ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រឿង​​៦​យ៉ាង​​​​ដែល​នារី​មិន​គួរ​តាម​តែ​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់​
24, Apr 2021 , 6:59 pm        
រូបភាព
នារី​ៗ​ភាគច្រើន​មិនសូវ​ជា​ងាយ​ដាក់ចិត្ត​ស្រលាញ់​មនុស្ស​ប្រុស​ណា​ម្នាក់​ងាយ​ៗ​ទេ ប៉ុន្តែ​បើ​នាង​ស្រលាញ់​ហើយ មានរឿង​ជា​ច្រើន​ដែល​នារី​ៗ​នឹង​ហ៊ាន​ធ្វើ​ដើម្បី​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់​បាន​។ ប៉ុន្តែ​ករណី​មួយ​ចំនួន នាង​មិន​គួរ​ធ្វើ​តាមតែ​ចិត្ត​មិត្ត​ប្រុស​គ្រប់ពេល​នោះ​ឡើយ​។

 
១. កែប្រែ​ទម្លាប់​ល្អ​របស់​ខ្លួនឯង
 
សកម្ម​ភាពល្អ​ៗ​ដែល​មិត្ត​នារី​តែង​ធ្វើ​ជា​ចំណែក​មួយ​ក្នុង​ជីវិត​របស់​នាង​តាំង​តែ​ពី​ដើម​រៀង​មក​។ វា​ជា​ទម្លាប់​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​មាន​ភាព​ស្រស់បំព្រង​។ នៅ​ពេល​មនុស្ស​ប្រុស​ណា​ម្នាក់​ចង់​ផ្លាស់​ប្ដូរ​អត្ត​ចរិតល្អ​របស់​នាង​ចេញ គឺ​មាន​ន័យ​ថា​រូបគេ​មិន​ឲ្យ​តម្លៃ និង​គោរព​ស្រលាញ់​អ្នក​ដោយ​ចិត្ត​ស្មោះ​ឡើយ​។ វា​ជា​រឿង​សំខាន់​មួយ​ដែល​មនុស្ស​ស្រី​មិន​គួរ​ដាក់ចិត្ត ដាក់​កាយ លើ​មនុស្ស​ប្រុស​ណា​ដែល​មិន​ចេះ​ឲ្យ​តម្លៃ​នាង និង​មិន​គោរព ការងារ ឬ​វេលា​របស់​នាង​ជាដើម​។ ផ្ទុយ​ទៅ​វិញ មិត្ត​នារី​គួរ​ស្វែងរក​មនុស្ស​ប្រុស​ណា​ម្នាក់ ដែល​ជឿជាក់ និង​ឲ្យ​តម្លៃ​លើ​ចរិយា​មារយាទ​នាង​ផ្ទាល់ ទោះបី​វា​ត្រូវការ​ពេលវេលា​យូរ ប៉ុន្តែ​មនុស្ស​ប្រុស​បែប​នោះ​ប្រាកដជា​មាន​។
 
២. គេ​ចង់​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​រូបរាង​ខាងក្រៅ
 
វា​ជា​រឿង​ល្អ​មួយ​សម្រាប់​មិត្ត​ស្រី​ចង់​តែងខ្លួន​ឲ្យ​បាន​ស្អាតបាត​សមរម្យ​ដើម្បី​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់​។ វា​មិនមែន​ជា​បញ្ហា​អ្វី​ទេ ដោយ​គ្រាន់តែ​ស៊ីពេល​បន្តិច ក្នុង​ការ ធ្វើ​សក់ ផាត់មុខ ពេល​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្ត​ប្រុស​។ ប៉ុន្តែ​ករណី​មិត្ត​ប្រុស​សុំ​ឬ​ជា​ការ​បង្ខំ​ឲ្យ​អ្នក​ត្រូវ​តែ​ស្លៀកពាក់ ឲ្យ​ត្រូវចិត្ត​គេ កាត់សក់​តម្រូវ​ចិត្ត​គាត់ ឬ​វះកាត់​កែ​សម្ផស្ស តម​អាហារ​នោះ គឺ​បង្ហាញ​ថា​គាត់​មិនសូវ​ជា​ស្រលាញ់​អ្នក​ស្មោះ​ទេ​។ បើ​មាន​នរណា​ម្នាក់ បង្ហាញ​ពី​ចិត្ត​គេ​ថា​អ្នក​ស្អាត បើ​ទោះជា​អ្នក​នៅ​ក្នុង​របៀប​បែប​ណា​ក៏​ដោយ នោះ​ហើយ​គឺជា​ស្នេហា​ពិត​សម្រាប់​អ្នក​។
 
៣. តម​អាហារ​ខ្លួនឯង
 
ពេល​មាន​ស្នេហា​មនុស្ស​ស្រី​អាច​នឹង​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​ចង់បាន​របស់​មិត្ត​ប្រុស សូ​ម្បី​តែ​រឿង​សម្រក​ទម្ងន់​ឲ្យ​ដូច​ម៉ូ​ដែល​ក៏​នាង​ហ៊ាន​ព្រម​។ ប៉ុន្តែ​គួរ​ចាំ​ថា អ្នក​មិនមែន​តារា​ម៉ូ​ដែល​ឯណា? អ្នក​គឺ​អ្នក ជា​មនុស្ស​ស្រី​ដែល​ស្អាត​សម្រាប់​ខ្លួន​អ្នក ដូចនេះ​អ្នក​មិន​គួរ​ត្រូវ​មិន​ញ៉ាំ​អាហារ​ព្រឹកល្ងាច​ឲ្យ​ស្រក​រាង​តាមតែ​ចិត្ត​គេ​នឹកឃើញ​នោះ​ទេ​។ ការ​ហាត់ប្រាណ ញ៉ាំ​គ្រប់គ្រាន់ គេង​គ្រប់គ្រាន់ គឺជា​ការ​រក្សា​ទម្ងន់​របស់​អ្នក បើ​ការ​ស្រលាញ់​របស់​បុរស​ម្នាក់​ចូល​ចិត្ត​អ្នក ដូច​ទៅ​នឹង​អត្ថន័យ​នៃ​បទ​ចម្រៀង “Just The Way You Are” របស់​លោក Bruno Mars នោះ​ហើយ​គឺជា​ការ​ស្រលាញ់​ពិត​។
 
៤. គេ​ចង់​ឲ្យ​អ្នក​ធ្វើ​តាមតែ​ចិត្ត​គេ​គ្រប់ពេល
 
បុរស​និង​នារី បើ​ទោះជា​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​គឺ​មាន​សិទ្ធ​ស្មើគ្នា​និង​ភាព​ឯករាជ្យ​ដូច​គ្នា​។ ជា​គូសង្សារ​អាច​មានចិត្ត​ដូច​គ្នា និង​ចេះ​សម្របសម្រួល​តាម​គ្នា​បាន​ច្រើន ប៉ុន្តែ​បើ​ខាង​បុរស​ចង់​ឲ្យ​មិត្ត​នារី​ម្នាក់​ធ្វើ​តាមតែ​ចិត្ត​រហូត ទោះបី​នាង​ស្រលាញ់​បុរស​នោះ​ខ្លាំង​យ៉ាងណា​ក៏​ដោយ តែ​មិន​គួរ​ឲ្យ​គេ​គ្រប់គ្រង​ជីវិត​រហូត ហើយ​ពាក្យ​សម្ដី​របស់​គាត់​មិនមែន​ជា​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាង​ធ្វើ​តាម​រហូត​នោះ​ទេ​…​ព្រោះ​ម្នាក់​ៗ​គឺ​មាន​សិទ្ធ​ស្មើគ្នា​។
 
៥. លាក់​ការ​ចេះ​ដឹង​របស់​ខ្លួន
 
ពិត​ណាស់ នារី​មួយ​ចំនួន​អាច​មានចំណេះ​ដឹង​ច្រើន​ជា​បុរស មិន​ថា​តែ​រឿង​ជួសជុល​ម៉ូតូ ពេល​មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ នាង​អាច​នឹង​យល់​ដឹង​ច្រើន​ជាង​មិត្ត​ប្រុស​ខ្លួន​។ ប៉ុន្តែ​មិត្ត​នារី​ទាំងនោះ តែង​គិត​ថា ការ​ធ្វើ​មិនដឹង​មិន​យល់​ពី​អំពី​កិច្ចការ​នោះ អាច​ជា​ការ​ទាក់ទាញ​មួយ​ពី​ការ​ជួយ​ពី​មិត្ត​ប្រុស​ៗ​។ ប៉ុន្តែ​នោះ​មិនមែន ទាំង​អស់នោះ​ទេ បុរស​ៗ​មួយ​ចំនួន​គឺ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​រឹងប៉ឹង ចេះ​សព្វបែបយ៉ាង​ទៅ​វិញ ទោះបី​មនុស្ស​ប្រុស​ភាគច្រើន​ចូល​ចិត្ត​ក្លាយជា​តួអង្គ​ជិះ​សេះស​ជួយ​ស្រី​ស្អាត ប៉ុន្តែ​គេ​ក៏​ពេញចិត្ត​មនុស្ស​ស្រី​មានចំណេះ​ដឹង​ទូលំទូលាយ​ច្រើន​ដែរ ដែល​ជា​ហេតុ​ឲ្យ​មនុស្ស​ស្រី​មិន​គួរ​លាក់​ការ​ចេះ​ដឹង​របស់​ខ្លួន​នោះ​ទេ​។
 
៦. បោះបង់​ចោល​បំណងប្រាថ្នា​របស់​ខ្លួន
 
ពេល​មាន​ទំនាក់ទំនង​ស្នេហា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួន​ទៅ​តាម​មនុស្ស​ដែល​អ្នក​ស្រលាញ់​នោះ​ទេ​។ គេ​អាច​ពេញចិត្ត​គាំទ្រ​ឬ​មួយ​មិន​យល់​ស្រប​នឹង​ក្ដី​បំណង​របស់​អ្នក​ដោយ​មាន​ហេតុផល ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ បើ​គេ​អាច​នឹង​គាំទ្រ​ជួយ​លើកទឹកចិត្ត​អ្នក​ឲ្យ​សម្រេច​ក្ដី​ប្រាថ្នា​នោះ នោះ​ហើយ​ទើប​ជា​ការ​ស្រលាញ់​ពិត​។ ដូចនេះ កុំ​បោះបង់​ចោល បើក​អាជីវកម្ម ទៅ​រៀន​ត​ថ្នាក់អនុបណ្ឌិត ទៅ​រត់​ម៉ា​រ៉ា​តុង​ហាលថ្ងៃ​ក្ដៅ ទៅ​ចូលរួម​ស្ម័គ្រចិត្ត​ការងារ​សង្គម ទៅ​ប្រលង​ចម្រៀង អ្នក​នឹង​អាច​ធ្វើ​បាន ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com