ខែមីនា ថាដល់ពេលហើយដែលត្រូវងើបឈរដើម្បីប្រឆាំងនឹងការរើសអើង។ អ្វីៗដែលលោកធ្លាប់លឺនៅក្នុងទីលាន និងតាមដងផ្លូវ កំពុងតែចូលទៅក្នុងបណ្តាញសង្គមកាន់តែច្រើន ជាពិសេសនៅក្នុងសហគមន៍របស់លោកតែម្តង។
 
«ខ្ញុំគិតថាវាដល់ពេលដែលត្រូវងើបឈរឡើង ដើម្បីធ្វើឱ្យមនុស្សដឹងថាវាមិនមែនរឿងសាមញ្ញទេ ដែលទទួលការរំលោភបំពានលើអ៊ីនធឺណិត។ វាមិនស្រួលឡើយ ដែលត្រូវបានគេសម្លុត ឬយាយីតាមបណ្តាញសង្គមនោះ»។ អតីតអ្នកចាត់ការ Monaco អះអាងដូច្នេះ មុនបន្ថែមថា ទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយមានអ្នកធ្វើអត្តឃាតដោយសារតែបញ្ហាច្រើនមកហើយ។
 
Henry ដែលរួមចំណែកជួយមាន់គកបារាំងឈ្នះពាន World Cup ឆ្នាំ ១៩៩៨ និយាយថាមានអ្នកបង្កើតគណនីតាមបណ្តាញសង្គមច្រើនណាស់ដើម្បីបង្ហាញការរើសអើង រួចហើយក៏ដកខ្លួនចេញនៅពេលមានបញ្ហាកើតឡើង។ 
 
ជុំវិញករណីនេះដែរ Gareth Bale ខ្សែប្រយុទ្ធក្រុម Tottenham Hotspur និងជម្រើសជាតិវែល បានបង្ហាញការគាំទ្រការធ្វើពហិការលើបណ្តាញសង្គមដូចគ្នានេះដែរ ប្រសិនបើយុទ្ធនាការប្រឆាំងការរើសអើងអាចត្រូវបានរៀបចំឡើង៕
 

Tag:
 Thierry Henry
  រើសអើងជាតិសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com