COVID-19
ជាតិ
អាជីវករ អាចប្រើប្រាស់ទឹក ភ្លើង និង ទីតាំងក្នុង «ផ្សារណាត់ជ្រោយចង្វារ» ដោយឥតគិតថ្លៃ
24, Apr 2021 , 1:59 pm        
រូបភាព
ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ
ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ស្របពេលផ្សារជាច្រើនក្នុងខណ្ឌជ្រោយចង្វារ និងផ្សារជាច្រើនទៀតក្នុងរាជធានីភ្នំពេញ បានផ្អាកដំណើរបណ្តោះអាសន្ន អភិបាលខណ្ឌជ្រោយចង្វារបានបង្កើត«ផ្សារណាត់ជ្រោយចង្វារ» ដើម្បីសម្រួលដល់ពលរដ្ឋ ដែលមានតម្រូវការចាំបាច់ក្នុងការទិញម្ហូបអាហារ ត្រី សាច់ និងបន្លែ។ លើសពីនេះ ក៏មានផ្តល់ជូនការប្រើប្រាស់ទឹក ភ្លើង និងទីតាំង ដោយឥតគិតថ្លៃជូនអាជីវករផងដែរ។



ផ្សារណាត់ជ្រោយចង្វារ បើកដំណើរការនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ការបើកដំណើរការនេះ លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ សហការជាមួយក្រុមហ៊ុន OCIC ផ្តល់ទីតាំង ទឹក និងភ្លើង ដល់អាជីវករ ដែល់ដូរក្នុង«ផ្សារណាត់ជ្រោយចង្វារ» ប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្រៅពីនេះ ក៏មានការរួមសហការផ្គត់ផ្គង់ស្បៀងអាហារ ត្រី សាច់ បន្លែ ដោយលោក ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន JET’S GROUP ដែរ។


ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ 

ការបង្កើត «ផ្សារណាត់ជ្រោយចង្វារ»នេះ គឺជាយន្តការមួយដើម្បីដោះស្រាយ និងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ដែលមានតម្រូវការចាំបាច់ក្នុងការទិញម្ហូបអាហារ ត្រី សាច់ បន្លែ អង្ករ មី និងអាហារបម្រុងផ្សេងៗ ក្នុងខណ្ឌជ្រោយចង្វារ។ 
 
លើសពីនេះ ពលរដ្ឋដែលមិនចង់ចេញក្រៅផ្ទះទៅទិញម្ហូបអាហារ ក៏អាចបញ្ជាទិញម្ហូបអាហារពីផ្សារណាត់ជ្រោយចង្វារបានដែរ តាមរយៈលេខទូរសព្ទ៖ ០១០ ៦៥៦ ៧០៥/ ០១០ ៦៥៦ ២៤៥ និង ០១១ ៦១ ៩៤ ៦៣/០៦១ ៨៤៥ ៤២៣។ 
 
លោក ឃ្លាំង ហួត បានថ្លែងថា «ផ្សារណាត់ជ្រោយចង្វារ» គឺបង្កើតឡើងក្នុងកាលៈទេសៈរាជធានីភ្នំពេញទាំងមូលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក បន្តថា ការបង្កើតផ្សារណាត់ជ្រោយចង្វារ គឺដើម្បីកាត់បន្ថយការធ្វើចរាចររបស់ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ចេញទៅមូលដ្ឋានខណ្ឌដទៃ។
សូមជម្រាបថា ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ ផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ ក៏ត្រូវបានផ្អាកដំណើរផងដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕


ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ 

 ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ 


Tag:
 Thmeythmey
  កូវីដ-១៩
  ផ្សារណាត់ជ្រោយចង្វារ
  រដ្ឋបាលខណ្ឌជ្រោយចង្វារ
© រក្សាសិទ្ធិដោយ thmeythmey.com