កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Juventus ថា ESL លែងដំណើរការក្រោយនៅសល់តែបីក្លិប តែ Perez ថា មិនស្លាប់ទេ
22, Apr 2021 , 11:04 am        
រូបភាព
លោក Andrea Agnelli ប្រធានក្លិប Juventus និយាយថាគម្រោង European Super League (ESL) មិនអាចដំណើរការបានទេ ក្រោយ AC Milan, Inter Milan និង Atletico Madrid បន្តដកខ្លួនចេញតាមក្លិបចំនួន៦នៅ Premier League។ បើទោះនៅសល់៣ក្លិប ប៉ុន្តែលោក Florentino Perez ប្រធានក្លិប Real Madrid អះអាងថា ESL មិនស្លាប់ទេ។

លោក Agnelli ជាស្ថាបនិកម្នាក់ក្នុងការបង្កើតគម្រោងពានរង្វាន់ថ្មី ESL ដែលដំបូងឡើយទទួលបានការគាំទ្រពីសំណាក់ក្លិបយក្សចំនួន១២ មកពីអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។ ប៉ុន្តែនៅពេលនេះ មានក្លិប៩ហើយបានដកខ្លួនចេញវិញ ក្រោយមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងជុំវិញការបង្កើតពាននេះ។ បច្ចុប្បន្ននៅសល់តែក្រុម Barcelona, Real Madrid និង Juventus ប៉ុណ្ណោះដែលនៅរក្សាជំហររបស់ខ្លួននៅឡើយ។
 
យ៉ាងណាក៏ដោយ បើទោះ Juventus មិនទាន់ប្រកាសចាកចេញ ប៉ុន្តែលោក Agnelli ដែលជាប្រធានក្លិបយក្សអ៊ីតាលីមួយនេះនិយាយថា ESL មិនអាចកើតឡើងបានទេ ក្រោយ៩ក្លិបបានបដិសេធមិនចូលរួមវិញ។
 
«ខ្ញុំនៅតែជឿជាក់លើភាពល្អឥតខ្ចោះនៃគម្រោង ESL ដែលអាចជួយអភិវឌ្ឍនការប្រកួតប្រជែងល្អបំផុតក្នុងវិស័យបាល់ទាត់លើពិភពលោក ប៉ុន្តែជាក់ស្តែងពេលនេះគឺមិនអាចទេ»។ ខ្ញុំគិតថាគម្រោងនេះ មិនអាចដំណើរការបានទេ»។ ប្រធានក្លិបសេះបង្កង់សញ្ជាតិអ៊ីតាលីបន្ថែមដូច្នេះ។ 
 
លោក Agnelli បានលាលែងពីតំណែងប្រធានសមាគមក្លិបអឺរ៉ុប (ECA) កាលសប្តាហ៍មុនជុំវិញរឿងរ៉ាវ ESL នេះ ពោលក្រោយលោកត្រូវបានប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin រិះគន់ថាជាពស់ និងជាមនុស្សកុហក់។ លោក Nasser Al-Khelaifi ប្រធានក្លិប Paris St-Germain ដែលជាអ្នកប្រឆាំងគម្រោង ESL ឡើងកាន់តំណែង ECA វិញ។
 
សម្រាប់លោក Perez ជាប្រធាន និងជាអ្នកសកម្មជាងគេសម្រាប់គម្រោង ESL នៅតែជឿជាក់ថាពានរង្វាន់អឺរ៉ុបថ្មីនេះមិនស្លាប់នោះទេ បើទោះមានក្លិប៣បន្ថែមទៀតបន្តចាកចេញក៏ដោយ។
 
ប្រធានក្លិបស្តេចសរ និងជាមហាសេដ្ឋីសញ្ជាតិអេស្ប៉ាញ បានប្រាប់កម្មវិធីវិទ្យុអេស៉្បាញ El Larguero ថា៖ «គម្រោងនេះគឺកំពុងដំណើរការ យើងនឹងបន្តធ្វើការលើរឿងនេះទៀត។ ខ្ញុំជឿជាក់ថាប្រសិនបើគម្រោងនេះមិនដំណើរការ គម្រោងស្រដៀងគ្នានេះនឹងកើតឡើងមួយទៀត»៕
 

Tag:
 European Super League
  Andrea Agnelli
© រក្សាសិទ្ធិដោយ thmeythmey.com