COVID-19
អន្តរជាតិ
អ្នកឆ្លងកូវីដ-១៩ ជិត១៣២លាននាក់ ខណៈកាណាដាជាប្រទេសទី២៣ដែលមានលើស១លានករណី
05, Apr 2021 , 3:15 pm        
រូបភាព
កាណាដា ក្លាយជាប្រទេសទី២៣ដែលមានអ្នកឆ្លងជាង១លាននាក់។ រូបថត Reuters
កាណាដា ក្លាយជាប្រទេសទី២៣ដែលមានអ្នកឆ្លងជាង១លាននាក់។ រូបថត Reuters
ដោយ: រួបរួម
ករណីឆ្លងកូវីដ-១៩ មានជិត១៣២លាននាក់នៅលើពិភពលោក ដែលក្នុងនោះស្លាប់ជាង២,៨៦លាននាក់ និងសះស្បើយជាង១០៦លាននាក់។ កាណដា ក្លាយជាប្រទេសទី២៣ ដែលមានអ្នកឆ្លងលើស១លាននាក់។

 
ក្នុងចំណោមករណីជិត១៣២លាននៅលើពិភពលោក  សហរដ្ឋអាមេរិក មានជិត៣១,៥លាននាក់ ប្រេស៊ីលជិត១៣លាននាក់ ឥណ្ឌាជាង១២,៥លាននាក់ ខណៈបារាំង រុស្ស៊ី និងចក្រភពអង់គ្លេស មានជាង៤លាននាក់រៀងៗខ្លួន។
 
អ៊ីតាលី តួកគី និងអេស្ប៉ាញ មានក្នុងខ្ទង់ជាង៣លានករណី ខណៈ អាល្លឺម៉ង់ កូឡុំប៊ី ប៉ូឡូញ អាហ្សង់ទីន និងម៉ិកស៊ិក មានជាង២លានករណី។ អ៊ីរ៉ង់ ឡើងជិតដល់២លានករណី រីឯបណ្តាប្រទេសផ្សេងទៀតដែលមានជាង១លានករណី រួមមាន អ៊ុយក្រែន ប៉េរូ អាហ្វ្រិកខាងត្បូង ឆេក ឥណ្ឌូណេស៊ី ហូឡង់ ស៊ីលី និងកាណាដា។
 
រូម៉ានី មានជាង៩០ម៉ឺននាក់ ហើយប្រដេញតាមពីក្រោយដោយបែលហ្ស៊ិក អ៊ីរ៉ាក់ អ៊ីស្រាអែល ព័រទុយហ្គាល់ ស៊ុយអែត ហ្វីលីពីន ប៉ាគីស្ថាន ហុងគ្រី បង់ក្លាដែស ហ្ស៊កដានី ស៊ែប៊ី ស្វីស និងអូទ្រីស ដែលសុទ្ធតែមានអ្នកឆ្លងច្រើនជាងកន្លះលាននាក់។
 
ក្នុងចំណោមអ្នកជំងឺដែលបានស្លាប់ជាង២,៨៦លាននាក់នៅលើពិភពលោក សហរដ្ឋអាមេរិកមានជាង៥៦ម៉ឺននាក់ ប្រេស៊ីលជាង៣៣ម៉ឺននាក់ ម៉ិកស៊ិកជាង២០ម៉ឺននាក់ ឥណ្ឌាជាង១៦ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២ម៉ឺននាក់ អ៊ីតាលីជាង១១ម៉ឺននាក់ និងរុស្ស៊ីជាង១០ម៉ឺននាក់។
 
បារាំងមានអ្នកស្លាប់ជាង៩ម៉ឺននាក់ ខណៈអាល្លឺម៉ង់ និងអេស្ប៉ាញ មានជាង៧ម៉ឺននាក់ដូចគ្នា។ ២៧ប្រទេសទៀតនៅលើពិភពលោកមានអ្នកស្លាប់លើស១ម៉ឺននាក់ ក្នុងនោះឥណ្ឌូណេស៊ី មានជាង៤ម៉ឺននាក់ និងហ្វីលីពីនមានជាង១៣០០០នាក់។ កម្ពុជាមានអ្នកស្លាប់ទី២១ នៅថ្ងៃចន្ទនេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com