COVID-19
ជាតិ
កូ​វីដ​-១៩៖ វិជ្ជមាន​ចំនួន​៦៣នាក់​ទៀត​នៅ​កម្ពុជា ខណៈ​ជាសះស្បើយ​ចំនួន​៩៤​នាក់​
05, Apr 2021 , 10:23 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ
រូបភាព៖ ហ្វេសប៊ុកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ
កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន៦៣នាក់​បន្ថែមទៀត ក្នុងនោះនៅរាជធានីភ្នំពេញ និងស្វាយរៀងច្រើនជាងគេ។ មនុស្ស ចំនួន ៩៤នាក់ បានជា​សះស្បើយ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១​។



មនុស្សចំនួន ៦៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ទាំងអស់។ ក្នុងចំណោមករណីថ្មីទាំងនេះ មាន​ ៣១នាក់ នៅរាជធានីភ្នំពេញ ដែលជាអ្នករស់នៅខណ្ឌពោធិ៍សែនជ័យ, ខណ្ឌទួលគោក, ខណ្ឌចំការមន, ខណ្ឌ៧មករា និងខណ្ឌមានជ័យ។ មនុស្ស២២នាក់ទៀត នៅខេត្តស្វាយរៀង ដែលជាអ្នកមានអាសយដ្ឋាននៅក្រុងបាវិត និងស្រុករមាសហែក។  ២នាក់ករណីដំបូងនៅខេត្តកំពង់ឆ្នាំង និង៦នាក់ នៅខេត្តព្រះសីហនុ។ 

ក្រៅពីនេះ ក៏មានមនុស្សចំនួន ៩៤នាក់បន្ថែមទៀតបានសះស្បើយ ក្នុងនោះ៧៩នាក់នៅខេត្តព្រះសីហនុ ដោយមាន ២នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ និង៧៧នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីសណ្ឋាគារសម័យថ្មីអន្តរជាតិ ខេត្តព្រះសីហនុ។  មនុស្ស៣នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តសៀមរាប។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកែប។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង៧នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។ 

គិត​មកដល់ពេលនេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​ ២ ៧៥២ នាក់ ក្នុងនោះ ២ ២២២នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប​ ១ ៧៤៧ នាក់ បានជា​សះស្បើយ ខណៈ​ចំនួន​អ្នកស្លាប់​ឡើងដល់​២១ ​នាក់ រីឯ​៤​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​ជំងឺ​ផ្សេង​នា​អំឡុង​ព្យាបាល​កូ​វីដ​-១៩​។​ មនុស្សចំនួន ៩៧៩ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍​២០​កុម្ភៈ រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង ​​កំពត និងកំពង់ឆ្នាំ​។ ក្នុងចំណោម​នោះ ខេត្ត​មួយចំនួន​ដូចជា​បាត់ដំបង កំពត ក៏បាន​ព្យាបាល​សះស្បើយ​អស់​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com