ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គូស្នេហ៍​ថ្មី​ថ្មោង​គួរ​ឆ្លើយ​សំនួរ៧ មុន​សម្រេច​ចិត្ត​យក​កូន
25, Apr 2021 , 6:59 am        
រូបភាព
រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ រួច​បង្កើតកូន​ជា​ចំណងដៃ​ស្នេហា​ដើម្បី​កសាង​សុភមង្គល ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​។ ទោះ​យ៉ាងណា វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​បង្កើតកូន​ហើយ ត្រូវ​ចំណាយពេល​មើលថែ និង​គិត​ពី​អនាគត​របស់​ពួក​គេ​។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​មានការ​ស្ទាក់ស្ទើរ​ស្ដាយក្រោយ គួរ​សាកល្បង​គិត​ពី​សំនួរ​ទាំង​៧ នេះ​ជា​មុន​សិន​៖

 
១. តើ​អ្នក​ទាំង​ពីរ​មាន​គម្រោង​ច្បាស់លាស់​ឬទេ?
 
មាន​ផ្ទៃពោះ​ពិតជា​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​រីករាយ​ញញឹម​បិទ​មាត់​មិន​ជិត ប៉ុន្តែ​ត្រូវ​គិត​ពី​អនាគត​ឲ្យ​បាន​ច្បាស់លាស់​ផង​។ អ្នកមាន​ចំណេះដឹង​ជា​ម្ដាយ​ឪពុក​ប៉ុណ្ណា ហើយ​ត្រៀមខ្លួន​ធ្វើ​ជា​ឪពុក​ម្ដាយ​រួចរាល់​ឬ​នៅ? នេះ​ជា​អ្វី​ដែល​ត្រូវ​គិត មុន​ពេល​សម្រេចចិត្ត​យក​កូន​។
 
២. ដឹង​ច្បាស់​ថា​ខ្លួនឯង​ជា​ឪពុក​ម្ដាយ​បែប​ណា​ហើយ​ឬ​នៅ?
 
តើ​អ្នក​ចូល​ចិត្ត​ឪពុក​ម្ដាយ​ដែល​តឹងតែង​ដើម្បី​អប់រំ​កូន​ឲ្យ​ខ្លាច​ហើយ​ធ្វើ​តាម ឬ​ចូល​ចិត្ត​ឪពុក​ម្ដាយ​ដែល​ស្លូតបូត​ឲ្យ​កូន​គោរព​ហើយ​ស្ដាប់បង្គាប់? ប្រសិនបើ​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ទាំង​ពីរ​ដូច​គ្នា នោះ​ជា​រឿង​ល្អ​បំផុត ប៉ុន្តែ​បើ​ផ្ទុយ​វា​អាច​បង្ក​ឲ្យ​កើតជា​ជម្លោះ​។ គួរ​ពិភាក្សា​គ្នា រក​ដំណោះស្រាយ​ជា​មុន​។
 
៣. អាច​បញ្ឈប់​ការ​ឈ្លោះ​ទាស់ទែង​គ្នា​បាន​ឬទេ?
 
នៅ​ក្មេង​ចិត្តខ្លាំង តែង​បង្ក​ជា​ជម្លោះ​ញឹកញាប់ បើ​ទោះបី​ស្រលាញ់​គ្នា​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​បើ​សម្រេចចិត្ត​ថា​យក​កូន​ហើយ គួរ​បញ្ឈប់​ការ​ឈ្លោះ​ទាស់ទែង​គ្នា ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​កូន​។
 
៤. អាច​ទទួលយក​បាន​ឬ​អត់?
 
ត្រូវ​ជម្រុះ​ទម្លាប់​អាក្រក់​ចោល ដើម្បី​ថែរក្សា​គភ៌​ក្នុង​ផ្ទៃ​រហូត​ដល់​ពេល​ប្រសូត ត្រូវ​ជម្នះ​ការ​ឈឺចាប់​នៅ​ពេល​ផ្ដល់​កំណើត ត្រូវ​ត្រៀមខ្លួន​នឿយហត់​គ្រប់​បែប​យ៉ាង ត្រូវ​ស្ដាប់​សំឡេង​កូន​យំ​រាល់ថ្ងៃ​…​។ អ្វី​ទាំង​អស់នេះ តើ​អ្នក​អាច​ធ្វើ​បាន​ឬទេ?ប្រសិនបើ​ធ្វើ​បាន ចាំ​សម្រេចចិត្ត​ថា​គួរ​យក​កូន ឬ​អត់​។
 
៥. មាន​លុយកាក់​គ្រប់គ្រាន់​ឬ​នៅ?
 
គូស្នេហ៍​ពីរ​នាក់​ដែល​រៀប​ការ​រួច សុទ្ធតែ​ជា​កម្លាំង​ស្នូល​រក​ទ្រព្យ​ចូល​គ្រួសារ ប៉ុន្តែ​នៅ​ពេល​មានកូន ចំណូល​ត្រូវ​ធ្លាក់​ចុះ​ឯ​ចំណាយ​មាន​កាន់តែ​ច្រើន​។ ពេល​ខ្លះ​ភាគី​ខាង​ស្រី ត្រូវ​លាឈប់​ពី​ការ​ការងារ ដើម្បី​ចំណាយពេល​ចិញ្ចឹម​កូន ទុក​ឲ្យ​ប្ដី​រក​ចំណូល​ម្នាក់ឯង​។ ដូចនេះ​ត្រូវ​គិត​ជា​មុន​ថា អ្នកមាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​ទេ ហើយ​បុរស​ជា​មេ​គ្រួសារ​អាច​រក​ចំណូល​ម្នាក់ឯង​គ្រប់គ្រាន់​ឬ​អត់?
 
៦. តើ​គំនិត​ចង់បាន​កូន​ស្របគ្នា​ឬទេ?
 
ពេល​ខ្លះ​ភាគី​ម្ខាង​ចង់បាន​កូន​ឆាប់ ឯ​ភាគី​ម្ខាង​ទៀត​ហាក់​ស្ទាក់ស្ទើរ មិន​ទាន់​ចង់បាន​នៅឡើយ​។ ប្រសិនបើ​ភាគី​ម្ខាង​ជំទាស់ គួរ​ពិភាក្សា​គ្នា​រង់ចាំ​រហូត​ដល់​គំនិត​នោះ​ស្របគ្នា ចាំ​សម្រេចចិត្ត​យក​កូន​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ សុភមង្គល​ដែល​ធ្លាប់​រំពឹង​ទុក មិន​អាច​កើតឡើង​បាន​ឡើយ​។
 
៧. អាច​ផ្លាស់​ប្ដូរ​ទម្លាប់​លើ​គ្រែ​បាន​ឬទេ?
 
ជា​ដំណឹង​ល្អ​ពេល​គូស្នេហ៍​គ្រប់​រូប​ដឹង​ថា​ខ្លួន​នឹង​ក្លាយជា​ឪពុក​ម្ដាយ ប៉ុន្តែ​ក៏​អាច​ជា​បញ្ហា​មួយ​ដែរ​សម្រាប់​ជីវិត​លើ​គ្រែ​របស់​ពួក​គេ​។ ពេល​ពពោះ​ជីវិត​ផ្លូវភេទ​នឹង​ត្រូវ​កាត់​បន្ថយ ឯក្រោយ​ពេល​បង្កើត​នឹង​ត្រូវ​កាត់​ផ្ដាច់​មួយ​រយៈ​។ នេះ​អាច​ជា​រឿង​តូច​សម្រាប់​គូស្នេហ៍​មួយ​ចំនួន​ដែល​អាច​ទទួលយក​បាន ប៉ុន្តែ​បុរស​ខ្លះ​ឆ្លៀតពេល​នេះ​ផិតក្បត់​ព្រោះ​ទ្រាំ​មិន​បាន​។ ដូចនេះ​បើ​គិត​ថា មិន​ទាន់​ផ្លាស់​ប្ដូរ​ទម្លាប់​នេះ​បាន ១០០​ភាគរយ​ទេ គួរ​កុំ​ទាន់​គិត​រឿង​យក​កូន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com