COVID-19
ជាតិ
រដ្ឋាភិបាលហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស​១៤ថ្ងៃ
06, Apr 2021 , 8:07 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ល្ងាចថ្ងៃអង្គារនេះ បាន​ចេញសេចក្តីសម្រេច​ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន​ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។



ការហាមឃាត់នេះ ធ្វើឡើង​ចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ពីភូមិសាស្ត្រ​នៃខេត្តមួយទៅខេត្តមួយទៀត។ ប៉ុន្តែ​ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបាន​ចាត់ទុកជា​តំបន់តែមួយ ដោយមិន​ស្ថិតក្នុងការហាមប្រាម​ចេញ-ចូលគ្នានោះឡើយ។

ការហាមឃាត់នេះ ត្រូវបាន​លើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដំណើរបំពេញ​ភារកិច្ច​របស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្ដដឹកសំរាម-កាកសំណល់ ការដឹកកម្មករទៅកន្លែងការងារ ការធ្វើដំណើររបស់ពលរដ្ឋទៅពេទ្យ និងការធ្វើដំណើរក្រោមមូលហេតុចាំបាច់ផ្សេង ដោយមានលិខិតស្នាម ឬឯកសារបញ្ជាក់។

រមណីយដ្ឋានទេសចរណ៍ទាំងអស់ទូទាំងប្រទេស ត្រូវបានតម្រូវឲ្យបិទរយៈពេល​១៤ថ្ងៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com