COVID-19
ជាតិ
រតនគិរីរកឃើញអ្នកកើតកូវីដ-១៩ ម្នាក់ ដែលជាករណីដំបូងបំផុតនៅភូមិភាគឦសាន
04, Apr 2021 , 9:24 pm        
រូបភាព
លោក ថង សាវុន អភិបាលខេត្តរតនគិរី
លោក ថង សាវុន អភិបាលខេត្តរតនគិរី
ដោយ: រួបរួម
រដ្ឋបាលខេត្តរតនគិរី នាយប់ថ្ងៃអាទិត្យ ទី៤ ខែមេសា នេះ បានប្រកាសពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ មួយករណីនៅស្រុកតាវែង។ នេះជាករណីដំបូងបំផុតនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។



អ្នកជំងឺមានអាយុ៣១ឆ្នាំ លំនៅដ្ឋាននៅភូមិតាវែង ឃុំតាវែង ស្រុកតាវែង ដោយបានធ្វើដំណើរពីភូមិសំបុក ឃុំសំបុក ស្រុកចិតបុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា តាមរថយន្តផ្ទាល់ខ្លួន។ តាមសេចក្តីជូន​ដំណឹងរបស់រដ្ឋបាលខេត្ត ចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា អ្នកជំងឺបាន​ដើរលេងភ្លេង និងមានទំនាក់ទំនងជាមួយមនុស្សមួយចំនួននៅក្រចេះ។

គាត់បានធ្វើចត្តាឡីស័កខ្លួនឯង ហើយលទ្ធផលវិភាគសំណាកនៅថ្ងៃទី៤ ខែមេសា បង្ហាញថា គាត់វិជ្ជមានកូវីដ-១៩ ខណៈប្រពន្ធអវិជ្ជមាន។

នេះជាករណីវិជ្ជមានកូវីដ-១៩ ដំបូងបំផុតនៅរតនគិរី និងភូមិភាគឦសានទាំងមូល ខណៈបច្ចុប្បន្នមណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង មិនទាន់ករណីជំងឺរាតត្បាតនេះនៅមណ្ឌលរបស់ខ្លួនឡើយ ប៉ុន្តែពលរដ្ឋមួយនៅបណ្តាខេត្តទាំងនេះ ក៏ត្រូវបានរកឃើញវិជ្ជមានផងដែរនៅខេត្តផ្សេង។ ខេត្តមួយទៀតដែលមិនមានករណីកូវីដ-១៩ គឺពោធិ៍សាត់។

បើនិយាយពីព្រឹត្តិការណ៍២០កុម្ភៈ រតនគិរី ជាខេត្តទី១៤ ដែលមានករណីវិជ្ជមាន បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង កំពត ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 
 


© រក្សាសិទ្ធិដោយ thmeythmey.com