ជាតិ
អ្នកនិពន្ធ ម៉ៅ អាយុទ្ធ បាន​ទទួលមរណភាព​ដោយសារជំងឺកូវីដ-១៩
15, Apr 2021 , 8:20 pm        
រូបភាព
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន
 លោក ម៉ៅ អាយុទ្ធ ដែលជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​បាន​ទទួលមរណភាព​ដោយសារជំងឺកូវីដ-១៩ នា​ថ្ងៃទី​១៥​មេសា​ឆ្នាំ​២០២១នេះ នៅមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរសូវៀត​។ លោក ផុស សុវណ្ណ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ព័ត៌មាន និងសោតទស្សន៍នៃ​ក្រសួងព័ត៌មាន បានងបង្ហាញអារម្មណ៍​សោកស្ដាយ​ប្រាប់សារព័ត៌មានថ្មីៗ​តាម​ទូរសព្ទ​នាល្ងាចថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីជាន់ខ្ពស់​នៃក្រសួងព័ត៌មាន​ដដែល​បានបញ្ជាក់ថា ការបាត់បង់​លោក ម៉ៅ អាយុទ្ធ មិនគ្រាន់តែជាការបាត់បង់​សម្រាប់ក្រសួងព័ត៌មានប៉ុណ្ណោះទេ តែជា​ការ​បាត់បង់របស់ជាតិកម្ពុជា​ទាំងមូល។



លោក ម៉ៅ អាយុទ្ធ​ អាយុ ៧៧ឆ្នាំ បាន​ឆ្លង​ជំងឺកូវីដ-១៩ និងបាន​ចូលសម្រាកក្នុងមន្ទីរពេទ្យ​នៅថ្ងៃទី​៧​ខែមេសា។ ជាអ្នកនិពន្ធជើងចាស់ ជាកវី ជាផលិតករភាពយន្ត លោក ​ម៉ៅ អាយុទ្ធ បាន​ដឹកនាំរឿង នេសាទក្រពើ កាលពី១០ឆ្នាំមុន ធ្វើឱ្យកេរ្តិ៍លោក​ល្បីរន្ទឺ​បន្ថែមទៀត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​វ័យក្មេង។ 

អ្នកសារព័ត៌មាន និងអ្នកដឹកនាំភាពយន្ត​ សិល្បករ បាន​នាំគ្នា​សរសេរសាររំលែកទុក្ខ​ទាំងភ្ញាក់ផ្អើលចំពោះការ​បាត់បង់​លោក ម៉ៅ អាយុទ្ធ។ លោក មុត ថារី អ្នកដឹកនាំភាពយន្ត​មួយរូប​បាន​សរសេរនៅលើទំព័រហ្វេសប៊ុករបស់​លោកថា៖«ពិភពលោកសិល្បៈ​ទី​៧ បានបាត់បង់វីរៈ​អ្នកដឹកនាំរឿង ជាអ្នកនិពន្ធ​ដ៏ល្បីល្បាញមួយរូបទៀតហើយ។ លោកទៅ​ហើយ​  ទៅដោយ​មិនបានលាពួកយើង​មួយម៉ាត់ជាចុងក្រោយឡើយ។»។ 

លោករដ្ឋលេខាធិការ កឹម គុណវឌ្ឍន៍ វិញ​បាន​សរសេររៀបរាប់វណ្ណកម្មរបស់​លោក ម៉ៅ អាយុទ្ធ ជាបន្តបន្ទាប់ដូចជា រឿងទឹករាំ ផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្ដែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកន និងបច្ចុប្បន្ន​លោកកំពុង​ដឹកនាំរឿង កូនប្រុស ក្រោម​ពន្លឺព្រះចន្ទ ទៀតផង។ លោក កឹម គុណវឌ្ឍន៍ បានពិពណ៌នាពីអារម្មណ៍សោកស្ដាយរបស់ លោកយ៉ាង​ដូច្នេះ៖«គ្មានអ្វី​ដេលខ្ញុំ​សញ្ជឹងគិតយ៉ាង​ឆ្ងាយនៅវេលានេះ​ជាងពេលណាទាំងអស់។  រៀមច្បង​ដ៏សំខាន់ក្នុងវិស័យទូរទស្សន៍ជាតិ និងភាពយន្តរបស់​ខ្មែរ បាន​បណ្ដុះបណ្ដាល​អ្នកបន្តវេន​យ៉ាងច្រើន​លើសលប់ រួមមានទាំងរូបខ្ញុំ និង លោក លោកស្រីជាតារាភាពយន្តជាច្រើន។»។ 





© រក្សាសិទ្ធិដោយ thmeythmey.com